CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន យុវជនម្នាក់ ពីបទប្រើប្រាស់ អាវុធខុសច្បាប់ និង ចាប់ពង្រត់ នារីជាសង្សា

ព្រះវិហារៈ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅវេលាម៉ោង៧ និង២៥នាទី មានករណីបាញ់បោះ មួយ បានកើតឡើងធ្វើអោយផ្អើល ប្រជាពលរដ្ឋទាំងយប់ នៅត្រង់ចំណុច មុខធនាគារអេស៊ីលីដា ក្នុង ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

តាមប្រសាសន៍របស់លោកវរៈសេនីយ៍ត្រី ខាត់ ហ៊ុនសារឿន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បាន ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដំបូងឡើយនារីរងគ្រោះឈ្មោះ ចៅ ចាន់រ៉ានី រៀននៅសាលា ជាស៊ីម ត្បែងមានជ័យ បានជិះម៉ូតូមានគ្នាបីនាក់ លុះជិះមកដល់កន្លែងកើតហេតុ ជនល្មើសឈ្មោះ ហ៊ីង លីដា ហៅ លីយូ ជាកូនប្រុស របស់នាយសេនាធិការ ប្រចាំការនៅកងពលលេខ៣ រស់នៅភូមិសែន ជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានដកកាំភ្លើងប្រភេទK59 បាញ់ចំនួនពីរគ្រាប់ ដើម្បី អោយនារីរងគ្រោះ ឡើង ជិះម៉ូតូ ទៅជាមួយខ្លួនដោយសុវត្តិភាព នៅវេលាម៉ោង១០និង៣០ នាទីយប់ ។ លុះដល់ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង១០ ព្រឹក នគរបាលស្នងការដ្ឋានខេត្តព្រះវិហារ បានសហការ ជាមួយកម្លាំង នគរបាលស្រុកសូត្រនិគម ខេត្តសៀមរាប យោងទៅតាមពាក្យបណ្តឹង របស់ឪពុកនារីរងគ្រោះ ឈ្មោះ ចៅ ចាន់រិទ្ធ ទើបឈានទៅដល់ការចាប់ខ្លួនជនល្មើស នៅផ្សារដំដែក ស្រុកសូត្រនិគម។ ហើយបានធ្វើ លិខិតស្នើរ សុំព្រះរាជអាជ្ញាខេត្តព្រះវិហារ ធ្វើការនាំខ្លួនជនល្មើសមក កាន់ខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។

ករណីជនល្មើសរូបនេះ ត្រូវបាននគរបាលឃាត់ខ្លួន រួចម្តងមកហើយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៤ ពីបទប្រើប្រាស់អាវុធខុសច្បាប់ ហើយនៅលើកទីពីរនេះឃាត់ខ្លួនពីរករណីគឺ ករណីទីមួយ បទប្រើប្រាស់ អាវុធខុសច្បាប់ និងករណីទីពីរ បទពង្រត់ស្ត្រី ។

តាមចំលើយសារភាព របស់ជនល្មើសបានប្រាប់ថា ខ្លួនគេនិងនារីរងគ្រោះ ពីមុនមកក៏ធ្លាប់ មានទំនាក់ ទំនង ជាមួយគ្នាដែរ ប៉ុន្តែឪពុកម្តាយនារីរងគ្រោះ មិនព្រមទើបខ្លួនសម្រេច ចិត្តបាញ់គំរាម ដើម្បីនាំនារី រងគ្រោះ អោយទៅជាមួយខ្លួន។

បច្ចុប្បន្នជនល្មើស ត្រូវបានស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូន ទៅកាន់ តុលាការ ដើម្បីដោះស្រាយ ទៅតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ