ភ្នំពេញ ៖ កម្មការិនីនៅរោងចក្រកាត់ដេរ បានរងរបួស រលាកនៅលើដងខ្លួននិងផ្ទៃមុខ បន្ទាប់ពី
ពួកគេបានរង របួសគ្រោះថ្នាក់ដោយ សារតែផ្ទុះកំប៉ុងហ្គាសតូចៗ ពី៥ទៅ៦កំប៉ុង ហ្គាស ខណៈ
ដែលពួកគេ កំពុងដាំបាយហូប នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣
ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យ៉ាងណាក៏ដោយជនរងគ្រោះ ដែលរង ការរលាកនិងឆាបឆេះទាំង៩នាក់ខាងលើនេះ ត្រូវបាន
កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជួយដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ដែលជាកម្មការិនី
កាត់ដេរ ហើយជួលបន្ទប់ លេខ២ ក្នុងក្រុមទី៥ ភូមិអង្គរកែវ សង្កាត់ ចោមចៅ ដើម្បីធ្វើការនៅរោង
ចក្រក្បែរ នោះ ។ លុះដល់ម៉ោងកើតហេតុ ខណៈដែល ជនរងគ្រោះបានដាំបាយ ដើម្បីហូបជាមួយ
នឹងកំប៉ុងហ្គាសតូចៗ ស្រាប់តែផ្ទុះបណ្ដាលឱ្យ ឆេះនិងផ្ទុះកំប៉ុងហ្គាស៥-៦កំប៉ុងផ្សេងទៀត ដាក់នៅ
ក្បែរនោះ ធ្វើឱ្យពួកគេរងរបួសរលាក នៅលើដងខ្លួននិងផ្ទៃមុខ ។
បន្ទាប់ពីមានករណីផ្ទុះកំប៉ុងហ្គាស សង្ស័យបណ្ដាលមកពីកំប៉ុងហ្គាសទាំងនោះចាស់ៗ កម្លាំងសមត្ថ
កិច្ចនិងអាជ្ញាធរមូលដ្ឋាន រួមនិងក្រុមជួយសង្រ្គោះ៧១១ របស់អង្គភាព ង៧០ បានជួយដឹកជនរង
គ្រោះទាំង៩នាក់ បញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។
យ៉ាងណាក៏ដោយ អត្ដសញ្ញាណជនរងគ្រោះទាំងនោះមិនទាន់ត្រូវបានបញ្ជាក់ពីសមត្ថកិច្ចនៅឡើយ
ទេ ។
គួរកត់សម្គាល់ថា ករណីផ្ទុះកំប៉ុងហ្គាសតូចៗ ត្រូវបានគេមើលឃើញថា កើតឡើងជាញឹកញាប់បង្ក
ឱ្យមានអគ្គិភ័យកើតឡើង និងធ្វើឱ្យរងគ្រោះមនុស្សមួយចំនួន ដោយ សារតែការប្រើប្រាស់កំប៉ុង
ហ្គាសតូចៗទាំង នោះ ពុំមានការប្រុងប្រយ័ត្ន និងម្យ៉ាងទៀត កំប៉ុងខ្លះចាស់ៗ ហើយគ្មានការត្រួត
ពិនិត្យ ត្រឹមត្រូវ ។
ករណីផ្ទុះធុងហ្គាសនិងកំប៉ុងហ្គាស ដែល បង្កឱ្យមានអគ្គិភ័យឆាបឆេះជាច្រើនករណី កន្លងមកនេះ
នៅតែជាកង្វល់មួយ សម្រាប់ ប្រជាពលរដ្ឋ ដែលមានផ្ទះរស់នៅជាប់អាជីវ កម្មបើកលក់ធុងហ្គាស
ដោយពួកគេគិតថា គង់តែមានថ្ងៃណាមួយ អាចនឹងមានករណី ផ្ទុះធុងហ្គាសកើតឡើងជាក់ជាមិន
ខាន ។
យ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ អាជ្ញាធរខណ្ឌមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដោយ
មើលឃើញការប្រឈមមុខយ៉ាង ខ្លាំង ចំពោះគ្រោះអគ្គិភ័យ ដែលបណ្ដាលមក ពីផ្ទុះធុងហ្គាសនិង
កំប៉ុងហ្គាសនោះ បានធ្វើ លិខិតអញ្ជើញម្ចាស់អាជីវកម្មទាំងនេះ មក ចូលរួមស្ដាប់ការណែនាំនិងការ
ពន្យល់ពីអាជ្ញា ធរ និងមន្ដ្រីជំនាញ ដោយអំពាវនាវ និងជំរុញ ឱ្យពួកគាត់ ត្រូវពិនិត្យមើលដោយ
ប្រុងប្រយ័ត្ន ខ្ពស់បំផុតចៀសវាងការបង្កគ្រោះអគ្គិភ័យ ឆេះប៉ះពាល់ដល់អ្នកដទៃ ៕
ក្រុមជួយសង្រ្កោះ ៧១១ របស់អង្គភាព ង៧០ កំពុងជួយជនរងគ្រោះ
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល