CamNews

ព័ត៌មានជាតិ 

ប៉ូលិស​ កំពុងតាមចាប់ កូនមន្រ្តីធំម្នាក់ ដែលវាយ បូលិសចរាចរណ៍ស្រី នៅកណ្តាល ក្រុងសៀមរាប

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ពេលនេះប៉ូលិសបានស្គាល់ទីតាំង របស់ជនដៃដល់ម្នាក់ ជាកូនប្រសាររបស់ប្រធានពន្ធនាគារមួយ ដែលបានវាយទៅលើស្រ្តី ជាប៉ូលិសចរាចរណ៍ឱ្យរបួសធ្ងន់ ព្រមទាំងស្រែកជេរថា «បើង៉ែងមិនសុំទោសអញទេ! ថ្ងៃណាមួយនឹងងាប់ នៅឡានអញជាមិនខាន!» ខណៈនៅពេលដែលនាង បំពេញកិច្ចការនៅក្នុងក្រុងសៀមរាប ជាប៉ូលិសចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវមួយ នាក្រុងសៀមរាប នាពេលដែលស្រ្តីប៉ូលិសចរាចរណ៍ បានអនុវត្តតួនាទី ដោយធ្វើការឃាត់ម៉ូតូរបស់ជនដៃដល់ ដែលជិះដោយមិនពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានស្លាកលេខ។

ជនដៃដល់មានឈ្មោះ លឹម ស្នេហ៍គំនិត ហៅ ធូ ជាថៅកែចិញ្ចឹមក្រពើ ដែលត្រូវជាកូនប្រសាររបស់លោក ឆែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាប រស់នៅម្តុំអាងក្រពើ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃកើតហេតុជនដៃដល់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅឌុបប្រពន្ធ ដោយពុំមានពាក់មួកការពារសុវត្ថិភាព និងម៉ូតូគ្មានស្លាកលេខ ឃើញដូចនោះ ជនរងគ្រោះដែលជាប៉ូលិសចរាចរ បានចេញទៅឃាត់ឲ្យឈប់ម៉ូតូ ស្រាប់តែបុរសម្នាក់នោះ អត់ឈប់ហើយជិះម៉ូតូតម្រង់មករកបុកនាង ព្រមទាំងយកដៃគ្រវាសដំបងចរាចរណ៍នាងចេញ ពេលនោះនាងក៏តាមកាក់ម៉ូតូនោះ រហូតដល់ឈប់ក្រោយមកទៀត បុរសម្នាក់បានចុះពីលើម៉ូតូ មកហើយវាយនាងមួយដៃ ត្រូវដើមដៃខាងស្តាំ ហើយរត់ឡើងម៉ូតូប្រុងបើករត់គេច តែនាងរត់ទៅចាប់ម៉ូតូ កុំឲ្យបើករត់គេច តែបុរសនោះបានវាយនាងមួយដៃទៀត ត្រង់ចំណុចដដែល បណ្តាលឲ្យដៃរបស់នាងឡើងជាំ ហើយភ្លត់ដៃខាងស្តាំ។

ប្រភពដដែលបានឱ្យដឹងថា នៅពេលបន្ទាប់មកលោកអនុសេនីយ៍ឯក សាយ ឌីណា បានរត់មកជួយ ហើយលោកពលបាលឯក សាត ពឿន រត់មកជួយទៀត ទើបឃាត់បុរសម្នាក់នោះជាប់ ហើយរាយការណ៍ទៅថ្នាក់លើ។ ដោយតាមបញ្ជាថ្នាក់លើ ក៏ឲ្យដកយកម៉ូតូនោះ ទៅរក្សាទុកនៅស្នងការនគរបាលខេត្តសៀមរាបតែម្តង ហើយបុរសនោះក៏គេចខ្លួនបាត់ ។ លុះកន្លះម៉ោងក្រោយមកបុរសនោះ ក៏ត្រលប់មកវិញម្តងទៀត បើករថយន្តម៉ាកកាម៉ារីហាយប្រ៊ីត ពណ៌ស មកដល់កន្លែងនាងឈជើង ហើយចុចកញ្ចក់ឡានចុះ ហើយស្រែកជេរយ៉ាងកម្រោលមកលើនាងថា៖ « បើង៉ែងមិនសុំទោសអញទេ! ថ្ងៃណាមួយនឹងងាប់ នៅឡានអញជាមិនខាន!»៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP