ភ្នំពេញ ៖ យុវជនទំនើងម្នាក់ មានអាការៈស្រវឹងជោគ បានបើករថយន្ត រេពេញផ្លូវ រួចហើយ ជ្រុលបុកគូទ រថយន្តលុច្សស៊ីស សេរី៥៧០ បានបណ្តាលឲ្យ រងការខូចខាត ផ្នែកខាងក្រោយ យ៉ាងធ្ងន់ធ្ងរ ហើយអ្វីដែលធ្វើឲ្យ ហួសចិត្តយ៉ាងខ្លាំងនោះ គឺយុវជនទំនើងខាងលើ មិនទទួលខុសត្រូវ ហើយថែមទាំងជេរប្រមាថ សមត្ថកិច្ចទៀតផង នៅពេលចុះទៅជួយ អន្តរាគមន៍ ។
ហេតុការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ ស្ថានភាពស្រវឹងជោគ ហើយថែមទាំង បើករថយន្តរេពេញផ្លូវ បុកគូទរថយន្តរបស់ ប្រជាពលរដ្ឋនៅពីខាងមុខនោះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល នៅខាងត្បូង វិមានឯករាជ្យ នៅវេលាម៉ោងប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។
សាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹង មុនពេលកើតហេតុ យុវជនទំនើងខាងលើនេះ មានអាយុ ជាង២០ឆ្នាំ ដោយគ្មាន នរណាម្នាក់ ស្គាល់អត្តសញ្ញាណនោះទេ ហើយបានបើករថយន្ត ម៉ាកកាម៉ារី បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-1813 តាមបណ្តោយ ផ្លូវព្រះសីហនុ ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿន យ៉ាងលឿន ស្រាប់តែជិតដល់ វិមានឯករាជ្រ ក៏ជ្រុលទៅបុកគូទ រថយន្ត លុច្សស៊ីស ពណ៌ខ្មៅសេរី ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2W-2266 បើកដោយបុរសម្នាក់ មិនស្គាល់ អត្តសញ្ញាណ បណ្តាលឲ្យរងការខូចខាត ផ្នែកខាងក្រោយ ដែលត្រូវចំណាយលុយ ជួសជុលប្រមាណ ៣០០០ដុល្លារ (នេះបើតាមម្ចាស់រថយន្ត)។
សាក្សី បានបន្តទៀតថា ក្រោយពីបុកហើយ យុវជនទំនើង ដែលស្លៀកខោខ្លី អាវយឺ ពណ៌ស បានចុះ ពីលើរថយន្ត ទាំងស្រវឹងគោក ដើរមិនចង់រួចផង ។
ប្រភពព័ត៌មាន បានបន្តទៀតថា ក្រោយបង្កគ្រោះថ្នាក់ ចរាចរណ៍ យុវជនទំនើងមិនដឹងច្បាប់ ប្រទេស ជាតិខាងលើនេះ បានប្រើកាយវិការ ក្រអឺតក្រទម ដាក់សមត្ថកិច្ច ដែលចុះទៅជួយអន្តរាគមន៍ ហើយ នៅពេល អ្នកកាសែតថតរូបភាព យុវជនដ៏ជម្លើយនេះ លើកដៃ លើកជើង ដោយសំអាងថា ខ្លួនមាន បក្ខពួក និងសាច់ញាតិ ជាអ្នកធំហើយមើលទៅ និងគិតថាមិនត្រូវបាន ជាប់ទោស ។
មួយសន្ទុះក្រោយមក គេសង្កេតឃើញ កម្លាំងនគរបាលចរាចរណ៍ បានបញ្ជូនរថយន្ត មកដឹកយុវជន ដ៏ជម្លើយរូបនេះយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀត ។
ប្រជាពលរដ្ឋ ដែលនាំគ្នាឈរមើល នៅកន្លែងកើតហេតុ បានស្នើឲ្យសមត្ថកិច្ច ដាក់ទោសទណ្ឌ យុវ ជនរូបនេះ ឲ្យតឹងរឹង ជាទីបំផុត ដើម្បីជាការព្រមាន ដល់អ្នកបើក រថយន្តផ្សេងទៀត បើមិនដូច្នេះ ទេ ការគោរពច្បាប់ នៅក្នុងសង្គមខ្មែរនោះនឹងកាត់តែយ៉ាប់ទៅៗ ជាក់ជាមិនខានឡើយដូច្នោះ ចង់ឲ្យ មានការកែទម្រង់យ៉ាងស៊ីជំរៅគឺទៅមិនរួចឡើយ៕
យុវជនទំនើង បើករថយន្តទាំងស្រវឹង រេពេញផ្លូវបុកគូទរថយន្ត លុច្សស៊ីស ៥៧០
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល