CamNews

ព័ត៌មានជាតិ 

បណ្តាញសង្គម Facebook អំពាវនាវ ប្រជាជនខ្មែរ ឲ្យឈប់ពិសា ស្រាបៀរ LEO និង Chang

ភ្នំពេញ៖ បណ្តាញទំនាក់ទំនងសង្គម Facebook អំពាវនាវដល់ប្រជាជនខ្មែរ ឲ្យឈប់ពិសាស្រា
បៀរ LEO (លីអូ) និង Chang (ចាង) ដែលនាំចូល ដោយឧកញ៉ា ជៀម ផែន ព្រោះប្រឡាក់ដោយ
ឈាម ប្រជាពលរដ្ឋខ្មែរ។

សារអំពាវនាវចេញ ពីប្រភពបណ្តាញទំនាក់ទំនងសង្គម (Facebook) នេះ មានខ្លឹមសារថា សូម
ប្រជាជនខ្មែរ ឈប់ពិសាស្រាបៀរ LEO និង Chang ព្រោះឧកញ៉ា ជៀម ផែន ដែលជាឈ្មួញនាំ
ចូល បានប្រើដុល្លារក្នុងប្រព័ន្ធតុលាការ ប្រើឲ្យប៉ូលិសវាយកម្ទេចផ្ទះប្រជាជនស្លូតត្រង់ ដើម្បីរឹប
អូសដី ធ្វើរោងចក្រផលិត នៅខេត្តកំពង់សោម (ព្រះសីហនុ) កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។
សារនេះ បានសង្កត់ន័យខ្លីថា (ស្រាបៀរដែល ប្រឡាក់ឈាមពលរដ្ឋខ្មែរ)។

សារអំពាវនាវ របស់បណ្តាញទំនាក់ទំនងសង្គម (Facebook) នេះ ក៏បានដាក់រូបកំប៉ុងស្រាបៀរ
LEO និង Chang, សញ្ញាក្បាលខ្មោចពណ៌ក្រហម និងរូបថត ដែលបង្ហាញពីសកម្មភាពកម្ទេច
ផ្ទះសម្បែង និងការឈឺចាប់របស់ប្រជាពលរដ្ឋ ចំណុចចំរាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹង
ហាវ ខេត្តព្រះសីហនុ។

ប្រវត្តិបណ្តាញទំនាក់ទំនងសង្គម (Facebook)៖ Facebook គឺសេវាកម្មផ្គត់ផ្គង់ បណ្តាញទំនាក់
ទំនងសង្គមមួយ បង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០០៤ ដែលជាកម្មសិទ្ធិ និងប្រតិបត្តិការផ្ទាល់
របស់ក្រុមហ៊ុន Facebook,Inc.។ បណ្តាញទំនាក់ទំនងសង្គម ជាភាសាអង់គ្លេសថា social
networking service គឺជាសេវាកម្មអនឡាញមួយ ដែលមានកម្មវិធីជាច្រើន ឬក៏មានគេហទំព័រ
ដែលផ្តោតទៅលើការកសាង នូវប្រព័ន្ធកម្មវិធីភ្ជាប់ទំនាក់ទំនង មនុស្សក្នុងសង្គម តាមវិធីងាយ
ស្រួល ឬក៏សេវាកម្មមួយ ដែលមានបញ្ចូលកម្មវិធី ទាក់ទងមនុស្សក្នុងសង្គម តាមរយៈការចែក
ចាយ នូវចំណាប់ អារម្មណ៍នានា សកម្មភាព ព័ត៌មានសង្ខេបពីជីវិតផ្ទាល់ខ្លួន ឬក៏រឿងរ៉ាវពីជីវិត
ពិតភ្ជាប់ទៅមនុស្សទាំងអស់ជាដើម។ កាលពីខែកញ្ញា ឆ្នាំ២០១២ បណ្តាញ Facebook មាន
មនុស្សប្រើប្រាស់ជាង ១ពាន់លាននាក់ លើពិភពលោក ក្នុងនោះ មានមនុស្សច្រើនជាងពាក់
កណ្តាលនេះ បានប្រើប្រាស់ Facebook តាមរយៈទូរស័ព្ទដៃ។

សង្ខេបប្រវត្តិរឿង៖ សាលក្រមរបស់សាលាដំបូង ខេត្តព្រះសីហនុ ត្រូវបានពន្យារ២ ដងរួចមក
ហើយដំបូងឡើយ តុលាការសម្រេច អនុវត្តសាលក្រម នេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣
ដោយមិនបាន ជូនដំណឹងទៅអ្នកភូមិកែវផុស ចំណុចចំរាំងទាល់តែសោះ ប៉ុន្តែបានផ្អាកទៅវិញ។
លុះបាន ប៉ុន្មានថ្ងៃក្រោយមក អាជ្ញាធរក៏បានប្រកាសប្រាប់អ្នកភូមិថា និងអនុវត្តសាលក្រមនេះ
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅម៉ោង៨ ព្រឹក ការអនុវត្ត នេះក៏បានផ្អាកម្តងទៀត ទីបំផុត
សាលក្រមនេះក៏បាន អនុវត្តដោយជោគជ័យ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ ចាប់ពីម៉ោង៦ ព្រឹក
រហូតដល់ម៉ោង ជាង១១ ថ្ងៃត្រង់ ដោយបានសម្រេចបំផ្លាញ ផ្ទះអ្នកភូមិចំនួន១៩ ខ្នង រួមនឹងឈួស
ឆាយកម្ទេចជាស្ថាពរ នូវផលដំណាំ របស់អ្នកភូមិកែវផុស ចំណុចំរាំង ដោយមិនឲ្យប្រជាពលរដ្ឋ
ទាំងនោះបានដឹងជាមុន។

បន្ទាប់ពីការសហការគ្នាដ៏ស្អិតល្មួត រវាងព្រះរាជអាជ្ញាខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចចម្រុះ រួម
និង ភាគី ជៀម ផែន បានអនុវត្តសាលក្រម ប្រកប ដោយជោគជ័យគួរជាទីមោទនៈនោះ ក្រុមអ្នក
ភូមិ៤៩ គ្រួសារនៅ ចំរាំង នាពេលល្ងាច ក៏បានចាកចេញពីភូមិដ្ឋានដោយការបង្ខំចិត្ត ទាំង កែវភ្នែក
សម្លឹងមិនដាច់អាល័យ មើលកម្ទេចកម្ទីផ្ទះសម្បែងរបស់ខ្លួន ដែលត្រូវគេកម្ទេច រួចនាំគ្នាទៅប្រមូល
ផ្តុំ នៅលើដីអ្នកចិត្តធម៌មួយកន្លែង នាឆ្នេរសមុទ្រ ចម្ងាយពីភូមិប្រមាណ២ គីឡូម៉ែត្រ ទៅ៣ គីឡូ
ម៉ែត្រ។

ឧកញ៉ា ជៀម ផែន ទំរាំធ្វើបានជោគជ័យ ត្រូវបានអ្នកភូមិនិយាយថា ឧកញ៉ានេះ បានប្រើគ្រប់ ល្បិច
កលទាំងអស់ បោកបញ្ឆោតឲ្យអ្នកភូមិលក់ផ្ទះ ក្នុងតម្លៃថោក គំរាមដុតផ្ទះ ខ្លះទៀតប្តឹងឲ្យតុលាការ
ចាប់ដាក់គុក។ ឯភាពមិនប្រក្រតី ក្នុងតុលាការនោះ ជៀម ផែន បានបញ្ជាក់ថា ប្រជាពលរដ្ឋ ៨នាក់
នៅចំរាំងបានលក់ ដីស្រែឲ្យគាត់ក្នុងម្នាក់ ៣០ហិចតា សរុបទៅទាំងអស់២៤០ ហិចតា ដែលវាផ្ទុយ
ពីការអះអាងរបស់ ប្រជាពលរដ្ឋទាំង ៨នាក់ ដែលបានបញ្ជាក់ថា មានដី ក្នុងម្នាក់ប្រហែលពី ១ហិច
តា ទៅ ៥ហិចតា ប៉ុណ្ណោះ។

ដោយឃើញ នូវភាពរងទុក្ខវេទនាបែបនេះ លោក ឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានប្រកាសទទួលយកប្រជា
ពលរដ្ឋទាំង ៤៩គ្រួសារនោះ ទៅស្នាក់នៅ លើដីរបស់លោក ដោយផ្តល់ជាផ្ទះ និងការងារ ឲ្យធ្វើ
បន្ថែមទៀត។ ជាមួយគ្នានោះដែរ សម្បុរសជនមួយចំនួនក៏បាន ចួលរួមចំណែកផ្គត់ផ្គង់ ស្បៀងអា-
ហារ រួមនិងសម្ភារមួយចំនួនដែរ។ ជាក់ស្តែងអង្គការលីកាដូ ក៏បាននាំយកនូវ អំណោយ ចែកជូន
ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ប្រេងឆា២ លីត្រ, អំបិល២គីឡូក្រាម,
ទឹកត្រី២ដប, ទឹកស៊ីអ៊ីវ ២ដប, មី២០កញ្ចប់, តង់១, ស្ករស១គីឡូក្រាម, ត្រីខ១០កំប៉ុង, កន្ទេល១,
ម៉ុង១, ភួយ១, សាកក់សក់១, សាប៊ូបោកខោអាវ ១កញ្ចប់ ហើយ ថែមទាំងបានបញ្ជូនពេទ្យស្ម័គ្រ
ចិត្ត ទៅពិនិត្យសុខភាពអ្នកភូមិទៀតផង។

យោងតាមសេចក្តីណែនាំ របស់តុលាការកំពូលលេខ១១៤/០៨ តកក ចុះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ
២០០៨ បានបង្ហាញយ៉ាងជាក់ច្បាស់ថា ការអនុវត្ត សាលក្រមបណ្តោះអាសន្នរបស់ សាលាដំបូង
ខេត្តព្រះសីហនុ ដែលបានឈួសឆាយកម្ទេចផ្ទះប្រជាពលរដ្ឋ៤៩ គ្រួសារ នៅចំណុចចំរាំង ភូមិកែវ
ផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ពិតជាបានបំពានលើថ្នាក់លើរបស់ខ្លួន។

តាមរយៈ សេចក្តីណែនាំរបស់លោក ឌិត មន្ទី ប្រធានតុលាការកំពូល បានប្រាប់ទៅកាន់ ប្រធាន
សាលាឧទ្ធរណ៍ រួមនិងប្រធានតុលាការខេត្ត-ក្រុង ទាំងអស់ថា “ការសម្រេចឲ្យអនុវត្ត ជាបណ្តោះ
អាសន្ននូវ សាលក្រម ឬសាលដីការដ្ឋប្បវេណី ដែលទាក់ទង នឹងការទាមទារសិទ្ធិ លើអចលនវត្ថុ
មិន ត្រូវមានតទៅទៀតទេ សម្រាប់ស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាល កំពុងតែអនុវត្តយ៉ាង
ក្តៅគគុកនូវនយោបាយ កំណែទម្រង់ដីធ្លី” ៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ