(ភ្នំពេញ)៖ តារាសម្ដែងធ្លាប់ល្បីល្បាញ ក្នុងទស្សវត្សទី៨០ និងជាដៃគូដ៏ស័ក្តិសមជាមួយនឹង លោក ទេព រិន្ទដារ៉ូ អ្នកនាង អម្ពរ ទេវី នឹងធ្វើដំណើរមកកាន់ទឹកដីកំណើត របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាដំណើរមកកាន់ប្រទេសកម្ពុជាដ៏កម្រ ពុំធ្លាប់មានរយៈពេលជាង២០មកនេះ ដើម្បីចូលរួមសម្ដែងក្នុងស្នាដៃនិពន្ធ និងដឹកនាំ សម្ដែងក្នុងរឿងថ្មីរបស់អ្នកស្រី ពាន់ ភួង បុប្ផា មានចំណងជើងថា «ទឹកចិត្តម្ដាយសម័យថ្មី» ដែលជាស្នាដៃដំបូងរបស់អ្នកស្រី បន្ទាប់ពីចុះកិច្ចសន្យាផលិតរឿងឲ្យផលិតកម្ម «ថោន»។
កវីនិពន្ធ និងដឹកនាំសម្ដែងឆ្នើម អ្នកស្រី ពាន់ ភួងបុប្ផា បានថ្លែងដោយបើកចំហរ ក្នុងសន្និសីទកាសែត ចូលមកកាន់ផលិតកម្ម «ថោន» កាលពីពេលថ្មីៗនេះថា ជាការពិតកំពូលតារាសម្ដែងឆ្នើម និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងទស្សវត្ស៨០ និង៩០ អ្នកនាង អម្ពរ ទេវី នឹងមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងដើមខែសីហា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមថតរឿងឲ្យអ្នកស្រី តាមការសន្យា ពេលដែលអ្នកស្រីទៅលេងនៅសហរដ្ឋអាមេរិក ហើយបានជួបនឹងអ្នកនាង អម្ពរ ទេវី ។
អ្នកស្រី ពាន់ ភួងបុប្ផា ថ្លែងថា « ចា៎..រឿង ទឹកចិត្តម្ដាយសម័យថ្មី នឹងមានការចូលរួមសម្ដែង ពីសំណាក់អ្នកនាង អម្ពរ ទេវី ហើយគាត់មកកម្ពុជាតែរយៈពេលតែ១២ថ្ងៃ ប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវរៀបចំឈុតឆាកឲ្យគាត់ជាមុន ព្រោះជាពេលវេលាមួយខ្លីបំផុត ហើយគាត់មកខ្មែរពេលនេះ មិនមែនមកកម្សាន្ត ឬក៏មកលេងបងប្អូនទេ គឺគាត់មកថតរឿងឲ្យខ្ញុំតែម្ដង ព្រោះគាត់បានជាប់មាត់ជាប់ក ជំពាក់ពាក្យសម្ដី ថានឹងសម្ដែងរឿងឲ្យខ្ញុំ ពេលខ្ញុំជួបគាត់នៅអាមេរិក..!»។
អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ទៀតថា អ្នកនាង អម្ពរ ទេវី អាចនឹងសម្ដែងជាតួលោកជំទាវ ក្នុងសាច់រឿងរបស់អ្នកស្រី ហើយមិនមែនជារឿងងាយស្រួលទេ ដែលអ្នកស្រីអាចកងកាវតួសម្ដែងពីជំនាន់មុន ដែលកំពុងតែរស់នៅប្រទេសក្រៅ ឲ្យមកសម្ដែងក្នុងរឿងអ្នកស្រីបាន វាគឺជារឿងលំបាកមួយ ប៉ុន្តែដោយសារតែតារាសម្ដែង ទាំងអស់នោះ ធ្លាប់ស្គាល់ពីស្នាដៃ ពីបទពិសោធន៍របស់អ្នកស្រី នាពេលកន្លងមក ទើបពួកគាត់ទុកចិត្ត និងនៅតែរីករាយសម្ដែងឲ្យអ្នកស្រីដដែល។
សូមបញ្ជាក់ថា បើយោងតាមអ្នកស្រី ពាន់ ភួងបុប្ផា បានបន្ថែមថា រឿង«ទឹកចិត្តម្ដាយសម័យថ្មី» នឹងមានការចូលរួមសម្ដែង ដោយតារាជំនាន់មុន និងជំនាន់ក្រោយល្បីៗជាច្រើនដួង រួមមាន អ្នកនាង អម្ពរ ទេវី, អ្នកស្រី ឌី សាវ៉េត, លោក ទេព រិន្ទដារ៉ូ, អ្នកនាង ស៊ឹម សូលីកា ,អ្នកនាង សុខ សោម៉ាវត្តី ព្រមទាំងវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង