(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ទីភ្នាក់ងារអវកាស NASA បាននិយាយថា រូបភាពថ្មីមួយរបស់ភពផែនដី នាពេលរាត្រីបានបង្ហាញនូវពន្លឺ ដ៏ភ្លឺនៃធម្មជាតិ ព្រមទាំងការបង្កើតដ៏អស្ចារ្យ របស់មនុស្សលោកនៅក្នុងភពផែនដី។ នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Space ចេញផ្សាយនៅថ្ងៃអង្គារទី០៨ ខែតុលា ឆ្នាំ២០១៦។
ទីភ្នាក់ងារអវកាស NASA បាននិយាយថា រូបភាពដ៏ស្រឡះរបស់ផ្ទៃមេឃនៅពេលយប់ ដោយគ្មានពពកគ្របដណ្តប់ ដែលត្រូវចាប់បានដោយផ្កាយរណបថ្មីមួយរបស់ NASA ត្រូវបានដាក់បញ្ចូលជាមួយនឹង រូបភាពដែលបានមកពី ផ្កាយរណបរបស់ទីភ្នាក់ងារគ្រប់គ្រងបរិយាកាស និងមហាសមុទ្ររបស់ជាតិ ដោយវាបានបង្ហាញឲ្យក្រុមអ្នកវិទ្យាសាស្រ្តបានឃើញនូវភាពភ្លឺចិញ្ចាចចិញ្ចែងនៃពន្លឺរបស់ទីក្រុងនីមួយៗ, ឧស្ម័នមួយចំនួន, ពន្លឺក្រហមៗ, ព្រមទាំងពន្លឺដ៏ស្រស់ស្អាតរបស់ព្រះច័ន្ទផងដែរ។
ជាមួយគ្នានេះដែរអ្នកស្រាវជ្រាវម្នាក់ឈ្មោះលោក Steve Miller មកពីមហាវិទ្យាល័យខូឡូរ៉ាដូ ខាងផ្នែកស្រាវជ្រាវបរិយាកាស បាននិយាយថា «មូលហេតុដែលក្រុមអ្នកវិទ្យាសាស្រ្តព្យាយាមចាប់យករូបភាពរបស់ភពផែនដី នាពេលយប់នេះ គឺដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជំរៅ ទៅលើស្រទាប់បរិយាកាសរបស់ភពផែនដី ព្រមទាំងលក្ខណៈខុសប្លែករបស់វាដែលជាពិសេសនៅពេលយប់។ យើងត្រូវដឹងថាផែនដីមិនដែលចេះសម្រាក និងគេង ដូចមនុស្សឡើយហើយនៅពេលយប់របស់ភពផែនដី មិនមែនងងឹតដូចជាយើងធ្លាប់បានគិតនោះឡើង»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង