កំពត៖ បុរសជាងសំណង់ ជិះម៉ូតូឌុបគ្នា៣នាក់ ចេញពីធ្វើការសំណង់ វិលត្រឡប់ទៅសម្រាក នៅឯផ្ទះវិញ ខណៈដល់លើស្ពាន ម៉ូតូឆ្លងភ្លើង បណ្តាលឲ្យឆេះបង្កភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ នៅវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ ទី១៣ ខែមិថុនា ឆ្នាំ២០១៥ ចំណុចពីគល់ស្ពានខាងកើត ចម្ងាយ១០០ម៉ែត្រ លើស្ពានថ្មកំពង់បាយ ឆ្លងព្រែកកំពត ស្ថិតក្នុងភូមិកំពង់បាយខាងជើង
សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ម្ចាស់ម៉ូតូជាអ្នកឌុប ឈ្មោះសែត ហ៊ូសេន ភេទប្រុស អាយុ១៩ឆ្នាំ និងអ្នកជិះពីក្រោយមិនស្គាល់ឈ្មោះចំនួន ២នាក់ទៀត សុទ្ធតែជនជាតិខ្មែរឥស្លាម អ្នកទាំង៣ រស់នៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ម៉ូតូដែលឆេះម៉ត់ ម៉ាកស្តេប ពណ៌ស អត់ស្លាកលេខ។
ការឆេះនេះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដល់ជួយអន្តរាគមន៍ដែរ តែវាហួសពេល ទៅហើយ ដោយបន្សល់ទុកតែឆ្អឹងម៉ូតូប៉ុណ្ណោះនៅកន្លែងកើតហេតុ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល