CamNews

ព័ត៌មានជាតិ 

បុកគ្នា នៅផ្លូវជាតិលេខ៤ ស្លាប់៣នាក់ភ្លាមៗ និងរងរបួសធ្ងន់ ស្រាល៧នាក់

ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យស្លាប់នារី ២នាក់ និងបុរសម្នាក់ ព្រមទាំងរបួសធ្ងន់ ស្រាល ៧នាក់ ។

លោកវរសេនីយ៍ត្រី សម សាមាន មេបញ្ជាការអាវុធហត្ថស្រុកកំពង់សិលា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨ ខាងលិចផ្លូវបំបែកស្រែអំបិល៧ទៅ៨គីឡូ  ត្រង់ចំនុចភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានបញ្ជា

ក់ប្រាប់ទៀតថា ហេតុការណ៍នេះ បណ្តាលអោយជនរងគ្រោះស្លាប់៣នាក់ ក្នុងនោះនារី២នាក់ និងបុរសម្នាក់ ហើយរបួសធ្ងន់ស្រាល៧នាក់ ។ សមត្ថកិច្ចមិនអាចបញ្ជាក់អត្តសញ្ញាណជនរងគ្រោះទាំងនោះបានទេ ដោយរវល់ញាប់ដៃញាប់ជើងជួយសង្រ្គោះជនរងគ្រោះទៅមន្ទីរពេទ្យ ។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា គ្រោះថ្នាក់នេះបង្កឡើងដោយ រថយន្តម៉ាក កាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6788 ទិសដៅភ្នំពេញមកខេត្តព្រះសីហនុ មានអ្នកដំណើរ៦នាក់ របួសធ្ងន់ស្រាលប្រុស២ ស្រី១ និងរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតា SCION (សាយអន) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2L-4591 ទិសដៅខេត្តព្រះសីហនុទៅភ្នំពេញ មានអ្នកដំណើរ៧នាក់ ស្លាប់ស្រី២ ប្រុស១ របួសធ្ងន់ប្រុស១ ស្រី១ របួសស្រាលប្រុស១ ស្រី១ អ្នកទាំងអស់ស្នាក់នៅទួលសង្កែ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនរងគ្រោះកំពុងត្រូវបានសមត្ថកិច្ចជួយដឹកជញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីដោះស្រាយតាមពេលក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ