CamNews

ព័ត៌មានជាតិ 

ទៅចូលស្តី ដណ្តឹងប្រពន្ធ ខាងស្រីទារ ថ្លៃទឹកដោះ ១៥០០ដុល្លារ អត់លុយ តូចចិត្តចងក ធ្វើអត្តឃាត

ភ្នំពេញ៖ ដោយសារតែគ្មានលុយ ចំនួន១៥០០ដុល្លារ សម្រាប់ចូលស្តីដណ្តឹងប្រពន្ធ នៅឯស្រុក កំណើត បានធ្វើ ឲ្យកម្មកររោងចក្រម្នាក់ គិតខ្លីចងក ធ្វើអត្តឃាត នៅក្នុងបន្ទប់ជួល របស់ខ្លួន កាលពី វេលា ម៉ោងប្រមាណ ៦និង ៤០នាទី ល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅបន្ទប់ជួលលេខ១០ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍ ពីសាច់ញាតិ និងប្រជាពលរដ្ឋ នៅក្បែរបន្ទប់ជួល ជនរងគ្រោះបានឲ្យដឹងថា មុន ពេលមានរឿង បែបនេះកើតឡើង គឺកាលពីវេលាម៉ោងជាង៥ល្ងាច ជនរងគ្រោះ ឈ្មោះអាន អាយុ ២២ឆ្នាំ មាន ស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង បានជិះម៉ូតូ ចេញពីកន្លែងធ្វើការ ហើយចូល ទៅក្នុងបន្ទប់ ដោយ បិទទ្វារជិត ។ លុះដល់ម៉ោងប្រមាណ ៦និង ៤០នាទី ខណៈសាច់ញាតិ របស់ខ្លួន មកដល់បើកទ្វារ ក៏ឃើញ ជនរងគ្រោះ ចងក ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និង សួរនាំ ពីមូលហេតុ នៃការចងកសម្លាប់ខ្លួន។ ក្រោយការសួរនាំ សាច់ញាតិ ជនរងគ្រោះបានបញ្ជាក់ថា ការសម្រេច ចិត្តធ្វើបែបនេះ ដោយសារតែជនរងគ្រោះ កាលពីអំឡុង២ខែមុន បានឲ្យឪពុកម្តាយ ចូល ស្តីដណ្តឹង កូន ស្រីអ្នកភូមិ ប៉ុន្តែត្រូវបានភាគីខាងស្រី ទារថ្លៃទឹកដោះចំនួន១៥០០ដុល្លារ ។

ដោយសារតែ គ្មានលុយចំនួន១៥០០ដុល្លារ និងម្យ៉ាងទៀតគិតថា មិនដឹងទៅរកប្រាក់នៅឯណានោះ ក៏គិតខ្លីចងក សម្លាប់ខ្លួនតែម្តង។ ក្រោយចុះទៅពិនិត្យ កោសល្យវិច័យរួចហើយសមត្ថកិច្ច បានប្រគល់ សព ជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ