CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ពីរនាក់ បងប្អូន ពីបទឆបោក ទិញរថយន្ដ បង់លុយមិនគ្រប់

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវជាបងប្អូនគ្នាបង្កើត ត្រូវបានកម្លាំងនគរបាល នាយកដ្ឋាន
ព្រហ្មទណ្ឌក្រសួងមហា ផ្ទៃ ឃាត់ខ្លួនកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរង គ្រោះ ដោយចោទថា ជនសង្ស័យទាំងពីរនាក់នេះ
បានទិញរថយន្ដ ចំនួន ៤ គ្រឿង ប៉ុន្ដែបង់លុយមិនគ្រប់ ហើយថែមទាំងនាំគ្នាគេចវេះ រហូត
មកដល់ថ្ងៃចាប់ខ្លួន ។

មន្ដ្រីនគរបាលនាយកដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ហួត
ចាន់វីរៈ ភេទប្រុស អាយុ ៣៤ឆ្នាំ និងជនសង្ស័យជាប្អូន ឈ្មោះ ហួត សុខវឌ្ឍនៈ អាយុ ៣២ឆ្នាំ
អ្នកទាំងពីរ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ មុខរបរជា
អ្នក លក់ដូរ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានបន្ដថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ ជនសង្ស័យ
ទាំងពីរ នាក់ បានទិញរថយន្ដ ចំនួន ៤ គ្រឿង គឺរថយន្ត វីហ្គោ ចំនួន ១គ្រឿង, រថយន្តកាមរី
ស៊េរីឆ្នាំ ២០០៧ ចំនួន១ គ្រឿង , រថយន្តកាមរី ស៊េរី ឆ្នាំ ២០០៨ ចំនួន ១គ្រឿង និងរថយន្តឡង់
រ៉ូវែរ ១គ្រឿងទៀត ពីក្រុមហ៊ុនឯកជនមួយ តាមរយៈការ បង់រំលោះ ប៉ុន្ដែការបង់លុយរំលោះនោះ
បានធ្វើតែមួយដងគត់ រួចហើយក៏មិនដែលយកលុយទៅបង់ទៀត ឡើយ ពោលគឺគេចវេះរហូត។
ហេតុដូច្នេះ ទើបភាគីជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ
រួចហើយ ដោយមានការ ឯកភាពពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថ
កិច្ចក៏ឈានទៅដល់ការឃាត់ខ្លួន ជន សង្ស័យទាំងពីរនាក់នេះ កាលពី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ
២០១២ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ខណៈដែលពួកគេកំពុងធ្វើដំណើរ ចេញពី
ភោជនីយដ្ឋានមួយ ។

បើយោងតាមសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់បងប្អូននេះ
ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២
ដើម្បីចាត់ការតាមផ្លូវច្បាប់។ ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងឡាយណា
ដែលរកស៊ីលក់រថយន្ដ ត្រូវធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវ ជាមួយអតិថិជន នៅពេលទិញរថយន្ដម្ដងៗ
បើមិនដូច្នោះទេ នឹងជួបបញ្ហា ដូចខាងលើនេះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ