CamNews

ព័ត៌មានជាតិ 

យកម៉ូតូ ទៅដូរយកកាំភ្លើង រាកៃផ្ទុះ រងរបួស ទាំងពីរនាក់

ភ្នំពេញ ៖ ជនរងគ្រោះ ២នាក់ ម្នាក់ជា មន្ដ្រីនគរបាល ការិយាល័យបុគ្គលិកនៃស្នង ការដ្ឋាននគរ បាល ខេត្ដកណ្ដាល និងម្នាក់ ទៀត ជាជាងជួសជុលម៉ូតូបានរងរបួសធ្ងន់ ទាំងពីរនាក់ ក្រោយពី ផ្ទុះ អាវុធម៉ាក កា៥៤ នៅពេលដែលពួកគេទាំងពីរនាក់ កំពុងសាក កាំភ្លើងមុនពេលដោះដូររវាង ម៉ូតូ និងកាំភ្លើង ។

ករណីផ្ទុះអាវុធបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ១និង២០នាទី រសៀលថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ ផ្ទះជួសជុលម៉ូតូ លេខ ៤៦ ភូមិទួលរកា១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅកាន់កន្លែងកើតហេតុ នោះ បានឱ្យ ដឹងថា ជនរងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះ អែល ហាលី អាយុ ៤៤ឆ្នាំ ជា មន្ដ្រីនគរបាលការិ យាល័យបុគ្គលិក នៃស្នង ការដ្ឋាននគរបាលខេត្ដកណ្ដាល រងរបួស ត្រង់ត្រគៀក និងជាម្ចាស់ កាំភ្លើងខ្លី និងជន រងគ្រោះម្នាក់ទៀត ឈ្មោះ អ៊ុយ សានកិត្យា អាយុ ៣២ឆ្នាំ មុខរបរ ជាជាងជួស ជុលម៉ូតូ រស់នៅផ្ទះកើតហេតុខាងលើនេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានសួរ នាំនៅកន្លែងកើតហេតុនោះបានបញ្ជាក់ថា  ជនរងគ្រោះ អ៊ុយ សានកិត្យា បានយកម៉ូតូ របស់ខ្លួនម៉ាកសេដេ ទៅដូរយកកាំភ្លើងខ្លីពី ជនរងគ្រោះ អែល ហាលី ប៉ុន្ដែ មិនដឹងថា យកទៅធ្វើអ្វីនោះឡើយ ។ នៅពេលដែល ពួកគេទាំងពីរនាក់ កំពុងតែ កាន់កាំភ្លើង ស្រាប់តែរាកៃផ្ទុះបណ្ដាលឱ្យជនរងគ្រោះ អ៊ុយ សានកិត្យា ចំប្រអប់ដៃ រីឯជនរង គ្រោះ អែល ហាលី ត្រូវត្រគៀក ។

បើតាមជនរងគ្រោះ បាននិយាយថា  ការផ្ទុះអាវុធគឺកើតឡើង១គ្រាប់ប៉ុណ្ណោះ ប៉ុន្ដែ សមត្ថកិច្ចមិន ទាន់ទទួលយកបាននៅឡើយទេ ដោយអះអាងថា ប្រហែលជា ២ គ្រាប់ឡើងទៅ ។ ក្រោយ កើតហេតុជនរង គ្រោះទាំងពីរនាក់ ត្រូវបានរថយន្ដសង្គ្រោះ បន្ទាន់ ដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យ រុស្ស៊ី ។ យ៉ាងណាចំពោះករណីផ្ទុះអាវុធខាង លើនេះ កម្លាំងសមត្ថកិច្ចជំនាញបាន និង កំពុងធ្វើការស្រាវជ្រាវបន្ដទៀត ពីព្រោះ មានការសង្ស័យច្រើនទៅលើជនរងគ្រោះ ទាំងពីរ ដែលមានការដោះដូរកាំភ្លើង និង ម៉ូតូ ហើយសមត្ថកិច្ចបានសុំគោលការណ៍ពី ថ្នាក់លើ និង តំណាងអយ្យការចុះទៅឆែក ឆេរផ្ទះជនរងគ្រោះទៀតផង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ