CamNews

ព័ត៌មានជាតិ 

នាំសហាយ ចូលដេកផ្ទះ សំណាក់ ប្ដីតាម ទាន់ បែរជាទារលែងលះ

ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងម្នាក់  ដែលរៀបការនៅមិនទាន់មានកូននៅឡើយ បានផិតក្បត់ជាមួយប្ដី លួចនាំប្រុសសហាយ ទៅដេកនៅក្នុងផ្ទះសំណាក់ក្បែរ ផ្ទះស្នាក់ នៅរបស់ខ្លួន ហើយក៏ត្រូវប្ដី តាមទាន់ជាក់ស្ដែង បែរជាឡាំប៉ា ទាមទារលែងលះគ្នា តែប្ដីចិត្ដ មិនដាច់ ។

ហេតុការណ៍រឿងអាស្រូវកេរនៃគ្រួសារ ខាងលើនេះ បានផ្ទុះឡើងកាលពីវេលាម៉ោង ៥និង ៣០នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៤ នៅក្នុងផ្ទះសំណាក់ក្រហម ដែលមាន ទីតាំងនៅ ផ្លូវលេខ ៣១បេតេ ភូមិសន្សំ កុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ស្ដ្រីវ័យក្មេងដែលត្រូវប្ដីតាមទាន់ខាងលើ នេះ ត្រូវបានគេស្គាល់ឈ្មោះកែវ ឆនសិរីសួស្ដី អាយុ២១ឆ្នាំ មានទីលំនៅខាងក្រោយវត្ដ សន្សំកុសល ស្ថិតនៅក្នុងភូមិ សន្សំកុសលទី១  សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ដោយ ឡែកប្ដីត្រូវបានគេស្គាល់ឈ្មោះសេង ហាក់ អាយុ៣០ឆ្នាំ មានមុខរបរជាអ្នករកស៊ី ។ ចំណែកបុរសដែលជាសហាយ មិនត្រូវបានគេ បង្ហើបឱ្យដឹងពីអត្ដសញ្ញាណនោះឡើយ ។

ប្រភពព័ត៌មាន ពីបុរសដែលជាប្ដី បានធ្វើ ការអះអាងថា រូបគាត់និងប្រពន្ធបានរៀបការ តាមច្បាប់ជាមួយគ្នា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០កន្លងទៅនេះ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេល៤ឆ្នាំ ហើយនៅមិនទាន់ មានកូននៅឡើយនោះទេ ។ ក្នុងនោះ ការ រួមរស់ជាមួយគ្នា ក្នុងនាមជាប្ដីប្រពន្ធក្រោយ រៀបការ គឺមិនដែលមានបញ្ហាល្អក់កកនោះ ទេ ទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធ របស់គាត់ ហាក់ដូចជាមានចរិតប្លែកចូលចិត្ដ ដើរចេញក្រៅស្ងាត់ៗ ហើយនៅមុនពេលកើត ហេតុ ប្រពន្ធរបស់គាត់ដែលនៅផ្ទះ មានគេ ទូរស័ព្ទចូលមក មួយសន្ទុះក៏បានស្លៀកពាក់ ជិះម៉ូតូចេញបាត់ទៅ គាត់ក៏បានជិះម៉ូតូតាម ស្រាប់តែឃើញប្រពន្ធរបស់គាត់ ជិះបណ្ដើរ គ្នាជាមួយនិងបុុរសវ័យក្មេងម្នាក់ ហើយពេល ដល់មុខផ្ទះសំណាក់ក្រហម ក៏បត់ម៉ូតូចូលទាំងពីរនាក់តែម្ដងទៅ ។ ចំណែករូបលោក ពេល ឃើញដូច្នេះ មិនបានចូលទៅរករឿងភ្លាមៗនោះទេ គឺនៅបន្ដតាមដានទាល់តែឃើញពួកគេ ទាំងពីរនាក់ បណ្ដើរគ្នាចូលក្នុងបន្ទប់ ក៏ជិះម៉ូតូទៅប្ដឹងនគរបាលប៉ុស្ដិ៍ ចុះទៅធ្វើការឆែកឆេរ នៅក្នុងបន្ទប់លេខ២០២ ឃើញពួកគេនៅក្នុងបន្ទប់ជាក់ស្ដែង ក៏ហៅមកកាន់ទីស្នាក់ការប៉ុស្ដិ៍ ដើម្បីធ្វើការសួរនាំនិងដោះស្រាយគ្នា ។

នៅក្នុងប៉ុស្ដិ៍នគរបាល ស្ដ្រីជាភរិយាមិន បានធ្វើការប្រកែកប្រណាំងអ្វីនោះទេ ដោយ រូបគេ អះអាងថា បានស្គាល់បុរសដែលជា សហាយនេះ តាមរយៈទូរស័ព្ទច្រឡំ លេខតែ ប៉ុណ្ណោះ តែក្រោយពីប្ដីតាមទាន់ជាក់ស្ដែង បែបនេះ ស្ដ្រីជាប្រពន្ធបែរជាទាមទារធ្វើការ លែងលះ គ្នា ទៅវិញ តែបុរសខាងប្ដីបែរជា មិនដាច់ចិត្ដធ្វើការ លែងលះទៅវិញ ។

សូមបញ្ជាក់ថា យោងតាមបុរសជាប្ដី បានអះអាងថា ការតាមទាន់លើកនេះ វាមិន មែនជា លើកទី១នោះ កន្លងមកលោកក៏បាន ដឹងថា ប្រពន្ធរបស់លោកបាន ផិតក្បត់លួច នាំប្រុសទៅ ដេកនៅក្នុងផ្ទះសំណាក់មួយលើក រួចមកហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ