CamNews

ព័ត៌មានជាតិ 

បាញ់ពីរគ្រាប់ គ្រាន់តែគ្រោះ ថ្នាក់ចរាចរ បន្ដិចបន្ដួច

ភ្នំពេញ  ៖ ស្នូរគ្រាប់កាំភ្លើង ចំនួនមួយគ្រាប់ បានឮឡើង រីឯមួយគ្រាប់ទៀត បាញ់មិនផ្ទុះ បាន
កើតឡើង បង្កឱ្យមានការ ភ្ញាក់ផ្អើលនិង ភ័យខ្លាច ពីសំណាក់ប្រជាពលរដ្ឋដែលធ្វើ ដំណើរក្បែរ
កន្លែងកើតហេតុ កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងភូមិចំរើនផល
សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ។

ការបាញ់ចំនួនពីរគ្រាប់ ដែលបង្កឡើង ដោយបបុរសម្នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរបន្ដិចបន្ដួច
ដោយការប៉ះពាររថយន្ដ នៅតាមផ្លូវ រួចហើយក៏ដកកាំភ្លើងបាញ់គំរាម ទៅភាគីម្ខាង បន្ទាប់មកបាន
បើករថយន្ដ ចេញពីកន្លែងកើតហេតុ ចូលទៅក្នុងផ្ទះរបស់ ខ្លួនតែម្ដង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលបានត្រឹមទៅអើតមើលនៅ កន្លែងកើតហេតុ
និងពុំមានវិធានការអ្វីលើស ពីនេះ បានលួចបង្ហើបថា ជនបង្កដែលបាញ់ ចំនួន២គ្រាប់ មានឈ្មោះ
ប៉ុល ផាន់ណា អាយុ ៤១ឆ្នាំ ជាទីប្រឹក្សារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃមួយរូប  ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា មូលហេតុ ដែលឈានទៅ
ដល់ការផ្ទុះអាវុធ ចំនួន២គ្រាប់ ខាងលើនេះ បានកើតឡើង បន្ទាប់ពីជនបង្ក បានបើករថយន្ដស៊េរី
ទំនើប មិនចាំស្លាក ចេញពីផ្លូវលេខ២៧១ លុះដល់ចំណុច កើតហេតុ ស្រាប់តែប៉ះជាមួយរថយន្ដ
ដឹក ស្រាបៀរមួយគ្រឿង ដែលធ្វើដំណើរចុះពីផ្លូវ លេខ៣៧១ ។

សាក្សីបានបន្ដថា គ្រាន់តែប៉ះពាររថយន្ដ បន្ដិចបន្ដួចប៉ុណ្ណឹង មិនបណ្ដាលឱ្យរថយន្ដរង ការខូចខាត
ធ្ងន់ធ្ងរផង ហើយអ្នកបើករថយន្ដ ទាំងពីរ ក៏មិនរងរបួសទៀតនោះ ប៉ុន្ដែអ្នក បើករថយន្ដឡង់គ្រីស័រ
ដោយអាងខ្លួនជាទី ប្រឹក្សាមន្ដ្រីជាន់ខ្ពស់នគរបាល នឹងមានកាំភ្លើង ជាប់ចង្កេះផងនោះ បានដកមក
បាញ់ចំនួន២ គ្រាប់ ប៉ុន្ដែផ្ទុះមួយគ្រាប់ បណ្ដាលឱ្យភាគីម្ខាង ទៀតភ័យ ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយបាញ់ ចំនួនពីរគ្រាប់ បញ្ចេញអំណាចរបស់ខ្លួនទៅភាគីម្ខាង តាម
ផ្លូវសាធារណៈនោះ អ្នកបើក រថយន្ដរូបនេះ បានបើករថយន្ដចេញពីកន្លែង កើតហេតុ ហើយចូល
ក្នុងបរិវេណផ្ទះរបស់ ខ្លួន ដែលមានទីតាំងនៅក្បែរនោះ ។

ដោយឡែកក្រោយពីហេតុការណ៍នេះកើតឡើង គេសង្កេតឃើញកម្លាំងសមត្ថកិច្ច មូលដ្ឋានអាជ្ញាធរ
និងមន្ដ្រីអាវុធហត្ថចុះទៅកន្លែងកើតហេតុ ប៉ុន្ដែបានត្រឹមតែសួរនាំភាគីម្ខាង ជាម្ចាស់រថយន្ដដឹកស្រា
បៀរខណៈដែលជនបង្កដែលធ្វើឱ្យផ្ទុះអាវុធចំនួន២គ្រាប់នោះ បើករថយន្ដចូលក្នុងផ្ទះរបស់ខ្លួនយ៉ាង
រំភើយ។

គួរបញ្ជាក់ថា ជនបង្កឱ្យមានការផ្ទុះអាវុធ ជាច្រើន នាពេលកន្លងទៅ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់
ខ្លួនជាបន្ដបន្ទាប់ ហើយបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាម នីតិវិធី។ ចំណាត់ការខាងលើ
នេះ បានធ្វើឡើង បន្ទាប់ ពីមានបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួន
ជនទាំងឡាយ ណា ដែលបាញ់ដោយសេរីទៅតុលាការ ពី ព្រោះទង្វើបែបនេះ ធ្វើឱ្យប៉ះពាល់ដល់
ភ្ញៀវ ទេសចរមានការភ័យខ្លាច ពីប្រជាពលរដ្ឋ យ៉ាងខ្លាំង ។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួនបាន រិះគន់ចំពោះចំណាត់ការនៃការគ្រប់គ្រង អាវុធជាតិផ្ទុះ
ព្រោះអាវុធខ្លះ ត្រូវបានក្រុម ចោរនិងជនមួយចំនួនយកទៅប្រើប្រាស់ ដោយ គ្មានលិខិតស្នាមត្រឹម
ត្រូវ ហើយធ្វើ សកម្មភាពផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់ សង្គមនិងប្រជាពលរដ្ឋ ជាពិសេសការរក ស៊ីទូទៅរបស់បងប្អូននៅតាមទីសាធារណៈ នោះ ។

ដូច្នេះចំពោះជនបង្ក ក្នុងនាមជាទីប្រឹក្សា មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ខាងលើនេះ មិនដឹងថា សមត្ថ
កិច្ចនិងថ្នាក់លើមានវិធាន ការយ៉ាងណានោះឡើយ ដោយគ្រាន់តែគ្រោះ ថ្នាក់ចរាចរបន្ដិចបន្ដួច ដក
កាំភ្លើងបាញ់ បង្អើលគេឯងនៅតាមផ្លូវយ៉ាងដូច្នេះនោះ ខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន
ដែលមានអំណាចក្នុងដៃបន្ដិចបន្ដួច ច្បាស់ជា មិនហ៊ានធ្វើអ្វីជនបង្កនេះទេ គ្រាន់តែឮថា ជាទីប្រឹក្សា
របស់អ្នកធំនោះ ពោលបានត្រឹម តែទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ