(វៀតណាម)៖ លោក គុជ ប៊ុណ្ណារ៉ា ដែលទទួលបានអាណិតអាសូរយ៉ាងខ្លាំង ពីបណ្តាញអ្នកលេង ហ្វេសបុក ទាក់ទងនឹងស្ថានភាពជម្ងឺកូនស្រី កើតជម្ងឺរលាកស្រោមខួរធ្ងន់ធ្ងរ ពេលនេះបានដឹកទៅដល់ប្រទេសវៀតណាមនោះ គឺបានទទួលការឧបត្ថម្ភទាំងស្រុងជាកញ្ចាប់ ទាំងការចាយ វាយ ថ្លៃធ្វើដំណើរ និងថ្លៃព្យាបាលពីបងស្រី អគ្គនាយិការប្រតិ្តបតិ្ត នៃក្រុមហ៊ុនទឹកពិសា វីតាល់ គឺលោកស្រី ជឹង សុគន្ធាវី។
ការផ្តល់ជាការឧបត្ថម្ភបែបនេះ ត្រូវបានទទួលការសាទរយ៉ាងខ្លាំង ពីបងប្អូនតាមបណ្តាអ្នកលេង ហ្វេសបុក រាប់ម៉ឺននាក់ ដែលម្នាក់ៗ បានសាទរដល់ក្រុមហ៊ុន វីតាល់ ក៏ដូចជា លោកស្រី ជឹង សុគន្ធាវី ដែលមានចិត្តសណ្តោសប្រណៃដ៏ថ្លៃថ្លា រាល់សកម្មភាពសង្គមនានា នៅប្រទេសកម្ពុជា។ លោកស្រី បានយកចិត្តទុកដាក់ និងទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់ជូនគ្រួសារជនរងគ្រោះ។ លោក ប៊ុណ្ណារ៉ា បានអំណរគុណជាខ្លាំងដល់ លោកស្រី ជឹង សុគន្ធាវី ដោយលោកបានបង្ហោះនូវចំណាប់អារម្មណ៍មួយចំនួន ក្នុងទំព័រហ្វេសបុករបស់លោក មុននឹងលោកចាកចេញទៅប្រទេសវៀតណាមថា «ដោយមានការអាណិតអាសូរពីលោកជំទាវ ជឹង សុគន្ធាវី ក្រុមប្រឹក្សាភិបាល និងជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន NVC Corporation (Vital) លោកជំទាវបានផ្តល់ជាថវិកា និងបានផ្តួចផ្តើមបញ្ជូន តីតី ទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យប្រទេសវៀតណាម ជំនាញផ្នែកខួរក្បាល។ នេះជាទឹកចិត្តដ៏ថ្លៃថ្លា របស់លោកជំទាវ ដោយបានផ្តល់ឱកាសឲ្យខ្ញុំ បានធ្វើនូវរឿងដែលខ្ញុំប្រាថ្នាចង់បញ្ជូនកូន តី ទៅព្យាបាលនៅក្រៅប្រទេសជាយូរណាស់មកហើយ ។ សូមជូនពរដល់លោកជំទាវ ឲ្យជួបនូវភាពជោគជ័យជានិច្ច និងក៏សូមអរគុណដល់បងប្អូនប្រុសស្រី និងមិត្តៗនៅក្នុង Facebook ដែលមានចិត្តអាណិតអាសូរដល់ តីតី ដោយបាន Comment ជូនពរដល់ តីតី ជាហូរហែ ។ លទ្ធផលយ៉ាងណានោះ ខ្ញុំនឹងផ្តល់ជាព័ត៌មាននៅពេលក្រោយទៀត សូមអរគុណ »។
សូមរំលឹកឡើងវិញដែរថា កូនស្រី តីតី កំសត់មួយនេះស្គាល់ការសប្បាយ ប្រឡែង សើចក្អាកក្អាយត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ គឺពេលដែល តីតី មានអាយុ ១ឆ្នាំ ៧ខែ តីតី ក៏ចាប់ឈឺ កើតជម្ងឺរលាកខួរក្បាលកំរិតធ្ងន់ ដែលគ្រប់រាងកាយទាំងអស់ គឺត្រូវពិការទាំងដៃជើង ទាំងភ្នែក ទាំងមាត់មិនអាចនិយាយបាន ត្រចៀកមិនអាចស្តាប់ឮ សតិក៏បាត់បង់ សូម្បីតែញ៉ាំក៏មិនអាចបញ្ជាមាត់ឲ្យទំពារបាន ដោយត្រូវសុងទុយោចូលក្នុងក្រពះ ដើម្បីបញ្ជូនអាហារជារៀងរាល់ថ្ងៃ ៕




ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី