CamNews

ព័ត៌មានជាតិ 

ជន​សង្ស័យសារភាព ពីការ​លួច​យក​ព្រះ​សុវណ្ណ​កោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ

តាកែវ៖ បន្ទាប់ពីចាប់ខ្លួនបាន និងបញ្ជូនមកកាន់ស្នងការដ្ឋាន នគបាលខេត្តតាកែវ នាយប់ថ្ងៃ ព្រហស្បត្តិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ ជនសង្ស័យឈ្មោះ កែវ រស្មី ភេទប្រុសអាយុ ២៤ឆ្នាំ មាន ទីលំនៅក្នុងភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួន ក្នុងការលួចយកព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ពីភ្នំព្រះរាជទ្រព្យ «ឧត្តុង»។

នៅចំពោះមុខសមត្ថកិច្ចដែលបានសាកសួរ ជាជំហ៊ានដំបូងជនសង្ស័យ មិនបានឆ្លើយសារភាព នោះទេ ក៏ប៉ុន្តែក្រោយមកជនសង្ស័យ បានឆ្លើយយល់ព្រម ឆ្លើយសារភាពពីសកម្មភាពរបស់ ខ្លួនថា កាលពីព្រលប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ រូបគេបានខ្ចីម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង របស់អ្នកស្រុកជិះពីខេត្តតាកែវ ទៅលួចយកព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ នៅលើភ្នំ ព្រះរាជទ្រព្យ ហើយពេលដែលគេឡើងទៅលួចយកនោះ មិនបានជួបនឹងក្រុមឆ្មាំយាម ព្រះបរម សារីរិកធាតុនោះទេ ហើយកន្លែងតំកល់ព្រះបរមសារីរិកធាតុក៏មិនមានចាក់សោរអីនោះដែរ។ ជនសង្ស័យបានបន្តថា ក្រោយពីលួចយកព្រះសុវណ្ណកោដ្ឋ ដែលដាក់ព្រះបរមសារីរិកធាតុ និង សម្ភារៈមានតម្លៃមួយចំនួនហើយ រូបគេក៏ប្រមូលរបស់របរទាំងអស់នោះ ដាក់ក្នុងស្បោងមួយ រួចជិះម៉ូតូ ត្រលប់មកខេត្តតាកែវវិញ។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យ គឺការលួចយកព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិក ធាតុនេះ គឺគេធ្វើឡើងតែម្នាក់ឯងប៉ុណ្ណោះ មិនមានអ្នកណាម្នាក់ចូលរួម ជាមួយសកម្មភាពរបស់ ខ្លួននោះទេ ហើយការលួចយករបស់មានតម្លៃរបស់ជាតិនេះ គឺយោងទៅតាមការយល់សប្តិ ដែលគេប្រាប់ថាឲ្យទៅយកកំណប់ នៅលើកំពូលភ្នំព្រះរាជទ្រព្យ។

ក្រោយការលួចរបស់មានតម្លៃនេះហើយ ជនសង្ស័យបានយកមាសទៅលក់ អស់ប្រមាណកន្លះ គីឡូ ដោយបានប្រាក់មួយចំនួនយកមកធ្វើផ្ទះ ដែលកំពុងតែសាងសង់ អស់ប្រាក់ប្រមាណជាង ១ម៉ឺនដុល្លារ និងទិញរថយន្តសេរ៊ីទំនើបម៉ាក Hyandia សេរីឆ្នាំ២០១៤ ពណ៌ខ្មៅមួយគ្រឿង អស់ ប្រាក់ជាង ២ម៉ឺនដុល្លារអាម៉េរិក។

នេះគឺជាការសារភាពរបស់ជនសង្ស័យជាជំហ៊ានដំបូង តែទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ច នៅមិនទាន់ជឿជនសង្ស័យនៅឡើយទេ ដោយសមត្ថកិច្ច និងបន្តសាកសួរជនសង្ស័យបន្តទៀត ហើយក៏បានធ្វើការស៉ើបអង្កេត រកបក្ខពួកជនសង្ស័យបន្ថែមទៀតផងដែរ។

ក្នុងការចុះទៅឆែកឆេរ នៅផ្ទះសាច់ញាតិជនជាប់ចោទនោះ ក្រៅពីព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុ សមត្ថកិច្ចដកហូតសម្ភារៈមួយចំនួនទៀតផងដែរ រួមមានព្រះពុទ្ធបដិមា ធ្វើពីមាសមួយ ព្រះអង្គ ខ្សែ កមាស ចិញ្ចៀន ប្រាក់ជាង២លានរៀល ជញ្ជីងថ្លឹងមាស និងប្រដាប់ប្រដារំលាយ មាស និងប្រដាប់ប្រដាមួយចំនួនទៀត។

គួរបញ្ជាក់ថា ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានឈានទៅឃាត់ខ្លួន ស្រ្តីអ្នកទិញមាស ម្នាក់ នៅផ្សារព្រៃសណ្ដែកផងដែរ ដោយឡែកយាយរបស់ជនសង្ស័យ និងសាច់ញាតិម្នាក់ ដែល ជនសង្ស័យយករបស់ទៅផ្ញើ ក៏ត្រូវបានធ្វើការឃាត់ខ្លួន យកមកសាកសួរនៅ តុលាការខេត្តតាកែវ ផងដែរ រីឯជនសង្ស័យ និងស្រ្តីអ្នកលក់មាស ត្រូវបញ្ជូនទៅកាន់តុលាការខេត្តកណ្ដាល ដើម្បីសាក សួរបន្ត។ ចំណែកព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ត្រូវបានថ្វាយជូនសម្ដេចសង្ឃនាយក រងគណៈមហានិកាយ អំ លឹមហេង ថែរក្សាទុក៕

ជនសង្ស័យ កែវ រស្មី

លោកស្នងការនគរបាលខេត្តកណ្តាល អ៊ាវ ចំរើន កាន់បង្ហាញព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social news ព័ត៌មានជាតិ