CamNews

តារា 

លោក ថៃ នរៈសិត្យា៖ ប្រសិនបើការរិះគន់បទ «អូនចង់ស្វានបង» មានទំហំកាន់តែធំឡើងៗ ក្រសួងនឹងមានវិធានការបិទបទ

(ភ្នំពេញ)៖ ថ្មីៗនេះ នៅក្នុងបណ្ដាញ​សង្គម Facebook បានផ្ទុះឡើងនូវរឿងរ៉ាវថ្មីមួយទៀត ជុំវិញការរិះគន់ចំពោះអត្ថន័យ នៃបទចម្រៀងមួយបទ មានចំណងជើងថា «អូនចង់ស្វានបង» ដែលជាការបកស្រាយ​របស់តារាចម្រៀង បាន មុន្នីល័ក្ខ ក្នុងផលិតកម្ម «We Production» ថា បានប៉ះពាល់យ៉ាងខ្លាំង​ដល់តម្លៃស្រ្តីខ្មែរ ព្រោះតែការប្រើពាក្យពេចន៍ (ពាក្យស្វាន) មិនសមរម្យ​របស់អ្នកនិពន្ធ រហូតធ្វើឲ្យអ្នករិះគន់​ទាំងនោះ បានស្នើដល់ក្រសួងវប្បធម៌ ចាត់វិធានការចំពោះបទចម្រៀង​ នេះទៀតផង។

ថ្លែងប្រាប់ Khmertalking នៅរសៀល​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ថៃ រនៈសិត្យា អ្នកនាំពាក្យក្រសួវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បាន​ពិនិត្យ​ លើអត្ថន័យរបស់​បទចម្រៀង «អូនចង់ស្វានបង» ដែលកំពុងតែទទួលរងការរិះគន់នេះ នៅឡើយទេ ប៉ុន្តែប្រសិនបើបទចម្រៀងនេះ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់តម្លៃស្រ្តីខ្មែរ ព្រោះតែការប្រើពាក្យពេចន៍ ក្រសួងនឹងពិចារណា ក្នុងការបិទមិនឲ្យចាក់ផ្សាយ​តែម្ដង។

លោកបានបន្ថែមថា កាលពីពេលកន្លងមក ក្រសួងក៏បានប្រជុំពិភាក្សា ជាមួយអ្នកនិពន្ធ ចំពោះបញ្ហាការតាក់តែង​និពន្ធ​បទចម្រៀងខ្មែរ ហើយក្រសួងសម្រេចថា មិនត្រួតពិនិត្យ​ ឬកាត់ពាក្យពេចន៍ ​​របស់អ្នកនិពន្ធនោះឡើយ ព្រោះដើម្បីគោរពសិទ្ធអ្នកនិពន្ធ គោរពកម្មសិទ្ធបញ្ញា ក៏ប៉ុន្តែពេលនិពន្ធចម្រៀងចេញមក ស្រាប់តែមានការរិះគន់ច្រើន មានទំហំធំឡើងៗ លើបទចម្រៀងនោះ ខាងក្រសួងនឹងពិចារណាបិទតែម្ដង ខណៈដែលក្រសួងបានធ្វើការ ណែនាំរួចមកហើយ។

យ៉ាងណាមិនពាក់ព័ន្ធ​​ជាមួយនឹងថា មានវិធានការបែបណា ចំពោះបទចម្រៀង «អូនចង់ស្វានបង» របស់ផលិតកម្ម «We Production» ដែលកំពុងតែមានការរិះគន់ថា មានពាក្យពេជន៍ មិនសមរម្យប៉ះពាល់​តម្លៃស្រ្តីខ្មែរ នៅពេលនេះ គឺលោកបានប្រគល់ឲ្យ​ខាង​នាយកដ្ឋានភាពយន្ត និងទស្សនីយភាព​ជាអ្នក​ចាត់ចែងបន្តធ្វើការងារនេះ ជាមួយនឹងផលិតកម្ម និងអ្នកនិពន្ធនោះហើយ​។

សូមបញ្ជាក់ថា បទចម្រៀង «អូនចង់ស្វានបង» របស់ផលិតកម្ម «We Production» ផ្ទុះសំឡេងរិះគន់​ក្នុងបណ្ដាញ Facebook នៅពេលនេះ គឺបន្ទាប់ពីតារាចម្រៀង បាន មុនីលក្ខណ៍ យកមកបកស្រាយ​ក្នុងស្ថានីទូរទស្សន៍បាយ័ន ក្នុងកម្មវិធី «តន្រ្តីយុវវ័យ» និងក្នុងស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធី «Super Sunday»។ ទោះបីជាយ៉ាងណា ក្រសួងប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចបិទបទចម្រៀង​ចំនួន២បទរួចមកហើយ កាលពីពេលថ្មីៗនេះ គឺបទ« ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយលោក កែវ វាសនា និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ច្រៀងដោយកញ្ញា ម៉ាលីស។

មហាជនកំពុងតែរងចាំមើលថា តើបទ​​«អូនចង់ស្វានបង» របស់ផលិតកម្ម «We Production» នឹងមានវាសនាដូចជាបទ​ចម្រៀង ទាំងពីរបទខាងលើនេះ​ឬយ៉ាងណា ពេលក្រសួង​ត្រួតពិនិត្យ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ban monyleak