ភ្នំពេញ៖ បណ្ឌិតសភាចិន នៃបេតិកភណ្ឌវប្បធម៌ និងក្រុមហ៊ុនផ្នែកតាំងពិព័រណ៍ របស់ប្រទេសចិនមួយ បានខ្ចីបដិមាបុរាណកម្ពុជាចំនួន ៨០រូប ដើម្បីយកទៅធ្វើការដាក់ ក្នុងកម្មវិធីតាំងពិព័រណ៌ផ្សេងៗ នៅតាមទីក្រុង និងខេត្តនានា នៃប្រទេសចិន។
ថ្លែងបន្ទាប់ពី ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី ការយកវត្ថុបុរាណខ្មែរ ចំនួន ៨០រូប ទៅតាំងពិព័រណ៍នៅប្រទេសចិន រយៈពេល៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០១៥ រវាងលោក Liu Shu Guang ប្រធានបណ្ឌិតសភាចិន នៃ បេតិកភណ្ឌវប្បធម៌ និងលោក Yisong Tang ប្រធានក្រុមហ៊ុន Beijing Huaxie Cultural Development Co.,Ltd. លោកស្រី ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះថា ចិនខ្ចី បដិមាបុរាណខ្មែរចំនួន ៨០រូបនេះ ដើម្បីយកទៅដាក់តាំងពិព័រណ៍ នៅប្រទេសចិន ហើយបដិមាទាំងអស់នោះ គឺយក ចេញពីក្នុងមន្ទីរវប្បធម៌រាជធានីភ្នំពេញ។
លោកស្រីបន្តថា “ការយកបដិមា ទៅដាក់តាំងពិព័រណ៍ នៅប្រទេសចិននេះ គឺធ្វើឲ្យកម្ពុជា បានផ្សព្វផ្សាយពីវត្ថុបុរាណ របស់កម្ពុជា ទៅដល់ប្រជាជនចិន ធ្វើឲ្យពួកគេចាប់អារម្មណ៍ និងមកលេងកម្សាន្តនៅប្រទេសយើង”។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលវត្ថុបុរាណខ្មែរ យកទៅតាំងបង្ហាញនៅប្រទេសចិន ហើយក៏ជាឱកាស សម្រាប់សាធារណជនចិន បានទស្សនា នូវវត្ថុបុរាណខ្មែរដោយផ្ទាល់ នៅលើទឹកដីរបស់ខ្លួន។
វត្ថុបុរាណចំនួន ៨០រូបនោះ ត្រូវបានជ្រើសរើស ដោយការយកចិត្តទុកដាក់បំផុត ពីមន្ត្រីជំនាញកម្ពុជា សហការជាមួយ មន្ត្រីជំនាញចិន ដើម្បីបង្ហាញនូវភាពសំបូរបែប នៃសិល្បៈវប្បធម៌ខ្មែរ នៅសម័យអង្គរ ក្នុងនោះរួមមាន វត្ថុធ្វើពីសំរឹទ្ធ ៣៤រូប, វត្ថុធ្វើពីថ្ម ៤០រូប និងវត្ថុកុលាលភាជន៍ ចំនួន៦រូប ដែលវត្ថុទាំងនេះ មានស្ថានភាពល្អប្រសើរ និងភាគច្រើនកម្ពស់ មិនលើស ពីមួយម៉ែត្រកន្លះ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និងដំឡើងដាក់តាំង៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល