CamNews

តារា 

គឹម រ៉ូហ្សា តារា​បង្ហាញ​ម៉ូដ​ក្លាយ​ជា​តួឯក​ក្នុង​​រឿង​ចន្ទចាកវេហាស៍



រាជធានីភ្នំពេញ​ ៖ កញ្ញា​គឹម រ៉ូហ្សា ក្នុង​វ័យ​២៥ឆ្នាំ ជាអ្នក​បង្ហាញ​ម៉ូដ​​ម្នាក់​ដែល​មាន​រូប​សម្ផស្ស​​ស្រស់​សោភា​​ ​និងទេព​កោសល្យ​​បង្ហាញ​ម៉ូដ​​ល្អ​ ហើយ​ពេល​នេះ​បាន​ក្លាយ​ជា​តួឯក​​​ក្នុង​រឿង​​ ចន្ទ​ចាក​វេហាស៍ របស់​​ផលិត​ កម្ម​វិស្ណុ​ភាពយន្ត​។​ កញ្ញា​គឹម រ៉ូហ្សា ​ឱ្យ​ដឹងថា នាង​មាន​ស្រុក​កំណើត​នៅស្រុក​មោងឫស្សី​ ខេត្ត​បាត់​ដំបង​ ។​នាង​មាន​​បងប្អូន​​ស្រី២​នាក់​ ក្នុងនោះ​រូប​នាងជា​កូន​​​ពៅ​ ។ ដោយ​សារ​ស្រឡាញ់​​សិល្បៈ​​​​បង្ហាញ​​ម៉ូដ​​នៅឆ្នាំ​២០០៥ នាង​បាន​មក​ភ្នំពេញ​ចូល​​ហាត់​​រៀនជាមួយ​លោក​ខេវិន នៅ​ស្ថានីយ​ទូរទស្សន៍​CTN ។ មិនយូរ​ប៉ុន្មាន​នាង​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ ​ហើយ​តែងតែ​ចេញ​បង្ហាញ​​ម៉ូដ​ឱ្យក្រុម​ហ៊ុន​នានា​ក្នុង​រាជធានីភ្នំពេញ ព្រមទាំង​​ធ្លាប់​ចេញ​ទៅ​សម្តែង​​នៅ​ប្រទេស​​បារាំង​​​ម្តង​។

កញ្ញាគឹម រ៉ូហ្សា រំលឹក​ថា កាលពី​ឆ្នាំ​១៩៩៩​ នាង​ធ្លាប់​ប្រឡង​​ច្រៀង​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ប្រចាំខេត្ត​បាត់​ដំបង ដោយ​ច្រៀង​បទ​ ស្នេហ៍​ក្រោម​ម្លប់​ជ្រៃ ។ ​នាង​​សំរេច​​ចិត្ត​​បណ្តែតជីវិត​ចូល​ប្រឡូក​​ក្នុង​វិស័យ​​​សិល្បៈ​​ចាប់​ ពី​ឆ្នាំ២០០៥ ម​កគឺ​ធ្វើ​ជាតារា​បង្ហាញ​​ម៉ូដ​​​។​ ក្នុងអាជីព​​​ជា​អ្នក​បង្ហាញ​ម៉ូដ​រយៈ​ពេល​៥ឆ្នាំ​នេះ​នាង​មាន​ការងារ​ច្រើន ពិសេស​នៅឆ្នាំ២០១១​នេះ​នាង​មាន​ឱកាស​បាន​ចូល​រួម​សម្តែង​ឱ្យ​ផលិតកម្ម​ វិស្ណុ​ភាពយន្ត​ដោយ​អ្នក​ដឹកនាំ​រឿង​តម្រូវ​ឱ្យ​នាង​សម្តែង​​ជា​តួឯក​​។ រឿងនេះ​នឹង​​ចេញ​ថត​នៅ​ថ្ងៃទី៧ ខែកម្ភៈ​ ឆ្នាំ​២០១១ ។ រឿង​ ចន្ទ​ចាកវេហាស៍ ​​​និពន្ធ​និងដឹកនាំ​រឿង​ដោយ​លោក​ជ័យ រិទ្ធា ។

កញ្ញា​គឹម រ៉ូហ្សា និយាយថា ​សាច់​រឿង​ចន្ទ​ចាកវេហាស៍​​ឆ្លុះបញ្ចាំង​​ពី​ជីវិតក្មេង​ស្រីលក់​កាសែត ខាត់​ស្បែកជើង លក់​ផ្កា លក់​ប៉េង​ប៉ោង ដើម្បី​រក​ប្រាក់​មក​ផ្គត់​ផ្គង់​គ្រួសារ និង​បន្ត​ការ​សិក្សា​នៅមហា​វិទ្យា​ល័យ​រហូត​ក្លាយខ្លួន​​ជា​និស្សិត​ពូកែ​។ កញ្ញា​រ៉ូហ្សា​ និយាយ​ថា នេះ​ជា​លើក​ទី១​ហើយ​ដែល​នាង​បាន​សម្តែង​ជាតួឯកភាព​យន្ត​​​​ដូច្នេះ​​នាង​នឹង ​ខិតខំ​​ប្រឹង​សម្តែង​ឱ្យ​អស់​ពីសមត្ថ​ភាព​ ៕

http://kohsantepheapdaily.com.kh/art...26-204732.html

Tags: