ភ្នំពេញ៖ នៅពេលភ្ញៀវកិត្តិយស បានធ្វើដំណើរតម្រង់ មកចូលរួមពិសាភោជនាអាហារ ក្នុង
ពិធីមង្គលការ ដ៏មានអត្ថន័យរបស់ ពិធីការិនីសាច់ចាំ គង់ សុជាតិ និងលោក ជា វិបុល ដែល
ប្រារព្ធធ្វើឡើង នៅក្នុងសណ្ឋាគារ លំដាប់ផ្កាយ៥ អាំងទែកុងទីណង់តាល់ ពេលនោះ គេ
សង្កេតឃើញ សិល្បករ សិល្បការិនី ជាច្រើនដួង បាននាំគ្នាសំអិតសំអាង តែងកាយយ៉ាង
ល្អវិចិត្រ ទឹកមុខស្រស់ប្រិមប្រិយ អមដោយដំណើរ ល្វត់ល្វន់ ពេលមកដល់កន្លែង កម្មវិធី
ព្រមទាំងបានឲ្យ អ្នកកាសែត ផ្ដិតយក រូបភាពដោយក្ដីរីករាយ។
ដោយឡែកសម្រាប់តារាសម្តែង និងជាពិធីការិនីធ្មេញជំពើស ប្រកបដោយមន្តស្នេហ៍មិនចេះ
រីងស្ងួត ក្នុងកម្មវិធី Cha Cha Cha របស់ស្ថានីយទូរទស្សន៍ បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន
តស៊ូមកចូលរួម ពិធីអាពាហ៍ពិពាហ៍របស់ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ទាំងភ្នែក
កំពុងឈឺ ស្ទើរបើកមិនរួច ដើម្បីបង្ហាញពីការស្រឡាញ់ រាប់អានគ្នា ក្នុងនាមជាអ្នករស់នៅ ក្នុង
ដំបូលសិល្បៈតែមួយ និងក្នុងនាមជារៀមច្បងសិល្បៈ ដែលតែងតែផ្ដល់ដំបូន្មានល្អៗ ដល់ពិធី
ការិនី ជំនាន់ក្រោយ ដូចជារូបនាង។
គ្រាន់តែបោះជំហាន ដើរចូលក្នុងបន្ទប់លាង សាយភោជន៍ នៅក្នុងសណ្ឋាគារ អ៊ិនធឺខន ក្នុង
មង្គលការរបស់ គង់ សុជាតិ ភ្លាម ពិធីការិនីវ័យក្មេង សម្បូរមន្តស្នេហ៍ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើ
ឲ្យអ្នកកាសែត ទាញកាណុងកាមេរ៉ា បម្រុងថតគ្រប់ៗគ្នា ។ តែពេលនោះតារាសម្តែង ធ្មេញ
ជំពើសរូបនេះ មិនបានឲ្យអ្នកកាសែតថតនោះទេ ដោយនាង បាននិយាយថា “សុំទោសផង
បង...ព្រោះភ្នែកខ្ញុំឈឺ..! ” ។
ចំពោះវត្តមាន របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅក្នុងឱកាសនោះ បានធ្វើឲ្យមហាជន និងអ្នកសារ
ព័ត៌មាន កោតសរសើរគ្រប់ៗគ្នាថា នាងពិតជាតស៊ូពិតមែន បើទោះបីជានាងឈឺភ្នែក ក៏នាង
ប្រឹងមកដែរ ព្រោះជាឱកាសកម្រមាន ។ ចំពោះការតស៊ូរបស់តារាសម្តែងរូបនេះ ត្រូវបានមិត្ត
ភក្តិចូលរួមជាមួយគ្នាជាច្រើន លើកឡើងថា មូលហេតុដែលកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ប្រឹងមកចួល
រួមមង្គលការរបស់ គង់ សុជាតិ ដោយសារតែនាងរាប់អានគ្នាស្និទ្ធស្នាល ក្នុងនាមជាអ្នកសិល្បៈ
ទើបនាងតស៊ូទាំងឈឺ ទាំងជា មកបង្ហាញវត្តមានបែបនេះ ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល