CamNews

ព័ត៌មានជាតិ 

ដំណើរ​ការ​សាកល្បង​រថយន្ត​ក្រុង នឹង​អនុវត្ត​នៅ​ថ្ងៃ​ស្អែក

ភ្នំពេញ៖ ការសាកល្បងឲ្យដំណើរការរថយន្តក្រុង ជាលើកដំបូងនៅដើមឆ្នាំ២០១៤ នូវរថយន្ត ចំនួន ១០គ្រឿង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ចាប់ពីរង្វង់មូលស្តាតចាស់ មកដល់គល់ស្ពាន ព្រះមុន្នីវង្ស នឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី៥ ខែកុម្ភៈ ស្អែកនេះហើយ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងឲ្យដឹង កាលពីពេលថ្មីៗ នេះថា តំណាងអង្គការ JICA ប្រចាំកម្ពុជា និងខាងអាជ្ញាធរសាលារាជធានី បានឯកភាពគ្នា កំណត់តម្លៃ ១៥០០រៀល ក្នុងការធ្វើដំណើរតាមរថយន្តក្រុង ពីចំណុចរង្វង់មូលស្តាតចាស់ និងស្ពាន ព្រះមុន្នី វង្ស។ លោកថា ដំណើរការនេះ ចាប់គិតពីថ្ងៃទី៥ ខែកុម្ភះ រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ ខាងមុខ ។

ប្រធានអង្គការ JICA លោក មាសាគូ កូតូ បានថ្លែងឲ្យដឹង ក្នុងអំឡុងកិច្ចប្រជុំជាមួយ អាជ្ញាធរ ភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ថា សម្រាប់តម្លៃធ្វើដំណើរ ២សប្តាហ៍ដំបូង តម្រូវឲ្យយក ១០០០រៀល ហើយបន្ទាប់តម្លៃសេវានឹងឡើងដល់ ១៥០០រៀល ។

លោក ជ្រាង សុផាន់ ក៏បានថ្លែងថា អាជ្ញាធរខណ្ឌទាំង៤ ដែលពាក់ព័ន្ធ ត្រូវសហការជាមួយមន្ទីរ ជំនាញ ដើម្បីសម្រួលដល់ដំណើរការនេះ ហើយសាលារាជធានីភ្នំពេញ នឹងជូនដំណឹងដល់ ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវឲ្យចូលរួមសហការ។

សូមបញ្ជាក់ថា ការដាក់ឲ្យដំណើរការរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ជំហានទី១ នឹងដាក់ឲ្យ ដំណើរការតាម បណ្តោយផ្លួវមុន្នីវង្ស ជំហានទី២ នឹងដាក់ឲ្យដំណើរការតាម បណ្តោយផ្លូវកម្ពុជា ក្រោម និងជំហានទី៣ នឹងដាក់ឲ្យដំណើរការតាម បណ្តោយផ្លូវម៉ៅសេទុង។

សម្រាប់ជំហានទី១ នេះ រថយន្តក្រុងនឹងចេញដំណើរ ពីម៉ោង ៥ និង៣០ នាទីព្រឹក ដល់ម៉ោង ៨និង៣០ នាទីយប់ ដោយមានចំណតចំនួន ៤០កន្លែង ពីចំណតមួយទៅចំណត មួយទៀត ប្រើរយៈពេល ១០ ទៅ១៥ នាទី ហើយតម្លៃសាកល្បង ១៥០០ រៀល៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ