រតនគិរី៖ លំនៅដ្ឋានប្រជាពលរដ្ឋ មួយកន្លែងត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ កាល
ពីវេលាម៉ោង១២យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក
ក្រុងបានលុង ខេត្តរតនគិរី ។ ក្នុងប្រតិបត្តិការជួយពន្លត់គ្រោះអគ្គិភ័យនេះ គេសង្កេតឃើញ
កម្លាំង ប្រដាប់អាវុធ ខេត្តរតនគិរី កម្លាំងប្រដាប់អាវុធ ចំណុះឲ្យក្រុងបានលុង រួមទាំងអាជ្ញាធរ
មូលដ្ឋានផងដែរ ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ភួយ ភូមី ភេទស្រី
អាយុ៥៧ឆ្នាំ ជនជាតិឡាវ ជាមន្ត្រីរាជការចូល និវត្តន៍បានជួលទៅឲ្យឈ្មោះ សាភឿន ភេទប្រុស
អាយុ៦០ឆ្នាំ ជនជាតិខ្មែរ បើកហាង លក់សំលៀកបំពាក់ ទាន់សម័យ ។
ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា គ្រោះអគ្គិភ័យខាងលើនេះពុំបណ្តាលឲ្យអ្នកណាម្នាក់
រងគ្រោះឡើយ ប៉ុន្តែខូចខាតទ្រព្យ សម្បត្តិអស់ ជាច្រើនដូចជា ឆេះរថយន្ត១បាំងកន្លះ១គ្រឿង ម៉ូតូ
ម៉ាកវ៉េវ១គ្រឿង គ្រឿងសង្ហារឹមធ្វើពីឈើប្រណីត ប្រើប្រាស់គ្រប់ប្រភេទនិងគ្រឿងសំលៀកបំពាក់
ស្បែកជើង លក់ដូរក្នុងហាង ឆេះខ្ទេចខ្ទីសរុប ទឹកប្រាក់ប្រហែល៣ម៉ឺនដុល្លារ ។
ប្រធានអង្គភាពពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី លោក អាំ បា បានថ្លែងឲ្យដឹង
ថា ក្នុងប្រតិបត្តិការ ជួយពន្លត់ គ្រោះអគ្គិភ័យនេះ កម្លាំង របស់យើងប្រើប្រាស់ រថយន្តបាញ់ទឹកចំ
នួន៣គ្រឿង ប្រហែល១ម៉ោងក្រោយ មកកម្លាំងរបស់យើង គ្រប់គ្រងស្ថានភាពបានទាំងស្រុង មិន
បណ្តាលឲ្យអណ្តាតភ្លើង ឆាបឆេះរាលដាល ដល់លំនៅដ្ឋានអ្នកជិតខាង ក្នុងនោះមានផ្ទះសំណាក់
ឆៃវ៉ាងនៅជាប់គ្នាផងដែរ។
លោក អាំ បា ប្រាប់បន្តទៀតថា រូបលោកសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅ
ក្នុងក្រុងបានលុង ទាំងអស់មានការ ប្រុងប្រយ័ត្នខ្ពស់ មុនចាកចេញពីលំនៅដ្ឋាន ត្រូវពិនិត្យមើល
ខ្សែភ្លើង ចង្ក្រានហ្គាស ទៀនធូប ជាដើម ដែលអាចបណ្តាឲ្យគ្រោះអគ្គិភ័យ កើតឡើងជាយថា
ហេតុ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល