កំពង់ចាមៈ ជនសង្ស័យចំនួន៦នាក់ ដែលជាក្រុមឃុបឃិត ប្លន់ប៉ុស្តិ៍សេវាកម្ម របស់សាខា
ធនាគារ អេស៊ីលីដាស្រុកស្ទឹងត្រង់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពី វេលាម៉ោង១០និង៣០
នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នៅក្រោយពេល សមត្ថកិច្ច បាន ស្រាវជ្រាវដឹងថា
ក្រុមជនល្មើសទាំងនោះ បានរៀបឆាកល្ខោន ប្រើរូប ភាពចាប់ ចំណាប់ខ្មាំង ជាបុគ្គលិកធនា
គារ ចំនួន ៣នាក់កាលពីល្ងាចថ្ងៃទី២២ ខែមករា នៅឃុំទុកនៅក្នុងបន្ទប់ពិសេស របស់ប៉ុស្តិ៍
សេវាកម្មធនាគារ អេស៊ីលីដា ស្ថិតក្នុង ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្ត
កំពង់ចាម។
ក្នុងសន្និសិទកាសែតកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ នៅស្នងការដ្ឋាននគរបាលខេត្ត
កំពង់ចាម លោក វរសេនីយ៍ ឯក ជឹម សេងហុង ស្នងការរង ទទួល ផែនការិយាល័យកណ្តាល
នគរបាលយុត្តិធម៌ បានមាបប្រសាសន៍ឲ្យ ដឹងថា ករណីខាង លើគឺបានកើតឡើងតាំងពីល្ងាច
ថ្ងៃទី២២ ខែមករា ប៉ុន្តែព័ត៌មានដែល សមត្ថកិច្ចនគរបាល ទទួលបាន គឺនៅវេលាម៉ោង ៥និង
៣០នាទីទាបភ្លឺ ថ្ងៃទី២៣ ។ ដូច្នេះរយៈពេលជាង១០ ម៉ោងដែលក្រុមជនល្មើស បានធ្វើសកម្ម
ភាពនៅចំណុចកើតហេតុ គឺខាងបុគ្គលិកធនាគារ មិនបានផ្តល់ព័ត៌មាន មកសមត្ថកិច្ចនោះទេ។
ហើយបន្ទាប់ពីទទួលព័ត៌មាននោះ ខាងសមត្ថកិច្ច នគរបាលបានទទួលបញ្ជាពីលោក អគ្គស្នង
ការនគរបាលជាតិ ក៏ដូចជាលោក អភិបាលខេត្តកំពង់ចាម ទើបលោក និងលោក ឧត្តមសេនីយ៍
ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុដោយរួមសហ
ការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោក ឧត្តមសេនីយ៍ វ៉ា សារិទ្ធ និងកម្លាំង
អន្តាគមន៍ របស់អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ មួង សារ៉ន
និងលោកអនុប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង និងអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក៏មាន
វត្តមាននៅទីនោះដែរ ។
លោក ស្នងការរង បានឲ្យដឹងទៀតថា ក្នុងខណៈពេលដែលកម្លាំងសមត្ថកិច្ចនៅជួបជុំគ្នានោះ
ធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ ក្រុមជនល្មើសដែលនៅក្នុងបន្ទប់ពិសេសរបស់អាគារធនាគារ
អេស៊ីលីដា បានទូរស័ព្ទទាក់ទង ចរចា ជាមួយបុគ្គលិកធនាគារខាងក្រៅ សុំថ្នាំញៀន លុយមិន
យកទេ។ ហើយពេលនោះ សមត្ថកិច្ច បានសម្រួលយកថ្នាំញៀនឲ្យពួកវា ហើយខណៈនោះផង
ដែរ សមត្ថកិច្ចបានឲ្យប្រធានសាខាធនាគារនៅទីនោះ ចេះតែនិយាយទូរស័ព្ទអង្វករ លួងលោម កុំឲ្យសម្លាប់បុគ្គលិក២នាក់ដែលនៅក្នុងបន្ទប់នោះដែលយើងគិតថា ជាចំណាប់ខ្មាំង ពោល គឺវា
ជាការពន្យាពេល ដើម្បីសមត្ថកិច្ច យើងរកគន្លឹះ បំបែកករណីនេះ ។ លោកស្នងការរងបន្តថា ដោយជាសវាងខ្លាចមានគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង សមត្ថកិច្ចយើងបានសម្រេចចិត្ត មិនប្រើ
វិធីបាញ់ឧស្មាន់ពុល ចូលក្នុងបន្ទប់ ដែលពួកវាលាក់ខ្លួននោះទេ ដោយអនុវត្តតាមការណែនាំ
របស់លោក ហ៊ុន ណេង អភិបាលខេត្ត នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ កម្លាំងសមត្ថកិច្ចយើង
ទាំង អស់បានដកចេញពីកន្លែងកើតហេតុ ដោយបែងចែកកម្លាំងការពារ តាមគោលដៅសំខាន់ៗ
ដែលតំបន់នោះ លោក បានស្គាល់ភូមិ សាស្ត្រច្បាស់។ រហូតដល់ម៉ោង៩និង៣០នាទីយប់ ទើប
ក្រុមជនទាំង៣នាក់ព្រមចេញពី បន្ទប់ ដោយឲ្យ មន្ត្រីយើងចាក់សោរទ្វារក្រៅទាំងអស់ បោះកូន
សោរឲ្យពួកវា ហើយសុំម៉ូតូ២គ្រឿងធ្វើមធ្យោបាយ ។ ប៉ុន្តែពេលនោះ មានម៉ូតូនៅក្នុងអាគារនោះ
ស្រាប់ ហើយកូន សោរម៉ូតូគឺនៅជនល្មើស ។ ហើយពេលនោះ សមត្ថកិច្ចបានត្រៀមនៅក្បែរ
មាត់ទ្វារ នៅពេលដែលជនល្មើសអូសម៉ូតូចេញគឺម៉ូតូ២គ្រឿង និងគ្នាវា៣នាក់ ដែលយើងគិតថា
ចំណាប់ខ្មាំង២នាក់ និងជនចាប់ជំរិតម្នាក់ ហើយនៅពេលដែលមនុស្ស ២នាក់ ដែលយើងគិតថា
ជាចំណាប់ខ្មាំង អូសម៉ូតូ១ចេញតាមទ្វារក្រោយបាន១០ម៉ែត្រ គ្មានជាប់ចំណងអ្វីទាំងអស់ បន្ទាប់
មក ទើបមានបុរសម្នាក់ទៀត ដែលយើងគិតថា ជនល្មើស បានអូសម៉ូតូចេញតាមក្រោយ ប៉ុន្តែ
ម៉ូតូ១នេះ បញ្ឆេះអត់ឆេះ អញ្ចឹង ម៉ូតូនៅខាងមុខ ដែលមានគ្នា២នាក់មិនជិះម៉ូតូទៅទេ បែជា
ឈប់ចាំម៉ូតូក្រោយ ចំណុចនេះ ដែលធ្វើឲ្យសមត្ថកិច្ចកាន់តែ មានការ សង្ស័យថាជាបក្សពួក
តែមួយ។បន្ទាប់មក ម៉ូតូទាំងពីរគ្រឿងបានបញ្ឆេះ ហើយបើកចេញទៅ ប៉ុន្តែពេលនោះ លោក
បានបញ្ជា កម្លាំងតាមគោលដៅ ឲ្យស្ទាក់ចាប់ម៉ូតូនោះវិញ មានមនុស្សពីរនាក់ ដែលប្រធាន
សាខាធនាគារអះអាងថា ជាចំណាប់ខ្មាំង ប៉ុន្តែ ពេលនោះ សមត្ថកិច្ចបានឆែកឃើញពីរនាក់នេះ
មានកាំភ្លើង ១ដើម ហើយពេលនោះសមត្ថកិច្ចបានសួរជនទាំងពីរនាក់ថា «ហេតុ អ្វីមានកាំភ្លើង»
ជនទាំងពីរនាក់ឆ្លើយថា ពួកគេបានសុំកាំភ្លើងពីជន ល្មើស ដោយហេតុផលថា បើជនល្មើសកាន់ កាំភ្លើងខ្លាចបាញ់ពួកគេនៅពេលចេញក្រៅ ។
ចំណុចនេះ ទើបសមត្ថកិច្ចយល់ច្បាស់ថា ពួកនេះ គឺក្រុមតែមួយ ទើបសមត្ថកិច្ចបន្តឆែកក្រោម
កែបម៉ូតូនោះ ឃើញមាន លុយរៀលមួយចំនួនធំទៀត ។លោក ស្នងការរងបន្តថា ដោយឡែក
ម៉ូតូមួយទៀតជិះពីក្រោយម៉ូតូខាង មុខប្រហែល១០០ម៉ែត្រ ហើយពេលឃើញសមត្ថកិច្ចយើង
ឃាត់ម៉ូតូខាងមុខ វាបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលព្រៃកៅស៊ូ លុះបាន១៥នាទីក្រោយ
ទើបសមត្ថកិច្ចយើងចាប់វាបាន។
ហើយក្រៅពីនោះ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យបាន៣នាក់ទៀត ដែលជាបុគ្គ
លិករបស់ធនាគារអេស៊ីលីដា ដែលជាប់ពាក់ព័ន្ធក្នុងករណីនោះ។ហើយជនសង្ស័យទាំង៦នាក់
នោះ ១ឈ្មោះ ស៊ីម គឹមថាត ជាមេក្លោងនិងជាប្រធានបេឡា ប៉ុស្តិ៍សេវាកម្មធនាគារ ដែលជន
នេះបានឆ្លើយសារភាពថា មកពីខ្លួនជំពាក់បំណុលគេច្រើនពេក ទី២ ឈ្មោះ ស៊ីម គឹមថុន បុគ្គ
លិក ទី៣ឈ្មោះ ស៊ីម តុលា ហៅចេម មកពីភ្នំពេញ ទី៤ឈ្មោះ អាន ម៉ាត់លី បុគ្គលិក ទី៥ឈ្មោះ
ស៊យ ឌីណា ជាប្រធានស្តីទីនៅប៉ុស្តិ័សេវាកម្មនោះ ទី៦ឈ្មោះ ទីម គុយហេង បុគ្គលិក។ ហើយ
ទាំង៦នាក់នោះ មាន៤នាក់ជាប់ពាក់ព័ន្ធដោយផ្ទាល់ និង២នាក់ជាប់ពាក់ព័ន្ធដោយប្រយោល។
ហើយក្នុងករណីនេះ សមត្ថកិច្ចបានដកហូតបានអាវុធខ្លីម៉ាក កា៥៤មួយដើម គ្រាប់៥គ្រាប់ និង
លុយរៀល មួយចំនួន ដោយឡែក ចំពោះការបាត់បង់ប្រាក់របស់ធនាគារប៉ុន្មាននោះ សមត្ថកិច្ច
នៅមិនទាន់បានដឹងទេ។ចំណែកឯជនសង្ស័យទាំង៦នាក់ បច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ន
នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត
កំពង់ចាម ចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល