កំពង់ចាម៖ បន្ទាប់ពីឡោមព័ទ្ធអស់រយៈពេញ មួយព្រឹករួចមកកម្លាំងសមត្ថកិច្ចចម្រុះរួមមាន
នគរបាល អាវុធហត្ថ និងកម្លាំងយោធា នៅវេលាម៉ោង ១១ និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមករា
ឆ្នាំ២០១៣នេះ បានសម្រេចចិត្តសម្រុក ចូលទៅក្នុងអគារធនាគារអេស៊ីលីដា តែម្តង ប៉ុន្តែចូល
ទៅដល់ជនសង្ស័យចំនួន២នាក់ ដែលមានអាវុធខ្លីនៅក្នុងដៃ បាននាំចំណាប់ខ្មាំង ជាបុគ្គលិក
របស់ធនាគារ២នាក់ ចូលក្នុងបន្ទប់ទូដែកដាក់លុយ ហើយចាក់សោរជាប់។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹង តើសមត្ថកិច្ច ដែលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍
ឆាយ គឹមសុន និង ឧត្តមសេនីយ៍ វ៉ា សារិទ្ធ មានយុទ្ធសាស្រ្ត និងវិធានការបែបណាទៀត ដើម្បី
ចាប់ជនសង្ស័យទាំង២នាក់ ហើយមិន ឲ្យគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងនោះ។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម
អម្ពិលតាមទូរ ស័ព្ទឲ្យដឹងថា នៅកន្លែងដែលជនសង្ស័យចាប់បុគ្គលិកធ្វើជាចំណាប់ខ្មាំង គឺជាប៉ុស្តិ៍
សេវាផ្តល់ព័ត៌មាន មិនមែនជា កន្លែងស្តុក និងដាក់លុយនោះទេ។ លោក អ៊ិន ចាន់នី បានបន្តថា
លោកឆ្ងល់ពីសកម្មភាពខាងលើនេះ កើតឡើង ពីព្រោះមានការការពារសន្តិសុខនៅទីនោះ ប៉ុន្តែ
បន្ទាប់ពីមានករណីនេះកើតឡើង នៅតាមសាខាធនាគារអេស៊ីលីដា នឹងពង្រឹងសន្តិសុខបន្ថែម
ទៀត។
លោក អ៊ិន ចាន់នី បានបន្តថា ថ្នាក់ដឹកនាំសំខាន់ៗ របស់ធនាគារបានចុះទៅកន្លែងកើតហេតុផ្ទាល់
ដើម្បីចូលរួម ជាមួយសមត្ថកិច្ចធ្វើការងារនេះ។ យ៉ាងណាក៏ដោយ លោកប្រធាននាយកប្រតិបត្តិ
បានសម្តែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាជនសង្ស័យចូលទៅក្នុងធនាគារបាននៅពេលដែល
ចាក់សោរត្រឹមត្រូវ ហើយទាមទាររកថ្នាំញៀន ជក់ មិនមែនរកលុយនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល