ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យប្រឆាំងការ ជួញដូរ គ្រឿងញៀន នៃក្រសួងមហាផ្ទៃ
ដោយមានការ ចូលរួមពី កម្លាំងសមត្ថកិច្ច មូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ រាជធានី
ភ្នំពេញ កាលពីវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ បានចុះឆែកឆេរ
និងរឹបអូសថ្នាំញៀនចំនួន ១៨៣៨,៤ក្រាម (ចំនួន២ម៉ឺនគ្រាប់) នៅ សណ្ឋាគារ បូលីណាផា
លេស ស្ថិតនៅផ្ទះលេខ ៨, ៩ និង១០បេ (បីល្វែង) តាមបណ្តោយ១៥៤ សង្កាត់ផ្សារថ្មី ទី៣
ខណ្ឌដូនពេញ ។
ប្រភពពីសមត្ថកិច្ចដែលចូល ក្នុងប្រតិបត្តិការនេះ បានឲ្យដឹងជាជំហានដំបូងថា ថ្នាំញៀនចំនួន
១០សុងនេះ ត្រូវបានឈ្មួញនាំចូលពី ប្រទេសឡាវ ។
សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះជនជាតិខ្មែរ២នាក់
និងឡាវចំនួន២នាក់ ត្រូវបានឃាត់ខ្លួន ប៉ុន្តែមិនទាន់ត្រូវបាន បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ
ទេ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅមន្ទីរប្រឆាំង គ្រឿងញៀន
ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល