CamNews

ព័ត៌មានជាតិ 

ក្រសួងការបរទេសអំពាវនាវយុវវ័យខ្មែរ ដាក់ពាក្យប្រកួតប្រជែងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាន អ.ស.ប

(ភ្នំពេញ)៖ ការិយាល័យធនធានមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នឹងរៀបចំការប្រឡង « កម្មវិធីវិជ្ជាជីវៈវ័យក្មេង» ដើម្បីជ្រើសរើសបេក្ខជន បេក្ខនារីវ័យក្មេង និងមានសមត្ថភាព ពីបណ្តាប្រទេសសមាជិករបស់អង្គការសហប្រ  ជាជាតិ ទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០ ១៦ ការរៀបចំប្រឡងនេះ គឺជាឱកាសមួយសម្រាប់យុវជន យុវនារីខ្មែរ ដើម្បីទៅបម្រើការងារនៅស្ថាប័នកំពូលរបស់ពិភពលោក។  អ្នកនាំពាក្យរូបនេះ បានអំពាវនាវឲ្យយុវជន យុវនារីខ្មែរ ចូលរួមដាក់ពាក្យប្រឡងប្រជែងឲ្យបានច្រើន។

លោកបានថ្លែងបញ្ជាក់ថា «វាជាមោទនភាពមួយសម្រាប់កម្ពុជា នៅពេលដែលយើងមានប្រជាពលរដ្ឋច្រើនធ្វើការងារនៅក្នុងអង្គការ សហប្រជាជាតិ»

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា«កម្មវិធីវិជ្ជាជីវៈវ័យក្មេង » ត្រូវបានអនុម័តក្នុងសម័យប្រជុំលើកទី៦៥ ឆ្នាំ២០១០ របស់មហាសន្និបាត អ.ស.ប ហើយមានគោលដៅកែលំអ «តំណាងតាមភូមិ សាស្រ្ត» របស់បណ្តាប្រទេសសមាជិក នៅក្នុងលេខាធិការដ្ឋាន។

បច្ចុប្បន្នមានពលរដ្ឋកម្ពុជា ០៤នាក់ (ប្រុស ០២នាក់ និងស្រី ០២នាក់) កំពុងធ្វើការងារនៅក្នុងលេខាធិការដ្ឋាន អ.ស.ប នៅទីក្រុងញូ វយ៉ក៕


 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh