ភ្នំពេញ ៖ លោក ដោក ណារិន ដែលជាអតីត ទីប្រឹក្សាក្រសួងធម្មការ និង សាសនា អតីត លេខាគណៈកម្មាធិការ បក្ស និងប្រធានគណៈកម្មាធិការបក្ស ប្រជាជានកម្ពុជា ខេត្តកំពង់ឆ្នាំង បានទទួលមរណភាព កាលពីវេលាម៉ោង ៤និង១៥នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅ មន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ ៨០ ឆ្នាំ ដោយរោគាពាធ ។
លោក ដោក ណារិន មានស្រុកកំណើត នៅភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង លោកជាអតីត កម្មាភិបាលមួយរូប ដែលបានចូលរួម ក្នុងចលនាតស៊ូ វាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ខ្មែរក្រហម ។
លោក ដោក ណារិន ធ្លាប់ធ្វើជា លេខាគណៈកម្មាធិការបក្ស និង ជាប្រធាន គណៈកម្មាធិការ បក្សប្រជាជានកម្ពុជា ខេត្តកំពង់ឆ្នាំង ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ ។
ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៨ លោកមានតួនាទីជា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និង សាសនានិង ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣លោកមានតួនាទីជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ។ ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន លោកត្រូវបានតែតាំងជា ទីប្រឹក្សា ក្រសួងធម្មការ និងសាសនា។
សពលោក ដោក ណារិន ដែលជាទីប្រឹក្សា ក្រសួងធម្មការ និងសាសនា បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី នៅគេហដ្ឋាននៃសព ផ្ទះលេខ ៧៤C ផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ព័ត៌មាននេះចាត់ជាការអញ្ជើញញាតមិត្តជិតឆ្ងាយនៃសព ជាពិសេសពី សំណាក់ថ្នាក់ដឹកនាំ ចូលរួមក្នុងពិធីបុណ្យ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល