CamNews

ខេត្តក្រចេះរបស់ខ្ញុំ

រដូវរំហើយបានមកដល់ ធ្វើឲ្យដួងចិត្តរបស់ខ្ញុំកាន់តែនឹករឮកទៅដល់ទឹកដីដែល​បានផ្តល់​
កំណើតដល់រូបខ្ញុំ។ ទឹកដីនោះមានឈ្មោះថា ខេត្តក្រចេះ ដែលជាទឹកដីសម្បូរ​ទៅដោយ​
សម្បត្តិធនធានគ្រប់បែបយ៉ាង។ បើយើងធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ទីនោះ យើង​
ត្រូវចំណាយ​ពេលប្រហែលប្រាំពីរទៅប្រាំបីម៉ោង ហើយខណៈពេលដែលយើងធ្វើដំណើរ
តាមរថយន្ត យើងអាចចោលភ្នែកសម្លឹងមើលទៅទេសភាពដ៏​ស្រស់ញញឹម​ពណ៌បៃតងខ្ចី​
ចាស់យ៉ាងសប្បាយរីករាយ។ ការធ្វើដំណើរយើងត្រូវឆ្លងកាត់ខេត្តកំពង់ចាមទើបទៅដល់
ខេត្តក្រចេះ ប៉ុន្តែយើងត្រូវបន្តធ្វើដំណើរចេញពីទីរួមខេត្តទៅមុខទៀត។

ចម្ងាយប្រមាណជាបីគីឡូម៉ែត្រចេញពីទីរួមខេត្តយើងនឹងទៅដល់ភូមមួយឈ្មោះភូមិថ្មគ្រែ
ដែលជាទឹកដីល្បីថាមានក្រឡានឆ្ងាញ់ជាប់ចិត្ត ជាមួយនឹងណែមវេចខ្ចប់ដោយ​ស្លឹក​ចេក​
ប្រកបដោយអនាម័យ លើសពីនេះទៅទៀតគឺភាពរួសរាយរាក់ទាក់ និងទឹកមុខញញឹម​
របស់អ្នកលក់គួរឲ្យចង់ទិញ។ ទៅមុខបន្តិចទៀតយើងក៏ឃើញមានភ្នំមួយនៅខាងស្តាំដៃ
មានកំពូលពីរ មានដើមឈើដុះព័ទ្ធជុំវិញយ៉ាងស្រោងស្រាង មានពណ៌បៃតង​ស្រងាត់​
ដែលជាជម្រកនៃហ្វូងបក្សីផងដែរ។ ការធ្វើដំណើរនេះនៅតែប្រព្រឹត្តទៅមុខជានិច្ច ប្រហែលជាពីរគីឡូម៉ែត្រទៀតយើងប្រាកដជាបានទស្សនានូវរម្មណីយដ្ឋានពីរដែលនៅ
ក្បែរគ្នាគឺអន្លង់ផ្សោត និងព្រែកកាំពីរ។ ទាំងពីរនេះជារម្មណីយដ្ឋានដែលមានទេសភាព
ស្រស់បំព្រង ដែលវាស្ថិតនៅខាងឆ្វេងដៃនៅតាមដងទន្លេមេគង្គតែម្តង។ មានមនុស្សរាប់
ពាន់​នាក់ទៅកម្សាន្តនៅទីនោះនារដូវទឹកស្រក។ តែយើងត្រូវបន្តធ្វើដំណើរទៅមុខបន្តិច
ទៀត ហើយទៅដល់កំពុងចម្លងមួយឈ្មោះថា កំពង់ចម្លងកាកុដ យើងត្រូវឈប់នៅទីនោះ
ហើយក៏ត្រូវជិះទូកដរវិញម្តង។

ទូកដរឆ្លងពីត្រើយខាងកើតទៅត្រើយខាងលិចទៅវិញទៅមកជារៀងរាល់ថ្ងៃ ដើម្បីចម្លង
អ្នកដំណើរ​ទៅគោលដៅរៀងៗខ្លួន។ ពេលនោះទូកដឬក៏បាន​បំពេញតួនាទី​របស់ខ្លួន​ធ្វើ
ដំណើរ​ទៅត្រើខាងលិច វាបានរត់នៅលើផ្ទៃទឹកយឺតៗ ធ្វើឲ្យអារម្មណ៍របស់​អ្នកនៅក្នុង
ទូក​ទាំងអស់បានធូរស្បើយពីទុក្ខកង្វល់នានា ព្រោះបានសប្បាយរីករាយជាមួយនឹងខ្យល់
បក់រំភើយៗ ព្រមទាំងបានគយគន់មើលទិដ្ឋភាពដែលមានលើផ្ទៃទឹកដ៏ធំធេងទៀតផង។
ទូកដរនោះគឺសម្តៅទៅទឹកដីភូមិកំណើតខ្ញុំផ្ទាល់ដែលស្ថិតនៅត្រើយខាងលិចនៃទីរួម
ខេត្តក្រចេះ គឺភូមិព្រែកគ្រៀង ស្ថិតនៅក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ។

ថ្ងៃលិចនៅខេត្តក្រចេះ
ខណៈពេលដែលយើងស្ថិតនៅលើទូកដរ ហើយយើងក្រលែកមើលទៅត្រើយខាងលិច
គឺយើងអាចមើលឃើញនូវរុក្ខជាតិតូចធំជាច្រើន ហាក់បីដូចជាភ្នំដែលដុះជាប់ៗគ្នាយ៉ាង
ដូច្នោះ។ ម្យ៉ាងទៀតយើងឃើញកំពូលព្រះវិហារដ៏ខ្ពស់សន្លឹម​ស្រួចៗលេច​ឡើងតាមចុង
ព្រឹក្សានាកណ្តាលភូមិ។ កំពុងគយគន់យ៉ាជក់ចិត្តទុកដរក៏បានមកដល់កំពង់ដាដែលជា
សញ្ញាប្រាប់ថា​យើងបានមកដល់គោលដៅហើយ នៅពេលនោះសម្លេងរបស់អ្នក​រត់ម៉ូតូ​
ក៏មកដល់ដែរ។ អ្នកដំណើរទាំង អស់ក៏បែកគ្នា អ្នកខ្លះទៅនេះ អ្នកខ្លះទៅនោះ។ ចំណែក
ខ្ញុំវិញក៏បាន​ឡើងម៉ូតូឌុបដើម្បី​ទៅឲ្យដល់គេហដ្ឋានជួបជុំពុកម៉ែបងប្អូន។ នៅតាមផ្លូវដែលក្រាលដោយគ្រួសក្រហមឆ្អិនឆ្អៅ ងមដោយផ្ទះបងប្អូន​នៅក្នុងភូមិទាំងសង​
ផ្លូវដែលផ្ទះខ្លះ​មានសភាពទ្រុឌទ្រោម ផ្ទះខ្លះក៏ទើបនឹងសាងសង់ថ្មី មានផ្ទះតូច ផ្ទះធំ ប្រក់​
ដោយក្បឿង ឬស្បូវ ទៅតាមជីវភាពនៃគ្រួសារនីមួយៗ។ ទិដ្ឋភាពនៅក្នុភូមិគឺមានភាពស្រស់
បំព្រង មានខ្យល់អាកាសត្រជាក់ ល្អបរិសុទ្ធធ្វើឲ្យមានផាសុកភាព និងមានអារម្មណ៉ស្រស់
ថ្លា។ អ្នកស្រុកភុមិខ្ញុំជាមនុស្សដែលចេះជួយទុក្ខធុរៈ ចេះសួរសុខទុក្ខ នឹករឮកគ្នាណាស់
មិនចេះប្រកាន់រើសអើងចំពោះអ្នកណានោះទេ។ បើនិយាយពីគំនិតវិញពួកគេសុទ្ធតែមានជំនាញមិនចាញ់គ្នាឡើយនៅតាមផ្ទះនីមួយៗគ្មាន
គ្រួសារណាដែលថាគ្មានដំណាំអ្វីសោះនោះទេ។ ផ្ទះខ្លះសម្បូរទៅដោយដំណាំហូបផ្លែ មាន
ចេក ដូង ស្វាយ ក្រូចពោធិ៍សាត់ ក្រូចថ្លុង ទៀប ល្ហុង ខ្នុរ.....និងផ្លែឈើជាច្រើនមុខទៀត
ដែល​ដុះត្រៀបត្រាជុំវិញផ្ទះបង្កបានជាម្លប់យ៉ាងត្រជាក់ល្ហឹម។

រុក្ខជាតិនានាដេលដុះនៅក្នុងផ្ទៃទន្លេត្រូវបានលិចលង់នៅក្រោមផ្ទៃទឹក។ ប៉ុន្តែខណៈនោះ
យើង ក៏បានឃើញនូវជីវិតរបស់សត្វផ្សោតផងដែរ។ ព្រោះថាខត្វផ្សោតទាំអស់នោះ វាអាច
ចេញពីអន្លង់របស់វាបានតែនៅរដូវវស្សារតែប៉ុណ្ណោះ។ ពួកវាស្វែងរកចំណីដោយចាប់ត្រីស៊ី
ជាអាហារ វាបានផុសឡើងឮសូរស៊ឺតៗ ពេលខ្លះពួកវាប្រដេញ ប្រឡែងគ្នាក៏មាន មើលទៅ
ដូចជាអ្នកសម្តែងសៀកដែលពួកយើងគ្រប់គ្នាកម្រនឹងបានជួបប្រទះ។ នៅក្នុទឹកទន្លេដដែលវាបានប្រែទេសភាពប្លែកពីពេលមុន ទឹកស្រកមើលឃើញរុក្ខជាតិនានា មានដុះដីខ្សាច់ពាសពេញផ្ទៃទន្លេ ខ្លះតូច ខ្លះធំ ហើយវែងៗ ស្ទើរតែធ្វើឲ្យទឹកទន្លេគោកទៅ
ហើយ។ នៅលើដីខ្សាច់នោះមានដើមឈើជាច្រើនប្រភេទមានទាំងដើមរីដែលដុះជាគុម្ពៗ
ដើមពោធិ៍ ដើមជ្រៃក៏មាន ហើយកន្លែងខ្លះទៀតមានស្មៅដុះទាបៗ មើលទៅហាក់ បីដូចជា ទីលានបាល់ទាត់។ នៅក្នុងទឹកត្រង់កន្លែងខ្លះមានផ្ទាំងថ្មធំៗ ផុតចេញពីទឹកក៏មាន នៅលឹមៗ
ក៏មាន យើងអាចមើលអ្វីដែលមាននៅក្នុងទឹកបានយ៉ាងច្បាស់ព្រោះថាទឹកនៅខែនោះថ្លា
យង់ អាចឆ្លុះមើលមុខបានសឹងតែដូចកញ្ចក់។
ត្រង់កន្លែងខ្លះមានទឹកហូរខ្លាំងហើយវាបានបោកខ្លួនទៅនឹងផ្ទាំងថ្មឮសូរផាំងៗ ហើយត្រង់
កន្លែង ខ្លះទៀតទឹកហូររិៗ ប្រៀបបាននឹងសម្លេងតន្ត្រី ដែលប្រគុំជូនទស្សនិកជនស្តាប់
កម្សាន្តពេញម្ភៃបួនម៉ោង។ ហើយបើយើងមើលពីលើច្រាំងទន្លេទៅ ឃើញថាមានភាព
ទាក់ទាញ អារម្មណ៍ណាស់ ព្រោះទេសភាពបែបនេះគឺមានតែទឹកដីនេះតែប៉ុណ្ណោះ។
ចំណែកឯនៅក្រោយផ្ទះឯណោះវិញ ដីស្រែរាប់ហិចតាពោរពេញទៅដោយដំណាំស្រូវ
ដែល​កំពុងតែបង្អួត​សម្រស់របស់ខ្លួនយ៉ាងពេញទំហឹង។ វាលស្រែទាំងអស់សុទ្ធតែក្រហម
ឆ្អិនឆ្អៅប្រៀបដូចជាកម្រាលព្រំពណ៌មាសដ៏វែង។ គួស្រូវវែងៗកំពុងតែឱនរេរាំទៅ តាម
កម្លាំង​ខ្យល់បក់។ ប្រជាកសិករទាំងអស់ញញឹមសប្បាយរីករាយចំពោះផលដំណាំនេះ
ណាស់។ ចាប់តាំងពីព្រលឹមរហូតទល់ព្រលប់សភាពអ៊ូរអរគឺស្ថិតនៅកន្លែងច្រូតកាត់
ប្រមូលផលស្រូវទាំងអស់។ ទាំងប្រុសទាំងស្រីបានយកដៃគ្នាទៅវិញទៅមកប្រកបដោយ
ភាពស្និទ្ធស្នាល។
ពួកគេធ្វើការមិនខ្លាចនឿយហត់នោះទេ។ ខណៈពេលកំពុងច្រូត អ្នកខ្លះច្រៀងឆ្លើយឆ្លង
​គ្នា​យ៉ាងពិរោះអមដោយសម្លេងសត្វយំ និងខ្យល់បក់រំភើយៗ អ្នកខ្លះនិយាយរឿងកំប្លែង
រោះងនិទាន​ទៅតាមភាពប៉ិនប្រសប់របស់ខ្លួន ហើយក៏មានអ្នកខ្លះទៀតចាំតែសើចដែរ
ព្រោះអត់​មានចេះអីសោះ។ មើលទៅក្មេងៗនាំគ្នាខ្វាលគោ ក្របីនៅតាមស្រែដែលទើប
នឹងច្រូតហើយថ្មីៗ ហើយពួកគេក៏ធ្វើខ្លែងបង្ហោះលេងយ៉ាងអឺងកង។ លុះដល់ពេលយប់
ក្រោម​ពន្លឺ​ព្រះច័ន្ទចាំងភ្លឺច្បាស់មកលើផែនពសុធាលាយឡំនឹងសម្លេងបក្សាបក្សី ពិសេស
ខ្យល់បក់ត្រសៀកៗ គ្រួសារខ្លះបាននាំគ្នាទៅបោកបែនស្រូវឮសូរផឹសៗ ហើយក៏មានអ្នក
ដោលអំបុកនៅ​ក្បែរនោះបានផ្តោះផ្តងសម្លេងផឹសៗ​នោះទៅវិញទៅមកប្រៀដូចជាសម្លេង
គេទូងស្គរ។ គ្រួសារខ្លះជួបជុំបងប្អូនដុតក្រឡានមានដាកើសណ្តែកអង្គុយលាយនៅក្នុងអង្ករ​
តិចៗប្រកបដោយរសជាតិឆ្ងាញ់។ ហើយក៏មានគ្រួសារខ្លះទៀតកំពុងតែដេកចាំស្រូវ ក្នុងខ្ទំ
ស្បូវនៅឯចុងដីដែរ។ យូរៗគេឮសូសម្លេងគោះត្រដោកតូកៗ​ម្តងដើម្បី​បង្អើល​សត្វព្រៃដែល
ចូល​បំផ្លាញ​ផលដំណាំ។ រាត្រីកាន់តែស្ងាត់ ខ្យល់ក៏កាន់តែត្រជាក់ធ្វើឲ្យអ្នកខ្លះចូលទៅដេក​
ក្នុងចំបើង​ដែលទើបនឹងបោកហើយថ្មីៗដើម្បីបំបាត់ភាពរងារ។ លុះអ្នកភូមិខ្ញុំគេន្រមូលផល
គ្រប់គ្នាហើយ ពួកគេបង្កើតកម្មវិធីកម្សាន្តផ្សេងៗ គេហៅថាបុណ្យកម្សាន្តភូមិ មានចាក់ធុង
បាសរាំឡើងហុយ​ដីទ្រលោម។អ្នកភូមិរបស់ខ្ញុំមិនមែនប្រកបតែរបរកសិកម្មនេះតែមួយមុខ
ទេ ពួកគេមានមុខរបរបន្ទាប់បន្សំជាច្រើនផ្សេងៗទៀតដូចជា លក់បង្អែម នំបញ្ចុក លក់បន្លែ​
ដែលបានដាំដោយផ្ទាល់ដៃ ហើងអ្នកខ្លះទៀតគេមានអាជីពជាគ្រូពេទ្យ គ្រូបង្រៀន ធ្វើជាង
ផ្សេងៗ ហើយគ្រួសារខ្លះក៏បើកកសិដ្ឋានចិញ្ចឹមមាន់ ទា ជ្រូក ឭសម្លេងយ៉ាងខ្ញៀវខ្ញា ពេលវា
ឃ្លាន​ម្តងៗ។ នៅក្នុងភូមិរបស់ខ្ញុំក៏មានសាលារៀនផងដែរ មានចាប់ពីបឋម​សិក្សារហូតដល់
មធ្យម​សិក្សាដែលស្ថិននៅកណ្តាលភូមិសង់នៅទីទួលខាងលិចជាប់វត្តអារាម។ សាលារៀន​
ជាថ្នាលបណ្តុះចំណេះដឹងដល់ក្មេងៗនៅក្នុងភូមិ ពួកគេភាគច្រើនជិះកង់ទៅសាលា ឯអ្នក​
នៅជិតគេនាំគ្នាដើរក៏បាន។ ចំណែកវត្តអារាមវិញជាកន្លែងស្ងប់ស្ងាត់ ជាកន្លែងផ្តល់​នូវ
ធម៌អាថ៌​ ដល់មនុស្សចាស់ ឬវ័យចំណាស់ក៏មាន។ យាយនៅក្នុងភូមិតែងតែទៅសុំសីលជា
រៀងរាល់ថ្ងៃសីល។ យាយខ្លះកាន់សីលប្រាំ និងខ្លះទៀតកាន់សីលប្រាំបី។

បើនិយាយពីរដូវចូលឆ្នាំខ្មែរវិញ អ្នកភូមិរបស់ខ្ញុំបានរៀបចំបៀស​សម្អាតផ្ទះយ៉ាង​មាន
របៀប​រៀបរយ។ មានរៀបចំគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី។ ថ្ងៃចូលឆ្នាំ ក្មេងៗ
មនុស្សប្រុសស្រីនៅក្នុងភូមិស្លៀកពាកើស្អាតបាតគួរឲ្យស្រលាញ់។ ពួកគេនាំគ្នាដើរកម្សាន្ត
តាម​រម្មណីយដ្ឋានផ្សេងៗ ប៉ុន្តែជាពិសេសគឺនៅតាមដីខ្សាច់ខាងកើតផ្លូវ ពួកគេចូលចិត្ត​ទៅ​
កម្សាន្តណាស់។ ពួកគេបានបង្កើតកម្មវិធីផ្សេងៗនៅទីនោះ ដោយជិះកូនទូកតូចៗ​មាន
របស់​របរយ៉ាងច្រើនយកទៅញ៉ាំ គេអាចជ្រកនៅក្រោមម្លប់ឈើណាដែលធំៗ ឬអាចបោះ
តង់បន្ថែមក៏បាន។ ភាគច្រើនពួកគេយក ប៊ីយ៊ែទៅញ៉ាំ ហើយលេងល្បែងប្រជាប្រិយខ្មែរ
បើអ្នកណាចាញ់​គេចាក់ធុងបាសឲ្យរាំ។ អ្នកស្រុកភូមិខ្ញុំសប្បាយរីករាយជានិច្ច មិនសូវមាន​
ទុក្ខកង្វល់​ជាប់ខ្លួននោះទេ។ ដោយសារនៅក្នុងភូមិរបស់ខ្ញុំប្រកបដោយសោភ៍ណភាពបែប
នេះហើយ ទើបអ្វើឲ្យចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបានទោះបីជាខ្ញុំស្ថិតនីទីណា វេលានាក៏​ដោយ។

ខ្ញុំតែងតែនឹកអានុស្សាវរីកាលនីកុមារ នឹកកាលដែលខ្ញុំធ្លាប់ជិះលើខ្នងក្របី បណ្តើរវាឲ្យ​ស៊ីស្មៅនៅលើភ្លឺស្រែ កំពុងតេស្រែកច្រៀងចម្រៀងយ៉ាងពិរោះស្រាប់តែ​ធ្លាក់ពីលើខ្នង​
ក្របីចូលក្នុងដីស្រែដែលទើបនឹងភ្ជួររួចថ្មីៗ មុខ មាត់ សក់ ក្បាលប្រលាក់សុទ្ធតែភក់គួរ
ឲ្យអាណិត។ អានុស្សាវរីមួយទៀតគឺពេលដែលខ្ញុំទៅបាចត្រីនៅត្រពាំងជាមួយបងប្រុសខ្ញុំ
ដៃកាន់សូពណ៌ខៀវកញ្ចាស់ ពេលនោះមានឈ្លើងតូចមួយបានមកបឺតឈាមជើងរបស់ខ្ញុំ
ខ្ញុំខ្លាចខ្លាំងណាស់បោះសូដាក់ត្រីចោលហើយស្រែកយំយ៉ាខ្លាំង។ តែអ្វីដែលមិនអាចបំភ្លេច
​បាននោះគឺពុកម៉ែ បងប្អុនរបស់ខ្ញុំ ខ្ញុំស្រលាញ់ គោរព នឹករឭកដល់ពួកគាត់គ្រប់ពេលវេលា
ព្រោះពួកគាត់ជាអ្នកផ្តល់កំណើតពិតប្រាកដដល់រូបខ្ញុំ ជាអ្នកផ្គត់ផ្គង់ទាងសម្ភារៈ ទាំងកម្លាំង
ស្មារតី ពួកគាត់ជាអ្នកចិញ្ចឹមបីបាច់ថែរក្សារូបខ្ញុំរហូតមកទល់ពេលនេះ។

ដូចដែលបានរៀបរាប់ខាងលើរួចមកហើយ ទិដ្ឋភាពភូមិខ្ញុំគួរឲ្យចង់រស់នៅណាស់ គ្មាន
អសន្តិសុខ គ្មានអំពើហិង្សា គឺមានតែភាពសាមគ្គីរួបរួមកម្លាំងគ្នាដើម្បីផលប្រយោជន៍រួម។
ពួកគេពេលខ្លះគិតគូរប្រយោជន៍រួមច្រើនជាងបុគ្កលទៅទៀត ខ្ញុំសង្កេតឃើញថាអ្នកភូមិខ្ញុំ​
បានរួមគ្នាកសាងស្ពានឆ្លងព្រែកពីរកន្លែង មានជីកស្រះ និងលើកទំនប់ជាដើម ដែលជាកត្តា​
ចាំបាច់សម្រាប់ប្រើប្រាស់ទាំងអស់គ្នា។ ទាំងងស់នវបានធ្វើឲ្យភូមិខ្ញុំកាន់តែមានការអភិវឌ្ឍ។
ទាំងរូបខ្ញុំក៏ដូចជាអ្នកនៅក្នុងភូមិទាំងអស់ សុទ្ធតែស្រលាញ់ពេញចិត្ត និងមិនចង់​ឃ្លាត​ចាក​
ឆ្ងាយពីកន្លែងដ៏សែនមនោរម្យនេះ នោះទេ។

សរសេរដោយនិសិ្សតនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ មាន រីណូ

Tags: cambodiatourismkratieaudience