ភ្នំពេញ ៖ ពេលបានផឹកស៊ីស្រវ៉ឹងស្រឿងៗ អួតអាងប្រាប់គូកន ដែលទើបរាប់អានក្នុងវង់ផឹក
ថាមានកាំភ្លើងស៊េរីទំនើប លក់បានមួយថ្ងៃ ត្រូវ សមត្ថកិច្ច ទៅឃាត់ខ្លួនក្រោមបទសង្ស័យថា
ជាមុខសញ្ញាសេពថ្នាំញៀន និងជួញដូរអាវុធ។
ការចាប់ខ្លួនបុរសទាំង០២នាក់ ដែលមានជាប់ពាក់ព័ន្ធ ជនសង្ស័យជាមុខសញ្ញាជួញអាវុធ និង
សេពថ្នាំញៀននេះ បានធ្វើឡើងកាលពីវេលា ម៉ោង ០៥និង៣០នាទី ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ
២០១៣ នៅចំណុចការដ្ឋានសំណង់ឯកជនមួយកន្លែង តាមបណ្ដោយផ្លូវបេតុង លេខ ១០៨៦
ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសសង្ស័យ ដែលត្រួវចាប់ខ្លួនដោយនគរបាល អង្គាភាណ អន្ដរាគមន៍ ខណ្ឌសែនសុខនោះ មាន
ឈ្មោះ ដូ ដែន អាយុ ២៣ឆ្នាំ ជាអ្នកអួតថា មានកាំភ្លើងលក់ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន
មានស្រុកកំណើតនៅភូមិជើងឆ្នុក ឃុំជើងឆ្នុក ស្រុកបាធាយ ខេត្ដកំពង់ចាម ម្នាក់ទៀត ឈ្មោះ ងីម
សំណាង អាយុ២៤ឆ្នាំ ជាកម្មករម៉ៅការខាងលាបថ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់កន្លែងកើតហេតុ
មានស្រុកកំណើត ភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្ដតា កែវ។
នៅពេលដែលត្រូវសមត្ថកិច្ចសាកសួរ នៅអធិការដ្ឋានខណ្ឌសែនសុខ ជនសង្ស័យឈ្មោះ ដូ ដែន
សារភាពថា ខ្លួនបាននិយាយមែន ថាមានកាំភ្លើងខ្លី ប្រាប់ទៅមិត្ដភក្តិម្នាក់ ដែលផឹកស៊ីជាមួយគ្នា
ហើយទើបតែស្គាល់គ្នាថ្មីៗប៉ុណ្ណោះ។ ជនសង្ស័យសារភាពថា ការពិតគ្រាន់តែនិយាយអួតលេង
ស្រាប់តែ ត្រូវសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង។
ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អស់ការសង្ស័យទេ ហើយកំពុងស្រាវជ្រាវយ៉ាងសកម្ម
ដើម្បីរកព័ត៌មានពីប្រភព នៃការជួញដូរអាវុធនេះ និងប្រភពនៃអ្នកចែកចាយថ្នាំញៀន ផងដែរ ដើម្បី
ចាត់ការតាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល