CamNews

ព័ត៌មានជាតិ 

ជំពាក់លុយគេហើយ មិនព្រមសង ព្រួតគ្នា វាយម្ចាស់លុយ បណ្ដាលឱ្យ បែកភ្នែកស្ទើរ ខ្វាក់

ភ្នំពេញ ៖ ជនបង្កមួយគ្រួសារ ជាពិសេស ជនបង្កជាប្អូនប្រុស បាននាំគ្នាព្រួតវាយទៅ ភាគីម្ខាង
ទៀត បណ្ដាលឱ្យរងរបួសធ្ងន់ បែកភ្នែកស្ទើរខ្វាក់ មើលមិនឃើញ ដែលជម្លោះ វាយទាត់ធាក់
គ្មានត្រាប្រណីខាងលើនេះ បានផ្ដើមចេញពីការជំពាក់ប្រាក់មិនសង ហើយខឹងម្ចាស់លុយ ដែល
ជាជនរង គ្រោះនាំគ្នាទៅទារដល់ផ្ទះ កើតចេញជាកំហឹងព្រួតវាយតែម្ដង ពុំមានការជួយអន្ដរាគមន៍ ពីសំណាក់កម្លាំងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ទុករហូត ឱ្យជនបង្ក ដែលអាងមានលុយនិងអំ
ណាច រត់គេចខ្លួន រហូតមកដល់ពេលនេះ មិនទាន់ ត្រូវបានចាប់ខ្លួននៅឡើយទេ។

ករណីបង្កអំពើហិង្សាដែលជាបទល្មើសព្រហ្មទណ្ឌ បណ្ដាលឱ្យជនរងគ្រោះជាម្ចាស់លុយ រងរបួស
ធ្ងន់និងរបួសស្រាល ចំនួន៤នាក់ និងជាស្ដ្រីទន់ ខ្សោយផងនោះ បានកើតឡើងកាលពីថ្ងៃទី១១ ខែ
មករា ឆ្នាំ២០១៣ ប៉ុន្ដែរហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ ជនបង្កមិនទាន់ត្រូវបាន ចាប់ខ្លួន
នៅឡើយទេ និងកំពុងដើរហើរមានសេរីភាពនៅឡើយ។

អំពើអយុត្ដិធម៌ ដែលមិនគួរកើតមាន នៅក្នុងសង្គមខ្មែរបែបនេះ ត្រូវបានជនរងគ្រោះ រៀបរាប់ពីដំ
ណើររឿងថា ខ្លួនមានឈ្មោះ វង្ស ម៉ាលី កាលពី វេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៣
បុរសជនជាតិចិនឈ្មោះ ស៊ឹង ស៊ី អាយុ ៤០ឆ្នាំ បានទូរស័ព្ទប្រាប់អ្នកស្រី ឱ្យទៅយកលុយដែល
ជំពាក់ នៅនឹងផ្ទះលេខ ៥០ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

អ្នកស្រីបានបន្ដថា ពេលនោះ ខ្លួនក៏បានធ្វើដំណើរ ជាមួយបងប្អូននិងកូន ៣នាក់ ផ្សេងទៀត សុទ្ធ
តែមនុស្សស្រី ឆ្ពោះទៅកាន់ផ្ទះបុរសជនជាតិ ចិន ដែលស្ថិតនៅទីតាំងខាងលើ ។ អ្នកដែលរួមដំ
ណើរទៅជាមួយអ្នកស្រី វង្ស ម៉ាលី រួមមាន អ្នកស្រី វង្ស ម៉ាឡា អាយុ ៥៥ឆ្នាំ ជាប្អូនស្រី, អ្នកស្រី
វង្ស ម៉ានី អាយុ ៤១ឆ្នាំ ជាប្អូនស្រី និងឈ្មោះ វង្ស ចំរើន ជាកូនស្រី របស់អ្នកស្រី តែម្ដង ។

ជនរងគ្រោះជាស្ដ្រីភេទរូបនេះបានបន្ដថា បន្ទាប់ពីធ្វើដំណើរទៅដល់ផ្ទះកើតហេតុខាងលើ ក៏បាន
អង្គុយ រង់ចាំប្រមានកន្លះម៉ោង បន្ទាប់មកទើប បុរសជនជាតិចិន ឈ្មោះ ស៊ី ចេញមកប្រាប់ថា គេ
មិនបានទុកប្រាក់សុទ្ធនោះឡើយ មានតែសែក  ដោយមានទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ដែលជា
របស់ម្ចាស់ផ្ទះឈ្មោះ សុខ ហង ដូច្នេះ ក្រោយពេលទទួលសែក ដែលមានទឹកប្រាក់ចំនួន ២ម៉ឺន
ដុល្លារ លើស ៣ពាន់ដុល្លារ នៃថ្លៃជំពាក់នោះ អ្នកស្រីបាន អាប់លុយសុទ្ធចំនួន ៣ពាន់ដុល្លារ ទៅ
ឱ្យបុរសជនជាតិចិនរូបនេះ។ បន្ទាប់ពីទទួលបានសែករួចហើយ ស្ដ្រីរងគ្រោះ ក៏បានស្រូតរូតរះ ជិះ
រថយន្ដឆ្ពោះទៅធនាគារកាណាឌីយ៉ា  ដើម្បីបើកលុយ ប៉ុន្ដែផ្ទុយស្រឡះ ពេលទៅដល់ធនាគារបែរ
ជាម្ចាស់សែកបានដាក់ឆ្នាំខុស គឺឆ្នាំ២០១២ មិនមែនឆ្នាំ២០១៣នោះឡើយ ជាហេតុធ្វើឱ្យធនាគារ
ប្រាប់ អ្នកស្រី ឱ្យយកសែកត្រឡប់ទៅវិញ ដើម្បីឱ្យម្ចាស់សែកកែសាជាថ្មី ។

អ្នកស្រី វង្ស ម៉ាលី បានរៀបរាប់ទៀតថា បន្ទាប់ពីដឹងថាសែកនេះខុសប្រក្រតី និងមិនអាចបើកលុយ
នៅធនាគារបាននោះ អ្នកស្រីក៏នាំគ្នាជិះរថយន្ដ ត្រឡប់ ទៅផ្ទះកើតហេតុម្ដងទៀត ហើយពេលទៅ
ដល់អ្នកស្រីក៏បានចូលទៅក្នុងផ្ទះតែម្នាក់ឯង ប៉ុន្ដែលើកនេះមិនបានជួបបុរសជនជាតិចិននោះឡើយ
ជួបតែឈ្មោះ សុខ ហង ដែលជាម្ចាស់សែក។

អ្នកស្រីបានបន្ដថា ពេលជួបម្ចាស់សែក ឈ្មោះ សុខ ហង ហើយ អ្នកស្រីក៏បានរៀបរាប់ និងឱ្យម្ចាស់
សែកជួយកែសម្រួល ប៉ុន្ដែឈ្មោះ សុខ ហង បានប្រាប់ ថា គេនឹងទូរស័ព្ទទៅធនាគារ ប្រាប់ពីរឿង
នេះ។ ប៉ុន្ដែដោយសារតែមិនទុកចិត្ដ អ្នកស្រី វង្ស ម៉ាលី ក៏បបួលឈ្មោះ សុខ ហង ទៅធនាគារ ជា
មួយគ្នា ។ បើទោះបីការបបួលយ៉ាងណាក៏ដោយ ក៏ឈ្មោះ សុខ ហង មិនព្រមទៅ ហើយអះអាងថា
បានទូរស័ព្ទទៅធនាគាររួចហើយ និងថែមទាំងនិយាយឌឺឱ្យទៀតថា លុយត្រឹម២ម៉ឺនដុល្លារសោះធ្វើ
ឱ្យ ស៊យទាំងព្រឹក ហើយក៏ដេញអ្នកស្រីចេញពីផ្ទះទៀតផង ។

ស្ដ្រីរងគ្រោះរូបនេះ ដែលមានលុយឱ្យគេខ្ចីហើយ ថែមទាំងត្រូវគេវាយបណ្ដាលឱ្យរងរបួសធ្ងន់ទៀត
នោះ បានបន្ដថា ដោយសារតែត្រូវម្ចាស់ផ្ទះឈ្មោះ សុខ ហង ដេញចេញពីផ្ទះ និងមិនព្រមសងប្រាក់
ដែលជំពាក់នោះ អ្នកស្រីក៏បានទូរស័ព្ទទៅបុរសជនជាតិចិន ឈ្មោះ ស៊ី រៀប រាប់ពីរឿងនេះ ។ បន្ទាប់
មក បុរសឈ្មោះ ស៊ី បានឆ្លើយថា គាត់នឹងត្រឡប់មកដល់ឥឡូវហើយ ដើម្បីដោះស្រាយបញ្ហានេះ។
ដោយឃើញអ្នកស្រី វង្ស ម៉ាលី ដែលជា បងស្រីរបស់ខ្លួន ចូលទៅក្នុងផ្ទះរបស់ឈ្មោះ សុខ ហង យូរ
ពេក អ្នកស្រី វង្ស ម៉ានី បានចេញពីរថយន្ដទៅមើលបងស្រីរបស់ខ្លួន ប៉ុន្ដែគ្រាន់ តែចូលទៅដល់ភ្លាម
ត្រូវឈ្មោះ សុខ ហង ជេរបញ្ចោរសុទ្ធតែប្រើពាក្យថា “មីចុយម្រាយ”ពេលនោះអ្នកស្រី វង្ស ម៉ានី បាន
ឆ្លើយត្រឡប់ទៅវិញ ថា “ខ្ញុំមកយកលុយខ្ញុំតើ ខ្ញុំមិនមែនរករឿងអ្នកឯងទេ ”។

នៅពេលត្រូវឈ្មោះ សុខ ហង ជេរយ៉ាងដូច្នេះ អ្នកស្រី វង្ស ម៉ាលី បានដើរចេញពីផ្ទះ ដោយកំពុងនិ
យាយទូរស័ព្ទ ស្រាប់តែជនបង្កម្នាក់ ដែលត្រូវជា ប្អូនប្រុសរបស់ សុខ ហង ឈ្មោះ សុខ ទី អាយុជាង
២០ឆ្នាំ បានចេញពីក្នុងផ្ទះ មកចាប់អ្នកស្រី ហើយដាល់ចំភ្នែក បណ្ដាលឱ្យបែកឈាមហូររហាម និង
វាយជាច្រើនដៃថែមទៀតទៅលើមុខ។ ភ្លាមៗនោះបងស្រីរបស់ជនបង្កឈ្មោះ សុខ ទី ២នាក់ផ្សេង
ទៀត ក៏បានស្ទុះមកវាយអ្នកស្រី វង្ស ម៉ាលី ហើយ ឈ្មោះ សុខ ហង ក៏បានយកកៅអីវាយចំខ្នង
ហើយបោចសក់ពីក្រោយទៀតផង ។ ដោយឃើញជនបង្កទាំងនេះ វាយបងស្រីរបស់ខ្លួននោះ ស្ដ្រី
ជាប្អូនឈ្មោះ វង្ស ម៉ានី ក៏ស្ទុះទៅឃាត់ ហើយក៏ត្រូវឈ្មោះ សុខ ទី ដាល់ចំមួយដៃ ទៀតចំភ្នែក និង
ក បណ្ដាលឱ្យរងរបួសធ្ងន់ ។ ភ្លាមៗនោះ អ្នកស្រី វង្ស ម៉ាឡា និង វង្ស ចំរើន ក៏បានចុះពីរថយន្ដ
បម្រុងទៅឃាត់ ប៉ុន្ដែត្រូវជនបង្កឈ្មោះ សុខ ទី ស្ទុះមកវាយថែមទៀត ហើយបានហក់ធាក់ចំអ្នកស្រី
វង្ស ម៉ាឡា ចំពោះមួយជើង បណ្ដាលឱ្យអុកគូថ ។

បន្ទាប់ពីបង្កអំពើហិង្សាយ៉ាងអយុត្ដិធម៌ និងមិនខ្លាចច្បាប់ស្រុកទេសនោះ ជនបង្កឈ្មោះ សុខ ទី និង
សុខ ហង បានគេចខ្លួនបាត់ ខណៈដែល ឪពុកជនបង្ករូបនេះ មិនបានឃាត់ការវាយលើ ជនរងគ្រោះ
ឡើយ បើទោះបីឃើញផ្ទាល់ភ្នែកក៏ដោយ។ បើតាមស្ដ្រីរងគ្រោះ មួយសន្ទុះក្រោយមក ទើបឃើញ
សមត្ថកិច្ចមូលដ្ឋាន ចុះទៅកាន់កន្លែងកើតហេតុ ខណៈជនបង្ករត់គេចខ្លួន និងមិនទាន់ត្រូវបានចាប់
ខ្លួននៅឡើយ ទេ រហូតមកដល់ ពេលនេះ ។

ចំពោះអំពើហិង្សាដោយអយុត្ដិធម៌ កើតឡើងខាងលើនេះជនរងគ្រោះបានដាក់ ពាក្យបណ្ដឹងទៅកាន់
ស្ថាប័នសមត្ថកិច្ច និងតុលាការ ដើម្បីចាត់ ការតាមផ្លូវច្បាប់ និងអំពាវនាវទៅកាន់សមត្ថកិច្ច ពាក់ព័ន្ធ
ផ្ដល់យុត្ដិធម៌ជូនអ្នកស្រី ដែលមានលុយឱ្យគេខ្ចីហើយ ថែមទាំងវាយ បណ្ដាលឱ្យរង របួសធ្ងន់ថែម
ទៀត ផង ។

មជ្ឈដ្ឋានមួយចំនួន បានចាត់ទុកថា សកម្មភាពរបស់ជនបង្កខាងលើនេះ គួរត្រូវបានសមត្ថកិច្ចតាម
ចាប់ ខ្លួនភ្លាមៗ ហើយត្រូវតុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ ពីព្រោះវាពិតជារឿងអយុត្ដិធម៌ខ្លាំង
ណាស់ ដែលជំពាក់ លុយគេមិនព្រមសង ថែមទាំងវាយគេឱ្យរងរបួសធ្ងន់ទៀតនោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ