ព្រះសីហនុ ៖ ក្រោយការចាប់ខ្លួន កាលពីម្សិលមិញមក កម្លាំងសមត្ថកិច្ចចំរុះ ខេត្តព្រះសីហនុ ដឹកនាំដោយ តំណាងអយ្យការ បានបើកប្រតិបត្តិការ ចុះឆែកឆេរ ទីតាំងចំនួន២ របស់ មហា សេដ្ឋី រុស្ស៊ី Polon Skiy នៅព្រឹក និងរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥នេះ ដោយរកឃើញ លិខិតឆ្លងដែនចំនួន២ច្បាប់ និងវត្ថុតាងមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានបញ្ជាក់ថា «កម្លាំងនគរបាល របស់ខ្ញុំ រួម មាន ស្នងការរងទទួលផែន អន្តោប្រវេសន៍ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និង មានការ ចូលរួមពី មេបញ្ជាការរង អាវុធហត្ថខេត្តម្នាក់ ដឹកនាំដោយព្រះរាជអាជ្ញារងលោក រស់ សារំា កាលពី វេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា បានចុះទៅឆែកឆេរ នៅលើកាប៉ាល់ របស់មេហាសេដ្ឋី Polon Skiy ដែលខូចនៅលើសមុទ្ររាម»។
បើតាមលោកឧត្តមសេនីយ៍ នៅក្នុង ប្រតិបត្តិការចុះឆែកឆេរ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានរកឃើញ លិខិតឆ្លង ដែនចំនួន២ និងវត្ថុតាង មួយចំនួនទៀត ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ថា ក្នុងចំណោម លិខិតឆ្លងដែន ទាំង២នោះ ជារបស់ Polon Skiy ឫមួយយ៉ាងណានោះទេ? សម្រាប់វត្ថុតាង ដែលរកឃើញ នៅលើកាប៉ាល់ របស់មហាសេដ្ឋី Polon Skiy ត្រូវបានយកមករក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តទៀត។
ដោយឡែក នៅវេលា ម៉ោង៤រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាន បញ្ជាក់ថា លោក រស់ សារាំ បានបន្តដឹកនាំកម្លាំង សមត្ថកិច្ច ចុះទៅឆែកឆេរ នៅលើ កោះដែកគោលទៀត ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី Polon Skiy ដើម្បីស្វែងរកវត្ថុតាង បន្ថែមទៀត ។
សូមបញ្ជាក់ថា មហាសេដ្ឋី Polon Skiy និងបក្ខពួកចំនួន៥នាក់ទៀត ត្រូវបាន កម្លាំងយោធាជើងទឹក ចាប់ខ្លួននៅលើកាប៉ាល់ ស្ថិតនៅកោះដំឡូងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ រួចហើយបានដឹកភ្លាមៗ តាមឧទ្ធម្គាចក្រ មកកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារ បណ្តេញចេញពីប្រទេសកម្ពុជា ដោយហេតុថា មហាសេដ្ឋីលំដាប់ទី៤០ នៅប្រទេសរុស្ស៊ីរូបនេះ រស់នៅហួសទិដ្ឋាការ ចំនួន២ឆ្នាំមកហើយ៕
សកម្មភាពសមត្ថកិច្ចចំរុះ ចុះឆែកឆេរ នៅលើកោះដែកគោល
សកម្មភាព ចុះឆែកឆេរ នៅលើកាប៉ាល់ នៅសមុទ្ររាម
ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល