CamNews

ព័ត៌មានជាតិ 

ព្យុះចិត្តស្រឡាញ់ អក្សរសាស្រ្តជាតិ ជំរុញកូនខ្មែរ ក្រោមម្នាក់ សម្រេចមហិច្ឆតា បង្កើតពុម្ពអក្សរខ្មែរ

ភ្នំពេញៈ រស់នៅលើទឹកដីក្រោមអណានិគមគ្មាន វាសនា បានរៀនអក្សរសាស្រ្តជាតិរបស់ខ្លួនឲ្យ
បាន ស្រួលឡើយ តែផ្ទុយទៅវិញ ការរស់ក្រោមនឹមត្រួតត្រា កៀបសង្កត់រឹតត្បឹតនេះ បានជំរុញឲ្យ
យុវជនខ្មែរកម្ពុជាក្រោមម្នាក់ បាន តស៊ូពុះពារសិក្សាអក្សរខ្មែរចេះស្ទាត់ ថែមទាំងបានស្រាវជ្រាវ
រហូតបានបង្កើត ជាពុម្ពអក្សរខ្មែរ ដែលប្រជាពលរដ្ឋ កម្ពុជាជាច្រើន បាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ
ហៅដោយសាមញ្ញថា Font Unicode។

ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ ដែលកំពុងរស់លាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្នុងប្រទេសកម្ពុជា មាន
មនុស្សមិន ច្រើននោះទេ ដែលបានស្គាល់រូបលោក ខណៈដែលពួកគេកំពុងនឹងប្រើប្រាស់ជារៀងរាល់
ថ្ងៃនូវសមិទ្ធផល ដ៏វិ សេសវិសាលរបស់គាត់ ដើម្បីបម្រើការងាររបស់ពួកគេ។

ក្នុងវ័យ ៤២ឆ្នាំ សម្បុរស្រអែម មាឌដំបង ស្ថាបនិកពុម្ពអក្សរយូនីកូដជាកូនខ្មែរកម្ពុជាក្រោម លោក
ដាញ់ ហុង ពី ក្នុងហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ បានរៀបរាប់ពីដំណើរដើមទង នៃការ
បង្កើតពុម្ពអក្សរខ្មែរថា ជាខ្មែរ កម្ពុជាក្រោម ដែលមានឈាមជ័រជាខ្មែរអារម្មណ៍ និងផ្នត់គំនិតរបស់
លោកបានដិតដាមជាប់ជាមួយអក្សរខ្មែរ ទោះបីការរស់លើដីកំណើត ដែលគ្រប់គ្រងដោយរដ្ឋាភិបាល
វៀតណាម ហាមរូបលោកសិក្សាអក្សរខ្មែរយ៉ាងណាក្តី តែលោកបានលួចរៀនពីឪពុក និងព្រះសង្ឃ
នៅតាមទីអារាមរហូតបានចេះចាំអក្សរសាស្រ្តជាតិរបស់ខ្លួន និង អាចប្រើជាផ្លូវការបាន។

ជាមួយនឹងស្នាមញញឹមតិចៗ ក្នុងសំដីរដឹនជាអ្នកខេត្តពល្លាវ កម្ពុជាក្រោម ដាញ់ ហុង បានរៀបរាប់
បន្តថា ពេលលោកសិក្សានៅមហាវិទ្យាល័យ ផ្នែកច្បាប់ក្នុងទីក្រុងព្រៃនគរ ដែលវៀតណាម ហៅថា
ហូជីមិញ នោះ លោកបានឃើញប្រជាពលរដ្ឋកម្ពុជា បានទៅជួលក្រុមហ៊ុនវៀតណាមបង្កើតពុម្ពអក្សរ
ខ្មែរ ក្នុងនាមជាខ្មែរ តែមិនអាចធ្វើខ្លួនឯងបាន ហើយរត់ទៅពឹងគេនេះហើយ ធ្វើឲ្យរូបលោកមានអារម្ម-
ណ៍ឈឺចាប់ ព្រមទាំងចាប់ផ្តើម សិក្សាស្រាវជ្រាវរហូតបង្កើតនូវពុម្ពអក្សរខ្មែរយូនីកូដ នេះឡើង ដើម្បី
ប្រើប្រាស់ផ្ទាល់ខ្លួន ជាជំហ៊ានដំបូង។

លោកបានបញ្ជាក់ជាមួយនឹងស្នាមញញឹមថា «ដំបូងឡើយគ្មានបំណងចង់បង្កើតប្រើប្រាស់អីទូលំទូ-
លាយដូច្នេះទេ គ្រាន់តែចង់ថាស្រាវជ្រាវធ្វើយ៉ាងម៉េចឲ្យពុម្ពអក្សរខ្មែរវាស្រួលសម្រាប់ប្រើខ្លួនឯង ខ្ញុំក៏
ចេះតែស្រាវជ្រាវទៅ។ លុះ ដល់ឆ្នាំ២០០២ ខ្ញុំបានឡើងមកប្រទេសកម្ពុជាធ្វើការជាមួយអង្គការ និង
បន្តស្រាវជ្រាវពីវិធីបង្កើតពុម្ពអក្សរខ្មែរនេះ ទៀត»។

ទោះបីជា ហុង បានបង្កើតពុម្ពអក្សខ្មែរយូនីកូដ ដោយខ្លួនឯងប្រើបានក្តី តែមិនទាន់ត្រឹមត្រូវទៅតាម
បច្ចេកទេស នៅឡើយទេ លុះដល់ឆ្នាំ២០០២ យុវជនខ្មែរក្រោមម្នាក់នេះ បានមានឱកាសត្រូវបានក្រុម
ហ៊ុន Microsoft ដែល មានស្នាក់ការនៅប្រទេសអាមេរិក ហៅទៅសិក្សាបច្ចេកទេសបន្ថែមរយៈពេល
២សប្តាហ៍ ដើម្បីបំពេញនូវចំណុច ខ្វះខាត។

លោក ហុង បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងយើងអាចបង្កើតបានហើយ តែវាមិនទាន់ស្តង់ដារយើងក៏
ទៅរៀនជា មួយគេពីបច្ចេកទេស ថាធ្វើយ៉ាងម៉េចឲ្យវាដើរស្រួល និងត្រូវទៅតាមស្តង់ដាររបស់វា»។

បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលជំនាញបន្ថែមពីក្រុមហ៊ុន Microsoft ហើយនោះ ហុង ដែលមាន
ឪពុកម្តាយ ជាខ្មែរកម្ពុជាក្រោម និងជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់នោះ បានត្រឡប់មកប្រទេស
កម្ពុជាវិញ រូបលោកចាប់ផ្តើមប្រឡូកបង្កើតពុម្ពអក្សរខ្មែរយូនីកូដនេះឡើង នឹងដាក់តាមបណ្តាញប្រព័ន្ធ
អ៊ីនធើណេតឲ្យគេទាញយក (download) ទៅប្រើប្រាស់ដោយសេរី។

ទោះជា ដាញ់ ហុង បានបង្កើតពុម្ពអក្សរខ្មែរ ចែកជូនប្រជាពលរដ្ឋទូទាំងសកលលោកប្រើប្រាស់ដោយ
សេរីយ៉ាង ណាក្តី តែមានមនុស្សមិនច្រើនទេ ដែលបានស្គាល់រូបលោកនោះ មិនត្រឹមតែប៉ុណ្ណឹងទេក្នុង
ជំហានដំបូង នៃការ បង្កើតពុម្ពអក្សរខ្មែរនេះ មានមនុស្សជាច្រើន បានបន្ទុចបង្អាក់ និងរិះគន់ថា ពុម្ព
អក្សរខ្មែរយូនីកូដរបស់លោក ប្រើ មិនត្រឹមត្រូវ ពោលគឺមានអ្នកតាមច្រណែន និងនិន្ទារូបលោកតែ
ម្តង។

លោក ហុង បានបញ្ជាក់ថា «យើងបង្កើតទៅគេថា យើងនឹងខុសចេះខុសចុះ តែពេលនេះអ្នកដែល
រិះគន់ ណុង គេ បានបង្កើតដែរ ហើយគេថែមទាំងអះអាងថា Font អក្សរហ្នឹងគេជាអ្នកបង្កើត តាមពិត
ទៅខ្ញុំជាអ្នកបង្កើតទាំងអស់ ហ្នឹង»។

ទោះបីជាមានរឿងរកាំរកូសជាឧបសគ្គក្តី តែក៏មិនមែនមានន័យថា ធ្វើឲ្យយុវជនខ្មែរក្រោមម្នាក់នេះ
ចុះចាញ់នោះ ដែរ គឺលោកនៅតែបន្តស្រាវជ្រាវបង្កើតពុម្ពអក្សរយូនីកូដនេះរហូតមក ជាពិសេសធ្វើ
យ៉ាងណាសម្រួលឲ្យប្រើបាន ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា ដែលទើបចេញថ្មីៗ ដូចជាប្រើតាមគេហ-
ទំព័រ ប្រើលើទូរស័ព្ទអាយហ្វូន អាយផេត និងជាមួយ Browser ផ្សេងៗទៀតរហូតដល់ដាក់លើគេហ-
ទំព័រហ្គូហ្គោលថែមទៀតផង។

ជាមួយនឹងស្នាមញញឹមប្រកបដោយមោទនភាពក្នុងនាមជាអ្នកជោគជ័យលើការស្រាវជ្រាវរបស់ខ្លួន
កូនខ្មែរក្រោម ម្នាក់នេះ បានបញ្ជាក់ថា «យើងខំធ្វើឲ្យវាប្រើទៅស្គាល់ Font អក្សរខ្មែរនៅលើប្រព័ន្ធ
ទូរស័ព្ទស្មាតហ្វូនដូចជា អាយ ហ្វូន អាយភេត និងប្រព័ន្ធអេនឌ្រយផ្សេងៗ នឹងហើយជាកិច្ចសហការ
រវាងខ្ញុំជាមួយនិងហ្គូហ្គោល»។

ងាកទៅកុមារភាព និងប្រវត្តិ នៃការសិក្សាស្ថាបនិកពុម្ពអក្សរខ្មែរ ជាខ្មែរ កម្ពុជាក្រោមរូបនេះវិញម្តង។
កុមារ ហុង ទោះបីជាកើតក្នុងត្រកូលគ្រួសារជាកសិករ និងរស់ក្រោមអណានិគមវៀតណាមយ៉ាងណា
ក្តី តែគេហាក់ដូចជាមិន សូវមានប្រវត្តិជូរចត់ ឈឺចាប់ និងវេទនាប៉ុន្មាននោះទេ។

ជាមួយនឹងអាវដៃខ្លី ពណ៌ប្រផេះ អង្គុយលើសាឡុងពណ៌ឈាមជ្រូក ក្នុងហាងកាហ្វេកណ្តាលរាជធានី
ភ្នំពេញ ដោយកែវភ្នែកបាញ់ទម្លុះកញ្ចក់វែនតា ដ៏ក្រាស់របស់លោក បានបញ្ជាក់ប្រាប់ថា ការសិក្សានៅ
កម្ពុជាក្រោមមិន ងាយស្រួលនោះទេ កូនខ្មែរកម្ពុជាក្រោមមិនមែនអាយុ ៥-៦ឆ្នាំអាចចូលរៀនបាននោះ
ទេ លុះតែក្លាហាន ចេះវាយ ចេះតប់ទើបអាចទៅរៀនបាន។ ត្រង់នេះ ហុង ចង់បញ្ជាក់ថា ព្រោះក្រោម
អាណានិគម គឺមានក្មេងៗជាជនជាតិវៀតណាមតែងតែធ្វើបាប ដូច្នេះយើងត្រូវតែចេះការពារខ្លួនឯង។
ក្នុងកុមារភាព ហុង តែងតែចំណាយ ពេលដើរ រាប់សិបគីឡូម៉ែត្រ ដើម្បីទៅសិក្សា ហើយ ហុង គ្មានឱ
កាសបានរៀនអក្សរខ្មែរ ដែលជាអក្សរជាតិរបស់ខ្លួននោះទេ បើមិនលួចរៀនជាមួយឪពុក និងនៅតាម
វត្តទេ គ្មានថ្ងៃចេះអក្សរសាស្ត្រខ្មែរឡើយ ហើយបើយើងមិនរស់ក្នុងស្ថាន ភាពបែបនឹង ក៏មិនចេះតស៊ូ
ដែរ។

ជាមួយនឹងការសិក្សាដ៏វែងឆ្ងាយ ហុង បានបញ្ចប់មហាវិទ្យាល័យផ្នែកច្បាប់នៅទីក្រុងព្រៃនគរ ហើយ
បម្រើការនៅ ក្នុងរដ្ឋការវៀតណាមរយៈពេល៣ឆ្នាំថែមទៀតផង។ តែដោយសារតែការមានអារម្មណ៍
ថា ខ្លួនរស់ និងធ្វើការ ប្រៀបដូច ជាជនអន្តោប្រវេសន៍នៅលើដីកំណើតរបស់ខ្លួននោះ ហុង ក៏សម្រេច
ចិត្តមកស្វែងរកការងារធ្វើ នៅរាជ ធានីភ្នំពេញ ក្នុងឆ្នាំ២០០០ ។

ត្រង់ចំណុចនេះ ហុង បញ្ជាក់ថា «យើងរស់តាមបែបអន្តោប្រវេសន៍ យើងបង្ខំចិត្តធ្វើគ្រប់បែបយ៉ាង
មិនមែនធ្វើតែ មួយមុខបាននោះទេ ដូចយួនគេរៀននៅនឹង គេរៀនច្បាប់គេដឹងតែចេញមកធ្វើការ
ខាងច្បាប់តែយើងអត់បានទេ ការងាររដ្ឋ មិនសមស្របសម្រាប់ជីវភាពឡើយ»។

បន្ទាប់ពីហែលឆ្លងឆាកជីវិតដ៏វែងឆ្ងាយរហូតដល់បច្ចុប្បន្នជាមួយនឹងការងារជាអ្នកបច្ចេកទេសបង្កើត
ពុម្ពអក្សរខ្មែរ ហុង បានបញ្ជាក់ថា លោកបានបង្កើតពុម្ពអក្សរខ្មែររហូតដល់ជាង១០០ ដោយដាក់បម្រើ
តាមអង្គការ ក្រុមហ៊ុន ឯកជននានា។ រាល់ថ្ងៃពុម្ពអក្សរដែលគេប្រើស្ទើរតែគ្រប់គ្នា ប្រើដោយសេរីនោះ
មានដូចជាប្រភេទពុម្ពអក្សរ ឬ font khmer Os, khmer Os battambang… ឬក៏ប្រភេទ kh battambong
kh Moul…។ល។

ទោះបីជាយ៉ាងណាស្ថិតនៅក្នុងវ័យ៤២ ហុង មានភរិយាជាអ្នកខេត្តកណ្តាល និងមានបុត្រីម្នាក់ ជាចំ
ណងដៃទៅ ហើយ បន្ទាប់ពីជ្រើសរើសយកអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៨។ រហូតដល់បច្ចុប្បន្ននេះ
ស្ថាបនិកពុម្ពអក្សរខ្មែរ ដាញ់ ហុង នៅតែបន្តមហិច្ឆតារបស់ខ្លួន ព្យាយាមស្រាវជ្រាវថែមទៀត ធ្វើយ៉ាង
ណាឲ្យអក្សរខ្មែរកាន់តែងាយ ស្រួលប្រើជាមូយឧបករណ៍បច្ចេក វិទ្យាទំនើបៗ ដែលទើបនឹងចេញថ្មី
សម្រាប់បម្រើតម្រូវការប្រជាពលរដ្ឋខ្មែរ។

ទោះបីជាបង្កើតស្នាដៃដ៏ធំធេងយ៉ាងនេះក្តី តែលោក ដាញ់ ហុង មិនចង់បញ្ចេញមុខ ឬបញ្ចេញឈ្មោះ
នោះទេ ព្រោះតែ ហុង គិតថា ធ្វើដើម្បីកូនខ្មែរ ជាតិខ្មែរ និងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដោយសាមញ្ញ
ជាការស្រេច លោក មិនចង់ចេញមុខចេញមាត់នោះទេ។

ស្ថាបនិកលាក់ប្រវត្តិ ព្រោះអតីតកាលជាខ្មែរកម្ពុជាក្រោម រស់ដោយការហ៊ុំព័ទ្ធតាមដានពីរដ្ឋការវៀត
ណាមរូបនេះ បានថ្លែងអំពាវនាវឲ្យកូនខ្មែរទាំងអស់ ព្យាយាមសិក្សាស្វែងយល់ពីបច្ចេកវិទ្យានិងប្រើ
ប្រាស់ពុម្ពអក្សរខ្មែរយូនីកូដ ទាំងអស់គ្នា ហើយព្យាយាមស្រាវជ្រាវបង្កើតនូវគំនិតថ្មីៗ បន្ថែមទៀត
សម្រាប់ជាស្នាដៃ និងកិត្តិស័ព្ទរបស់ជាតិ៕

Photo by DAP-NEWS

Photo by DAP-NEWS

លោក ដាញ់ ហុង បង្កើតពុម្ពអក្សរខ្មែរ

Photo by DAP-NEWS

ផ្ទះកំណើតរបស់លោក ដាញ់ ហុង ក្នុងខេត្តពល្លាវ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ