ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយ ដែលបណ្តាលឲ្យបុរសពីរនាក់ បានរងរបួសធ្ងន់ធ្ងរ
ខណៈដែលពួកគេជិះម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង កាលពី វេលាម៉ោង ២១ និង ៣០ នាទីយប់
ថ្ងៃទី ១១ ខែមករាឆ្នាំ២០១៣ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខក្រសួងមហាផ្ទៃ ក្នុង
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ទាក់ទិននឹងករណី គ្រោះថ្នាក់ចរាចរខាងលើនេះ គឺមុនពេលកើតហេតុ គេសង្កេតឃើញបុរសម្នាក់
វ័យជាង ៣០ ឆ្នាំបានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម មួយគ្រឿង តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុង
ទិសដៅពីត្បូងទៅជើង លុះចំណុចភ្លើងស្តុប ជិតក្រសួងមហាផ្ទៃ ស្រាប់តែមានបុរសម្នាក់ទៀត វ័យ
២០ ឆ្នាំបានជិះម៉ូតូ SL មួយ គ្រឿង ពណ៌ខ្មៅ ជិះពីលិចទៅកើត រហូតមកដល់ភ្លើងស្តុប មិនបាន
បន្ថយល្បឿន ក៏ជ្រុលចង្កូតគ្នាជាមួយនិងម៉ូតូសង់កូរ៉េពេញទំហឹង លាន់ឮសូរដូចរន្ទះ ដែលបណ្តាល
ឲ្យម្ចាស់ម៉ូតូ SL ដួលបោកក្បាលទៅនឹងកខឿនថ្នល់ រងរបួសធ្ងន់ធ្ងរ និងម្ចាស់ម៉ូតូសង់កូរ៉េ ដួលបោក
ខ្លួនទៅនឹងថ្នល់សន្លប់ ស្តូកស្តឹង មួយសន្ទុះទើប ដឹងខ្លួនវិញ ត្រូវសមត្ថកិច្ច ចាប់យកទៅទីស្នាក់ការ
ប៉ុស្តិ៍។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវរងការខូចខាតមួយផ្នែកម្នាក់ ។
សមត្ថកិច្ចមូលដ្ឋាន និងនគរបាលខណ្ឌចំការមន បានសហការជាមួយ នគរបាលជំនាញ ចុះវាស់វែង
នាំយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល