CamNews

ព័ត៌មានជាតិ 

ក្មេងស្រីអាយុ ជាង១០ឆ្នាំ ម្នាក់ជិះកង់ទៅរៀន ត្រូវរថយន្តក្រុមហ៊ុន រោងចក្រផលិតថ្ម កិនដាច់ជើងទាំងពីរ

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ អាយុជាង១០ឆ្នាំ ក្នុងខណៈដែលជិះកង់ ទៅសាលារៀន ត្រូវរថយន្តធុន
ធំមួយគ្រឿង របស់ក្រុមហ៊ុនរោងចក្រផលិតថ្ម បើកបុកពីក្រោយ រួចកិន ដាច់ជើងទាំងសងខាង
គឺរងរបួសយ៉ាងធ្ងន់ធ្ងរ កាល ពីព្រលឹម ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចភូមិបាគូរ សង្កាត់
ដង្កោ ខណ្ឌដង្កោ។

យោងតាម សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេត
ឃើញ ក្មេងស្រី ម្នាក់ វ័យជាង១០ឆ្នាំ បានជិះកង់មួយគ្រឿង តាម បណ្តោយ ផ្លូវចំការដូង ពីត្បូង
ទៅជើង ក្នុងបំណង ឆ្ពោះមក សាលារៀនទួលអំពិល ខណៈនោះស្រាប់តែមាន រថយន្តធុនធំ
មួយគ្រឿង ដែលជារថយន្ត របស់ក្រុមហ៊ុន រោង ចក្រ ផលិតថ្ម ដែលបើកបរពីក្រោយ ក្មេងស្រី
ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតបុកក្មេងស្រី ដែលកំពុង ជិះកង់ ពីក្រោយពេញទំហឹងតែម្តង
ហើយរថយន្ត មិនបាន បន្ថយល្បឿន ថែមទាំងបន្តដំណើរទៅមុខ ក៏បណ្តាល ឲ្យកិន ដាច់ជើង
ក្មេងស្រី ទាំងសង់ខាងត្រឹមភ្លៅតែម្តង បន្ទាប់មករថយន្តព្យាយាម បើករត់គេចខ្លួន រហូតមកដល់
ចំណុច ផ្លូវបត់ចូលសាកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ទើបត្រូវសមត្ថកិច្ច ស្ទះចាប់បាន
ប៉ុន្តែពេលសមត្ថកិច្ច ឃាត់ រថយន្ត ទុក អ្នកបើកបររថយន្តមិនបាន ចុះពីលើរថយន្តឡើយ ដោយ
សារតែខ្លាច ប្រជាលរដ្ឋនាំគ្នាព្រួតវៃ។

ក្រោយពីឃាត់ រថយន្តបង្កហេតុ បានភ្លាមនោះៗ សមត្ថកិច្ចនគរបាលចរាចរ ខណ្ឌដង្កោ បានចុះ
មកអន្តរាគមន៍ វាស់វែង ត្រង់ចំណុចកើតហេតុ នាំយករថយន្ត និងកង់របស់ក្មេងស្រីរងគ្រោះ
យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយតាមច្បាប់ ចំណែកឯក្មេង
ស្រីរងគ្រោះ ត្រូវបានរថយន្តសាមុយ មកដឹកយក ទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត
ដោយមិនដឹងថា វាសនាក្មេងស្រីនោះ នឹងក្លាយទៅជា យ៉ាងណានោះទេ ព្រោះជើងទាំងពីររបស់
គេ ត្រូវរថយន្តកិនដាច់ទៅហើយ ។

គួរបញ្ជាក់ថា អ្នកបើកបររថយន្តមានឈ្មោះ ចាន់ ថុន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត
នៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ហើយរថយន្តបង្កហេតុ ពាក់ស្លាកលេខ ភ្នំពេញ
3B-2903 ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ