CamNews

ព័ត៌មានជាតិ 

បង្ក្រាបក្រុមចោរ ប្លន់កាំភ្លើងអាការ បាន៣នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ក្នុង នោះមានស្ដ្រីម្នាក់ជាភរិយា ត្រូវបានកម្លាំង នគរបាល
ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទាំងយប់ ព្រមទាំងរឹបអូសបានកាំភ្លើងអាការ ចំនួន២ដើម ដែល
ក្រុមចោរទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់ ក្នុងរាជធានីភ្នំពេញ
និងតាមបណ្ដាខេត្ដជាច្រើនដង ជាពិសេសការធ្វើសកម្មភាពប្លន់នៅក្នុងខេត្ដព្រៃវែង ទីកន្លែង
កំណើតរបស់ខ្លួន ។

ការបង្ក្រាបក្រុមចោរប្លន់ ដែលសមត្ថកិច្ច ហៅពួកវាថា ជាក្រុមអាម៉ាប់និងអាម៉ុក បានធ្វើឡើងនៅ
សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ ចាប់ពីវេលាម៉ោង២យប់ រំលង អាធ្រាត្ររហូតដល់
ម៉ោង៥ទាបភ្លឺ បន្ទាប់ពីក្រុមចោរទាំងនេះ ប្រុងចេញធ្វើសកម្មភាពប្លន់ បើមិននៅក្នុងទឹកដីខណ្ឌ
ពោធិ៍សែនជ័យ អាចក្នុងទឹកដីខេត្ដកណ្ដាល ប៉ុន្ដែត្រូវបានបង្ក្រាបទាន់ពេលវេលា។

ប្រតិបត្ដិការបង្ក្រាបក្រុមចោរប្លន់អាការ ក្នុងនោះមានទាំងស្ដ្រី ជាភរិយាម្នាក់ផងដែរនោះ បានធ្វើ
ឡើង ក្រោមការដឹកនាំបញ្ជា ផ្ទាល់ពីសំណាក់អធិការនគរបាលខណ្ឌពោធិ៍ សែនជ័យ លោកប៊ន
សំអាត ,អធិការរង ទទួលផែនព្រហ្មទណ្ឌ និងមានការសហការ ក៏ដូចជាការផ្ដល់ព័ត៌មានពីសំ
ណាក់កម្លាំងសមត្ថកិច្ចខេត្ដព្រៃវែង បន្ទាប់ពីក្រុមចោរទាំងនេះ បានធ្វើសកម្មភាពប្លន់នៅទីនោះ ។

លោកប៊ន សំអាត ដែលអាវប្រឡាក់ ឈាមដោយសារបង្ក្រាបក្រុមចោរទាំងនេះ បានឱ្យដឹងថា
ជនសង្ស័យទាំង៣នាក់ ម្នាក់ ឈ្មោះឡាយ លន់ ហៅអាម៉ាប់ និងស្ដ្រីជា ប្រពន្ធ ដែលយកកាំ
ភ្លើងលាក់និងម្នាក់ទៀត ឈ្មោះអាម៉ក់ ។

លោកប៊ន សំអាត បានបញ្ជាក់ថា នៅ វេលាម៉ោង២ទាបភ្លឺ ចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួន ជនសង្ស័យឈ្មោះម៉ក់ រួចហើយបន្ដទៅឃាត់ខ្លួន
ជនសង្ស័យឈ្មោះម៉ាប់ និងស្ដ្រីជាប្រពន្ធ ពេលកំពុងនៅក្នុងផ្ទះជួល ហើយជនសង្ស័យ រូបនេះ
កម្លាំងនគរបាល ៤-៥នាក់ ស្ទើរតែ ចាប់វាមិនជាប់នោះឡើយ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូបបានឱ្យដឹងថា ក្រុមចោរប្លន់កាំភ្លើងអាការទាំងនេះ ធ្លាប់ធ្វើ
សកម្មភាពប្លន់ មិនក្រោម១០ខេត្ដ នោះឡើយ ដូចជារាជធានីភ្នំពេញ ខេត្ដ កំពង់ចាម និងខេត្ដ
ព្រៃវែងជាដើម ហើយ បក្ខពួករបស់វា ត្រូវបានកម្លាំងនគរបាល រាជធានីភ្នំពេញ ចាប់ខ្លួនបាន
ជាបន្ដបន្ទាប់ ផងដែរ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌរូបនេះបានបន្ដ ថា ក្រោយពីមានការបញ្ជារបស់លោកស្នង ការជួន
សុវណ្ណ និងស្នងការរង លោកជួន ណារិន្ទ ទើបកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំង
នគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបទាំង៣នាក់តែម្ដងទៅ ។

លោកប៊ន សំអាត បានបញ្ជាក់ថា ប្រតិ  បត្ដិការបង្ក្រាបក្រុមចោរប្លន់អាការ ដោយ មិនបានដេក
មិនបានពួនរបស់កម្លាំងនគរ បាល លោក ជាស្នាដៃថ្មីមួយទៀត និងចូល រួមកាត់បន្ថយសកម្ម
ភាពប្លន់ប្រដាប់អាវុធ មិនមែនតែក្នុងរាជធានីភ្នំពេញនោះឡើយ ប៉ុន្ដែកាត់បន្ថយបទល្មើសនៅ
តាមបណ្ដាខេត្ដផងដែរ ។

អធិការនគរបាលរូបនេះ បានបញ្ជាក់ថា ដោយសារតែកម្លាំងសមត្ថកិច្ចរបស់លោក ចុះល្បាត
តាមមូលដ្ឋានទាំងយប់នោះ ទើប ធ្វើឱ្យពួកវា មិនមានឱកាសចេញប្លន់ ហើយ ក្រោយពីការ
ស្រាវជ្រាវតាមជំនាញរបស់ខ្លួន ទើបឈានទៅដល់ការបង្ក្រាបបានទាំង៣នាក់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ នេះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រគល់ជូនកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដើម្បីកសាង
សំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ