CamNews

ព័ត៌មានជាតិ 

អាជ្ញាធរ ខេត្ដព្រះវិហារ និងខេត្ដចំប៉ាសាក់ ជួបគ្នាបន្ដកិច្ចសហការ លើបញ្ហា សន្ដិសុខព្រំដែន និងបើកច្រក

ព្រះវិហារ ៖ អាជ្ញាធរខេត្ដព្រះវិហារ ដែលដឹកនាំដោយអភិបាលខេត្ដ លោកអ៊ុំ ម៉ារ៉ា និងអាជ្ញាធរខេត្ដចំប៉ាសាក់ ប្រទេសឡាវ ដែលដឹកនាំលោកអភិបាលខេត្ដបណ្ឌិត ប៊ុនថង ឌីវីសៃ ព្រមទាំងមន្ដ្រីពាក់ព័ន្ធរបស់ ខេត្ដទាំងពីរ ជាច្រើននាក់ បានជួបពិភាក្សាគ្នានៅលើទឹកដីខេត្ដព្រះវិហារ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ដើម្បី បង្កើនកិច្ចសហប្រតិបត្ដិការលើគ្រប់ វិស័យជាពិសេស ផ្ដោតទៅលើការងារសន្ដិសុខតាមព្រំដែន និងការបើក ច្រកជាដើម ។

មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា ឆ្លងតាមរយៈកិច្ចពិភាក្សា ដែលធ្វើឡើងនៅ សាលាខេត្ដរួចមក ភាគីទាំងពីរ បានផ្ដោតលើការងារសំខាន់ៗ រួមមានទី១ បន្ដកិច្ចសហប្រតិបត្ដិការលើការងារសន្ដិសុខ តាមព្រំដែនរវាង ខេត្ដទាំង ពីរ ទី២ បន្ដកិច្ច សហប្រតិបត្ដិការលើគ្រប់វិស័យដែលធ្លាប់មានកន្លងមកកាន់តែរីកចំរើនខ្លាំងឡើង ទី៣ ការពិនិត្យ និងជំរុញបើកច្រកនៅទន្លេល្ពៅ ក្នុងស្រុកឆែប ខេត្ដព្រះវិហារ ជាប់ព្រំប្រទល់ ស្រុកមុនឡាប៉ាម៉ុក ខេត្ដចំប៉ាសាក់ ទី៤ រៀប ចំទិវាវប្បធម៌នៅដើមឆ្នាំ២០១៥ ដោយខេត្ដចំប៉ាសាក់ធ្វើជាម្ចាស់ផ្ទះ និងទី៥ ភាគីទាំងពីរ បន្ដកិច្ចប្រជុំលើកទី៦ និងរៀបចំធ្វើឡើងនៅឆ្នាំ២០១៥ ដោយខេត្ដព្រះវិហារធ្វើជាម្ចាស់ផ្ទះ ។

មន្ដ្រីសាលាខេត្ដព្រះវិហារ បានបញ្ជាក់ ទៀតថា ភាគីទាំងពីរ បានប្ដេជ្ញាធ្វើយ៉ាងណា ឱ្យការរស់នៅ និងរកស៊ីរបស់ ប្រជាពលរដ្ឋទាំងពីរ ខេត្ដព្រះវិហារនិងខេត្ដចំប៉ាសាក់ ប្រព្រឹត្ដទៅដោយសុខសប្បាយ តបតាមអ្វី ដែលប្រមុខ រដ្ឋា ភិបាលកម្ពុជាឡាវ បានសន្យាជាមួយគ្នា ។

មន្ដ្រីសាលាខេត្ដព្រះវិហារបានបន្ដទៀត ថា ភាគីទាំងពីរ ក៏បានសន្យាលើការផ្ដល់ព័ត៌មានជូនគ្នាទៅវិញទៅមក ភ្លាមៗក្នុងករណីមានបញ្ហាអ្វីមួយ កើតឡើង ជាពិសេសនៅតាមបណ្ដោយព្រំដែន រវាងខេត្ដទាំងពីរ ។

ក្រោយកិច្ចប្រជុំពិភាក្សារួចមក អភិបាល ខេត្ដទាំងពីរ ក៏បានផ្ដល់កាដូអនុស្សាវរីយ៍ ជូនគ្នាទៅវិញ ទៅមកប្រកប ដោយភាពស្និទ្ធស្នាលនិងរាក់ទាក់ជាទីបំផុត ៕





ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Prah Vihea