CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនមន្ដ្រីយោធា ឆត្រ័យោង ៩១១ ពីបទលួចម៉ូតូ និងរក្សាទុក គ្រឿងញៀន

ភ្នំពេញ ៖  មន្ដ្រីយោធា នៅកងពល លេខ៩១១ម្នាក់ ត្រូវបាននគរបាលប៉ុស្ដិ៍ទឹក ថ្លា ខណ្ឌសែនសុខឃាត់ខ្លួន ក្រោយពីទទួល បានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ដោយ ចោទប្រកាន់ថា ជាចោរលួចម៉ូតូរបស់ខ្លួន កាល ពីយប់ជ្រៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ទឹកថ្លា បាន ឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះលុន ចំណាប់ អាយុ២៦ឆ្នាំ មុខរបរ ជាមន្ដ្រីយោធា ឆត្រ័យោង៩១១ ហើយបច្ចុប្បន្នស្នាក់នៅក្នុងបន្ទាយរបស់ខ្លួន ដោយឡែកជនរងគ្រោះវិញ ឈ្មោះ សន ចាន់ធី អាយុ២០ឆ្នាំ មុខរបរជានិស្សិត មានទីលំនៅផ្ទះជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនម៉ាកស្មាស់វី ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាក់ស្លាកលេខ ភ្នំពេញ 1CK-0229 ទៅទុកក្នុងបន្ទប់ ជួលរបស់សង្សារ ហើយបន្ទាប់ មកត្រឡប់ មកដេកក្នុងបន្ទប់ខ្លួនវិញ ដែលនៅជាប់នោះ ។

សមត្ថកិច្ចបន្ដទៀតថា លុះពេលយប់ជ្រៅ ជនសង្ស័យបានចូលទៅលួចម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព លុះដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះ បានប្រទះឃើញជនសង្ស័យរូបនេះ នៅភូមិត្រពាំងឈូក ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅឃាត់ខ្លួនតែម្ដង  ។

សមត្ថកិច្ចបានបញ្ជាក់ថា ពេលទៅឃាត់ ខ្លួននោះ សមត្ថកិច្ចក៏បានរកឃើញថ្នាំក្រាម ពណ៌សថ្លា មួយកូន ថង់ តូចផងដែរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការបន្ដ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល




Tags: social News Cambodia PP