ភ្នំពេញ ៖ នគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ បាន បញ្ជូនអ្នកបើករថយន្ដ ក្រុមហ៊ុនដឹកប្រេងសូគីម៉ិច ទៅតុលាការ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍ បុករះម៉ូតូ និងរ៉ឺម៉ក ព្រមទាំងអ្នកអង្គុយតាមចិញ្ចើម ផ្លូវ បណ្ដាលឱ្យស្ដ្រីជាម្ដាយ និងកូនប្រុស តូចអាយុ ២ឆ្នាំស្លាប់ រីឯ ៤នាក់ផ្សេងទៀត ក្នុងនោះកូនប្រុសអាយុ ២ឆ្នាំម្នាក់ទៀត របស់ស្ដ្រីរងគ្រោះ រងរបួសធ្ងន់ស្រាល ។
មន្ដ្រីនគរបាល ចរាចរណ៍ជើងគោក ទទួលបន្ទុកដោះស្រាយទំនាស់ បាននិយាយ ថា អ្នកបើករថយន្ដបង្ក មាស ឆោម អាយុ ៥៨ឆ្នាំ មុខរបរ បើករថយន្ដដឹកប្រេងរបស់ ក្រុមហ៊ុនសូគីម៉ិច ស្នាក់នៅភូមិទួលកែវ ឃុំ ពងទឹក ស្រុករំដួល ខេត្ដស្វាយរៀង ត្រូវ បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ ក្រោយ បង្កគ្រោះថ្នាក់ចរា ចរណ៍ បុករះម៉ូតូរ៉ឺម៉ក និងអ្នកអង្គុយតាម ចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់ ២នាក់ និងរង របួសធ្ងន់ ស្រាល ៤នាក់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ស្ថិតនៅតាមផ្លូវ ជាតិលេខ ៥ មុខ ធនាគារអេស៊ីលីដា សង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ ។
មន្ដ្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ២នាក់ ម្ដាយ-កូន រួមមាន ម្ដាយឈ្មោះ លី ពៅ អាយុ ៤០ឆ្នាំ និងកូនប្រុសឈ្មោះ លី មួយ អាយុ ២ឆ្នាំ និងកូនប្រុសម្នាក់ទៀត ដែលរងរបួស ស្រាល ឈ្មោះ លី ពី អាយុ ២ឆ្នាំដូចគ្នា ពួក គេទាំង៣នាក់ ស្នាក់នៅផ្ទះលេខ ១១៩ ផ្លូវ លេខ ៧០ ក្រុមទី២៤ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ។
ដោយឡែក ជនរងគ្រោះ ៣នាក់ ទៀត ដែលអង្គុយលេងនៅចិញ្ចើមផ្លូវ ហើយត្រូវរថយន្ដបង្កបុករ៉ឺម៉ក រុញទៅបុក ពួកគេ រួមមាន ទី១ ឈ្មោះ ចាន់ គន្ធា ភេទ ស្រី អាយុ ២ឆ្នាំ ទី២ ឈ្មោះ ង្វៀង ធីឌឹម ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម និងទី៣ ឈ្មោះ វ៉ាង ធីយូ អាយុ ៤៦ឆ្នាំ ជន ជាតិវៀតណាម រស់នៅផ្ទះជួលលេខ ៤៨៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ ។
បើតាមមន្ដ្រីនគរបាលចរាចរណ៍ជើង គោក បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដបង្កម៉ាកកាំម៉ាស់ ពណ៌ក្រហមលាយ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ៣អា ០៤៣៥ ធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ក្នុង ទិសដៅពីជើងមកត្បូង ចូលក្នុងរាជធានីភ្នំ ពេញ ស្រាប់តែធ្វើដំណើរដល់មុខធនាគារ អេស៊ីលីដា ក៏ជ្រុល ទៅបុកម៉ូតូជនរងគ្រោះ ម្ដាយ និងកូនប្រុសទាំង ៣នាក់ពីក្រោយ រួចហើយរថយន្ដបានជ្រុលទៅបុកម៉ូតូ សន្ដោងរ៉ឺម៉ក ១គ្រឿង ដែលចតលើចិញ្ចើម ផ្លូវ រួចរុញរ៉ឺម៉កទៅបុកអ្នកអង្គុយលេងលើ ចិញ្ចើមផ្លូវបណ្ដាល ឱ្យស្លាប់ និងរបួសយ៉ាង ដូច្នេះទៅ ។
គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថ កិច្ចអះអាងថា បណ្ដាលមកពីអ្នកបើក រថយន្ដ បើកបរក្នុងស្ថាន ភាពស្រវឹង ដែលមានជាតិអាកុលក្នុងខ្លួន ០,៦៣មីលីក្រាម ក្នុង១លីត្រខ្យល់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល