ពោធិ៍សាត់ ៖ ស្រ្តីវ័យក្មេងម្នាក់ ដែលទើបនឹងរៀបការជាមួយប្តីថ្មី បានប្រមាណកន្លះខែ ត្រូវអតីតប្តីដែលធ្វើការលែង លះគ្នា អស់រយៈពេលជិត ១ឆ្នាំមកហើយនោះ តាមមកកាប់ប្រហារដល់លើផ្ទះប៉ងផ្តាច់ជីវិត ដោយសារតែកើតរោគ ប្រចណ្ឌ ក្រោមគំនិត « បើអញយកមិនបាន នរណាក៏យកមិនបានដែរ » តែមិនបណ្តាលឲ្យអតីតប្រពន្ធស្លាប់នោះទេ គឺ គ្រាន់តែដាច់ដៃត្រឹមកដៃម្ខាងតែប៉ុណ្ណោះ ។
ករណីប៉ងកាប់សម្លាប់អតីតភរិយា ដែលនាងមានប្តីថ្មីទៅហើយនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅលើផ្ទះនារីរងគ្រោះ ដែលមានទីតាំងស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាល ត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យក្នុងបទប៉ុនប៉ងកាប់សម្លាប់អតីតប្រពន្ធរបស់ខ្លួនខាងលើ ដែលក្រោយ មកត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកក្រគរ ចុះទៅអន្តរាគមន៍ និងចាប់ខ្លួនបាននេះ ត្រូវបានគេស្គាល់ឈ្មោះ សួស ប៊ុន្ធា អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអង្រ្កង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមទាំងដកហូតបានដាវចំនួន ១ ។ ចំណែកស្រ្តីអតីតជាប្រពន្ធដែល រងរបួស ត្រូវបានគេស្គាល់ឈ្មោះ ញិល សុភី អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងស្រុកភូមិ កើតហេតុ ត្រូវបានជនសង្ស័យ កាប់ដាច់ដៃខាងឆ្វេងត្រឹមកដៃ ។
យោងតាមចម្លើយសារភាព របស់ជនសង្ស័យបានឲ្យដឹងថា រវាងខ្លួន និងអតីតប្រពន្ធបានឈ្លោះ និងធ្វើការលែងលះ គ្នាអស់រយៈពេលប្រមាណ ៩ខែមកហើយ ។ ក្រោយលែងលះគ្នាខ្លួនក៏បានចាកចេញពីប្រពន្ធឈប់រស់នៅក្នុងស្រុក ក្រគរ ទៅរស់នៅស្រុកកំណើតជាមួយឪពុក-ម្តាយ នៅឯខេត្តកំពង់ចាមវិញ ។ ប៉ុន្តែ ទោះបីជាខ្លួន និងប្រពន្ធធ្វើការ លែងលះគ្នាដាច់ស្រេចក៏ដោយ តែមួយរយៈក្រោយមកខ្លួនក៏ឧស្សាហ៍ទូរស័ព្ទទៅប្រពន្ធនិយាយរកគ្នាជាធម្មតា ដោយ ខ្លួនមានបំណងជានាជាមួយនឹងអតីតប្រពន្ធរបស់ខ្លួនឡើងវិញផងដែរ ។ លុះក្នុងមួយរយៈចុងក្រោយនេះ ស្រាប់តែ ពេលខ្លួនទូរស័ព្ទទៅអតីតប្រពន្ធ នាងក៏លែងលើក ហើយក្រោយមកក៏ទូរស័ព្ទលែងចូល រហូតចុងក្រោយទើបខ្លួន ទទួលបានព័ត៌មានពីអ្នកជិតខាងថា អតីតប្រពន្ធរបស់ខ្លួនជិតរៀបការយកប្តីថ្មី ហើយនៅប្រមាណកន្លះខែមុននេះ អតីតប្រពន្ធរបស់ខ្លួនក៏បានចូលរោងការ ជាមួយបុរសផ្សេង ដោយកាលណោះខ្លួនក៏ធ្វើដំណើរមកពីស្រុកកំណើតក្នុង បំណងមកសម្លាប់ប្រពន្ធរបស់ខ្លួនចោលក្នុងថ្ងៃរៀបការផងដែរ តែមិនមានឱកាស ដោយខ្លួនបានចូលរួមក្នុងពិធីមង្គល ការអតីត ប្រពន្ធរបស់ខ្លួនថែមទៀតផង ។ លុះនៅមុនពេលកើតហេតុ ខ្លួនក៏បានធ្វើដំណើរពីស្រុកមកម្តងទៀត ដោយយកដាវ និងទិញថ្នាំបំពុលសត្វកណ្តុរមកជាមួយផងដែរ ដើម្បីប៉ងសម្លាប់ប្រពន្ធរបស់ខ្លួន ដោយខ្លួនសម្រេចចិត្តថា ពេលសម្លាប់អតីតប្រពន្ធរបស់ខ្លួនបានហើយ ខ្លួននឹងលេបថ្នាំបំពុលកណ្តុរសម្លាប់ខ្លួនតាមក្រោយ ។ ហើយនៅព្រឹក កើតហេតុ ខណៈប្រពន្ធរបស់ខ្លួនកំពុងនៅលើផ្ទះ ខ្លួនក៏លបឡើងទៅលើផ្ទះធ្វើការកាប់ប្រហារយកតែម្តង តែមិនបណ្តាលឲ្យស្លាប់បានត្រឹមតែដាច់កដៃ ក៏ត្រូវបានសាច់ញាតិ និងអ្នកជិតខាងស្ទុះចូលទៅជួយអន្តរាគមន៍ ចាប់ឃាត់ ខ្លួនបានតែម្តងទៅ ។
បច្ចុប្បន្នស្រ្តីរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ហើយប្រអប់ដៃ ដែលត្រូវបានជនល្មើស
កាប់ដាច់នៅសល់តែស្បែកនោះ គឺមិនអាចតភ្ជាប់គ្នាវិញបានឡើយ គឺនារីរងគ្រោះនឹងក្លាយ ទៅជាជនពិការដៃអស់មួយជីវិត ដោយសារតែស្នាដៃអតីតប្តីរបស់ខ្លួន ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល