CamNews

តារា 

គួរអនិច្ចារ! អ្នកចម្រៀងចាប៉ីដងវែង លោកតា សួន សាន និងភរិយា ធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវកូនដេញចេញពីផ្ទះ

(ភ្នំពេញ)៖ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករកម្ពុជា បានថ្លែងប្រាប់គេហទំព័រ​ Khme​r​tal​king ទាំងក្តីអាណិតអាសូរ និងហួសចិត្តចំពោះអ្នកចម្រៀងចាប៉ី​ដងវែង គឺលោកតា សួន សាន និងភរិយារបស់គាត់ថា មិនគួរណាកូនៗរបស់គាត់ ដាច់ចិត្តហ៊ានបណ្តេញពួក​គាត់ ចេញពីផ្ទះ​សោះឡើយ បន្ទាប់ប្តី-ប្រពន្ធរបស់ពួកគាត់ សុទ្ធតែធ្លាក់ខ្លួនឈឺស្វិតដៃស្វិត ជើងទៅហើយនោះ។

លោក សុះ ម៉ាច បាននិយាយឲ្យដឹងទៀតថា បច្ចុប្បន្នលោក សួន សាន និងភរិយារបស់គា​ត់​កំ​ពុងស្នាក់នៅ ជិតភោជនីយដ្ឋាន «ពិភពរាត្រីថ្មី» ក្នុងសង្កាត់ទួលស្វាយព្រៃ ហើយម្សិលមិញ លោកតា សួ​ន សាន បានទូរស័ព្ទមកប្រាប់លោកថា កូនចៅមិនឲ្យរស់នៅផ្ទះ ជាមួយគេឡើយ។ ម្យ៉ាងទៀ​ត​ល្ងា​​ចនេះ លោកក៏នាំយកថវិកាចំនួន១០០ដុល្លារ បានមកពីមិត្ត​ទៅឧបត្ថម្ភជូនដល់គាត់ និងភរិយា​ ខណៈកាលពីប៉ុន្មានថ្ងៃមុននេះ លោកក៏បានចំណាយថវិកាផ្ទាល់ខ្លួន បន្តិចបន្តូច​ជួយគាត់​ម្ដងមកហើយ​ដែ​រ​។

តារាចម្រៀង និងជាប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានបន្តទៀតថា ក្រោយ​ពី​កូនៗរបស់គាត់ មិនឲ្យនៅផ្ទះជាមួយនោះ ឥឡូវលោកតា សួន សាន បានសម្រេចថា នឹងរើបង្វេច​ចេញ និងដើររកជួលផ្ទះគេរស់នៅ ពីរនាក់យាយតា។ ក្នុងនោះដែរ មិត្តភ័ក្តិរបស់លោក ក៏​ធានា​ថា​នឹងជួយចេញថ្លៃជួយផ្ទះនេះ រាល់ខែឲ្យលោកតា សួន សាន ផងដែរ។

ក្រៅពីថ្លែង​ដូច្នេះ លោក សុះ ម៉ាច ​ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅ​ស្រុកមេ​ត្តា​ជួយដ​ល់ លោកតា សួន សាន ផង ពិសេសសង្ឃឹមថា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​ ដែល​ជានិច្ច​​កាលសម្តេច តែងតែមានទឹកព្រះទ័យ សណ្តោសប្រ​ណី មេត្តាដល់ពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់និន្នាការ នយោបាយឡើយនោះ នឹងផ្តល់នូ​វ​ក្តីអាណិតមេត្តា ដល់លោកតាមិនខានឡើយ។

បើសិនជាសប្បុរសជន ចង់ឧបត្ថមដល់លោកតា​ផ្ទាល់ ឬតាមរយៈប្រធានសមាគមនសិល្បករកម្ពុជា លោក សុះ ម៉ាច អាចទំនាក់ទំនង លេខទូរស័ព្ទ​​ ០១២ ​៣៣ ៥០ ៣៤ ឬ ០១៧ ៤៨ ០១ ៧៧៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Soun san