CamNews

ព័ត៌មានជាតិ 

អ.ហ ស្ទឹងមានជ័យ ឃាត់ខ្លួនយុវជន ៣នាក់ ពាក់ព័ន្ឋនឹងដាក់ ដាវសាំម៉ូរ៉ៃ តាមខ្លួន

ភ្នំពេញ ៖ អាវុធហត្ថ ខណ្ឌមានជ័យបានឃាត់ខ្លួនយុវជន ៣នាក់នៅចំណុច ផ្លូវបេតុង ចេញពីផ្លូវ មុន្នីរ៉េតហួសក្លឹបឌឹម៉ូន ប្រហែល៣០០ម៉ែត្រ ដែលឋិតនៅភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២និង១២នាទីយប់ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីពួកគេទាំង៣នាក់ ជិះម៉ូតូម៉ាកអ៊ែរប្លែកមួយគ្រឿង ដោយមានលាក់នូវ ពូថៅ និងដាវសុំាម៉ូរៃជាច្រើនដាវក្នុងកែបម៉ូតូ ។

លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដែលតែងតែដឹកនាំកម្លាំង ប្រជាការពារចេញល្បាតក្នុងភូមិសាស្ត្រ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ ទី១-ឈ្នោះ ហឿ ហ៊ុយ អាយុ ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើត នៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម, ទី២-ឈ្មោះ រ៉ា រិទ្ធិ អាយុ ១៩ឆ្នាំ ស្នាក់នៅ ភូមិវិហារខ្ពស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ ម៉ង ភាព អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ ត្រពាំងចាន់ ស្រុកក្រចាប់ ខេត្តកំពង់ឆ្នាំង។

មុននឹងឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់ខាងលើ គឺកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ និងកម្លាំង អាវុធហត្ថខណ្ឌមានជ័យ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួន លុះមកដល់វេលាកើតហេតុស្រាប់តែប្រទះ ឃើញ ជនសង្ស័យទាំងបីនាក់ជិះម៉ូតូឌុប យ៉ាងលឿន ឃើញដូច្នេះកម្លាំងក៏បានដេញតាម និងហៅអោយឈប់ ហើយធ្វើឆែកឆេរ ក៏រកឃើញ ពូថៅ ដាវសុំាម៉ូរ៉ៃ និងឧបករណ៍ប្រព្រឹត្តបទល្មើសជាច្រើនទៀត ដែលលាក់ទុក ក្រោមកែបម៉ូតូ ទើបធ្វើការឃាត់ខ្លួនភ្លាមតែម្តង។

ក្នុងការឃាត់ខ្លួននេះ កម្លាំង សមត្ថកិច្ចដកហូតបាន ដាវសាំម៉ូរ៉ៃចំនួន ៣ដើម ពូថៅមួយ និងដប់ស្រាសាច់ដុំ ៣ដបដែលដាក់ទឹកកន្លះៗ នៅក្នុងកែបម៉ូតូ។

ក្រោយឃាត់ខ្លួនភ្លាមៗ ជនសង្ស័យទាំងបីនាក់និងវត្ថុតាង ត្រូវបញ្ចូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP