CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ចូលអុកឡុក ក្នុងភោជនីយដ្ឋាន យីហោ ផ្កាម្លេះ ផ្អើលនគរបាល ខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងភោជនីយដ្ឋាន ដែលមានយីហោផ្កាម្លេះ ស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបង្កឡើងដោយសារបុរសម្នាក់អួត អាងថា ខ្លួនមានអំណាច រួមទាំងជេរប្រមាថហើយទះកំផ្លៀង យុវជនម្នាក់ជាអ្នកបម្រើការក្នុងហាង និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ មួយចំនួន នៅក្នុងហាង កាលពីវេលាម៉ោង២១ និង៤០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ។

នគរបាលមូលដ្ឋានប៉ុស្តិ៍កាកាប បានឲ្យដឹងថា បុរសដែលបង្កភាពអនាធិបតេយ្យ នៅក្នុងហាងខាងលើនេះត្រូវបានឃាត់ខ្លួន យកមកកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាប ដើម្បីធ្វើការសាកសួរទាក់ទិននឹងបញ្ហាខាងលើ។ ហើយអត្តសញ្ញាណបុរសម្នាក់នេះ សមត្ថ កិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

ប្រភពដដែលបន្តថា មុនឈានដល់ការឃាត់ខ្លួនបុរសម្នាក់នេះ គឺរូបគេបានជិះម៉ូតូស្មាស់មួយគ្រឿងគ្មានស្លាកលេខ ចូលទៅផឹកស៊ីនៅក្នុងភោជនីយដ្ឋាន យីហោផ្កាម្លេះ រួចពេលស្រវឹងក៏បានស្រែកឡូឡាបង្កការ ភ្ញាក់ផ្អើលធ្វើឲ្យភ្ញៀវ នៅក្នុងហាងទាំងអស់រត់ចែកជើងគ្នាចេញក្រៅហាង។ ភ្លាមនោះជនបង្កបានស្ទុះទៅប្រតាយប្រតប់ និងទះកំផ្លៀងយុវជនម្នាក់ ជាបុគ្គលិកបម្រើការក្នុងហាង រួចហើយរូបគេបានបោកកែវគំរាមថៅកែហាង មិនឲ្យប្តឹងសមត្ថកិច្ច ប៉ុន្តែដោយសារតែមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង ទើបថៅកែហាងបានសម្រេចទូរស័ព្ទ ប្រាប់នគរបាលមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍។ ពេលដែលសមត្ថកិច្ចចុះដល់កន្លែង កើតហេតុ បុរសជាជនបង្កបាននិយាយពាក្យមិនសមរម្យ រួមទាំងជេរប្រមាថសមត្ថកិច្ច និងបោកកែវឌឺ សមត្ថកិច្ចថែមទៀតផង។ ដោយសារតែទង្វើក្លាហានគ្មានព្រំដែនរបស់បុរសខាងលើនេះ សមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យ បានចុះមក អន្តរាគមន៍ និងឃាត់ខ្លួនបុរសបង្កហេតុនេះ យកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍កាកាបភា្លមៗតែម្តង។

នៅចំពោះមុខ សមត្ថកិច្ចក្នុងប៉ុស្តិ៍រដ្ឋបាលកាកាប ជនបង្កបានសម្តែងរឹកក្រអឺតក្រទម ហាក់បីដូចជាមើល ងាយដល់នគរបាលមូលដ្ឋានថា គ្មានសមត្ថភាពបង្ក្រាបរូបគេបាន ។

គួរបញ្ជាក់ថា បន្ទាប់ពីកើតហេតុ យុវជនដែលរងការទះកំផ្លៀងពីសំណាក់បុរសខាងលើ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ដើម្បីសុំឲ្យសមត្ថកិច្ចអន្តរាគមន៍ រកយុត្តិធម៌ជូនរូបគេ។ ដោយយោងទៅតាមពាក្យបណ្តឹងរបស់យុវជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋានបានសម្រេចកសាងសំណុំរឿងឃាត់ខ្លួន បុរសខាងលើនេះ បញ្ជូន ទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការសាកសួរបន្ត។ ចំពោះទង្វើរបស់ជនបង្កខាងលើនេះ ភ្ញៀវដទៃទៀតដែលចូលទៅផឹកស៊ីក្នុងភោជនីយដ្ឋានផ្កាម្លេះ ហើយឃើញហេតុការណ៍ជាក់ស្តែងពួកគេសង្ឃឹមថា លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ នឹងចាត់ វិធានការធម៌ក្តៅធ្វើយ៉ាងណា ត្រូវបញ្ជូនជនបង្កខាងលើនេះ ទៅសាលាដំបូង រាជធានីភ្នំពេញផ្តន្ទាទោសតាមនីតិវិធីច្បាប់ សូមកុំគ្រាន់តែចាប់ឃាត់ ខ្លួនចេញពីហាង ពេលមកដល់ស្នាក់ការប៉ុស្តិ៍ទទួលបានលាភសក្ការៈបន្តិចបន្តួចដោះលែងជនបង្កទៅវិញឲ្យសោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news