(ភ្នំពេញ)៖ តារាសម្ដែងដ៏ល្បី ក្នុងទស្សវត្ស៧០និង៨០ អ្នកនាង អម្ពរ ទេវី បានឡើងយន្តហោះ ធ្វើដំណើរចាកចេញពីទឹកដីកំណើត នៃប្រទេសកម្ពុជាហើយ នៅម៉ោង១២៖០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ បន្ទាប់ពីនាងបានមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមសម្ដែងរឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា មានចំណងជើងថា«ទឹកចិត្តម្ដាយសម័យថ្មី» ដែលជាវណ្ណកម្មខ្នាតធំរបស់ផលិតកម្ម ថោន រយៈពេលប្រមាណជាង១០ថ្ងៃរួចមក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិចិនតុង) មុនពេលចេញដំណើរ តារាសម្ដែងប្រកបដោយទេពកោសល្យ មិនចេះរីងហួត អ្នកនាង អម្ពរ ទេវី បានឲ្យដឹងថា ក្នុងចិត្តរបស់អ្នកនាង នៅតែមិនដាច់អាល័យ ចំពោះអាជីពជាអ្នកសិល្បៈដដែល បើទោះបីជានាង បានឃ្លាតឆ្ងាយពីប្រទេសកំណើត ត្រូវទៅរស់នៅសហរដ្ឋអាមេរិក ជាយូរឆ្នាំមកហើយក្ដី។
អម្ពរ ទេវី បន្ថែមថា ប្រសិនបើមានឱកាសលើកក្រោយៗទៀត អ្នកនាងនឹងវិលមកកាន់ប្រទេសកម្ពុជា ដើម្បីសម្ដែងរឿង និងបំពេញការងារសិល្បៈ ដូចមុន ព្រោះក្នុងចិត្តនៅតែស្រឡាញ់អាជីពសិល្បៈ ដិតដាបជាប់ដដែល ហើយរយៈពេលដែលនាងមកនៅក្នុងប្រទេសកម្ពុជា ប្រមាណជាង១០ថ្ងៃនេះ នាងពិតជាសប្បាយចិត្តណាស់ នៅពេលបានជួបជាមួយ មិត្តភក្តិចាស់ៗធ្លាប់សម្ដែងរួមជំនាន់ ស្រឡាញ់រាក់ទាក់ និងយកចិត្តទុកដាក់ចំពោះនាងយ៉ាងខ្លាំង។
សូមបញ្ជាក់ថា តារាសម្ដែង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសម្ដែងរឿងឲ្យអ្នកស្រី ពាន់ ភួងបុប្ផា និងឆ្លៀតសម្ដែងបទចម្រៀងមួយចំនួន ឲ្យផលិតកម្ម ថោន ។ នៅអាមេរិកអ្នកនាង អម្ពរ ទេវី មិនបានបន្តការងារសិល្បៈនោះទេ ពោលគឺគ្រាន់តែបំពេញការងារធម្មតា និងមើលថែកូន ដែលរៀននៅសាលាក្បែរផ្ទះ របស់នាងតែប៉ុណ្ណោះ៕









ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង