CamNews

ព័ត៌មានជាតិ 

គណៈកម្មការ ទី៩ ស្នើប្រមុខ រាជរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងសាំង

ភ្នំពេញ៖ គណៈកម្មការទី ៩ នៃរដ្ឋសភាជាតិ (គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃ​សណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានផ្ញើលិខិតមួយច្បាប់ ជូនទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យបញ្ចុះតម្លៃប្រេងសាំង។

យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខា ដោយលោក អនុប្រធានគណៈកម្មកាទី ៩ និងជាសមាជិក សភាមកពីគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃព្រហស្បត្តិ៍ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១៤មក តម្លៃប្រេងកាត់ឆៅ នៅលើទីផ្សារអន្តរជាតិ បានចុះថ្លៃចាប់ ១០០ដុល្លារ មកត្រឹម ៨០ដុល្លារ ក្នុងមួយធុង ចំណុះ១៥៩លីត្រ។

លិខិតបន្តថា “ចំណែកឯនៅប្រទេសវៀតណាម ចាប់ពីដើមខែសីហា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ តម្លៃប្រេងសាំងចុះថ្លៃ ១,២២ដុល្លារក្នុងមួយលីត្រ ចុះមកសល់ត្រឹម ១,០៤ដុល្លារ ក្នុងមួយលីត្រ។ ដោយឡែក តម្លៃប្រេងសាំងនៅកម្ពុជា ចេះតែឡើងថ្លៃជាបន្តបន្ទាប់ ក្នុងពេលបច្ចុប្បន្ននេះ រហូតដល់ ១,៣០ដុល្លារក្នុង ១លីត្រ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង”។

ប្រភពដដែល បានបន្ថែមថា អាស្រ័យហេតុនេះ សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា មេត្តាពិនិត្យលទ្ធភាព ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ ជូនប្រជាពលរដ្ឋដោយអនុគ្រោះ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP