CamNews

ព័ត៌មានជាតិ 

វេជ្ជបណ្ឌិត អ៊ុក ភារិន ចាក់ថ្នាំក្មេង ប្រុសអាយុ ៦ខែម្នាក់ស្លាប់ ហើយលាក់ព័ត៌មាន ដោយគ្មានការស៊ើប

ព្រះសីហនុៈ ក្មេងប្រុស អាយុ៦ខែម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឪពុកម្តាយ យកទៅនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ (បន្ទប់ឯកជននៅផ្ទះ) ដែលមានទីតាំង នៅភូមិ២ សង្កាត់លេខ៤ ក្រុង ខេត្ត ព្រះសីហនុ ឲ្យលោកវេជ្ជបណ្ឌិត អ៊ុក ភារិន ធ្វើការនៅមន្ទីរ ពេទ្យបង្អែក ខេត្តព្រះសីហនុ (ចំការចេក) ព្យាបាល ។

 ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ២រសៀល ថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៤ ។

សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងថា ក្មេងប្រុស ដែលស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ ម៉ិញ ចំរុង អាយុ៦ខែ ឪពុកឈ្មោះ ម៉ិញ ចំរើន អាយុ២២ឆ្នាំ និងម្តាយឈ្មោះ ដា រស់នៅបណ្តោះអាសន្ត ក្នុងក្រុម២៧ ភូមិ២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីឪពុកក្មេង រងគ្រោះបាននិយាយប្រាប់ថា មុនពេលកើតហេតុ វេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ កូនរបស់មានអាការៈក្តៅខ្លួន ហើយក៏នាំកូនទៅឲ្យ លោកគ្រូពេទ្យ អ៊ុក ភារិន ពិនិត្យនិងព្យាបាល ។ បន្ទាប់មកលោក គ្រូពេទ្យបានប្រាប់ថា កូនរបស់គាត់ខ្សោយខ្លាំង ហើយបានចាក់ថ្នាំមួយម្ជុលនៅត្រង់ភ្លៅ ។ ក្រោយពេលចាក់ថ្នាំហើយ គាត់ក៏បានយកកូនត្រឡប់ទៅផ្ទះវិញ ។ លុះវេលាម៉ោង ១និង១០នាទី ក្រោយ មកកូន របស់គាត់មានអាការៈធ្ងន់ធ្ងរ សន្លប់លែងដឹងខ្លួន គាត់ក៏ប្រញាប់ប្រញាល់ បញ្ជូនកូនទៅ មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ប៉ុន្តែពេលទៅដល់ត្រូវ បានក្រុមគ្រូពេទ្យ ពិនិត្យហើយបានប្រាប់ថា កូនគាត់បាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ទាក់ទិននិងករណីនេះលោកគ្រូពេទ្យ អ៊ុក ភារិន មិនអាចទាក់ទងសុំការ បំភ្លឺបានទេ ដោយប្រព័ន្ធទូរស័ព្ទ ០១២ បិទមិនដំណើរការ ចំណែក ០១១ តេរចូលតែមិនមានអ្នកលើក ។ ចំណែកលោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ទទួលបន្ទុកបច្ចេកទេស និងកោសល្យវិច័យ និង ប្រធានគណៈគ្រូពេទ្យខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ពាក់ព័ន្ធការស្លាប់របស់ក្មេងប្រុសដែលបានទៅព្យាបាលនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ របស់លោកវេជ្ជបណ្ឌិត អ៊ុក ភារិន ខាងលើនេះរូបគាត់មិនបានដឹងឡើយ ។

លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើរឿងនេះបានកើតឡើងអញ្ចឹងមែន គាត់និងបើកការស៊ើបអង្កេត រកមូលហេតុ ដែលបណ្តាលឲ្យ ក្មេងស្លាប់បន្ទាប់មកគាត់នឹង ផ្តល់ព័ត៌មាន តាមក្រោយវិញ ។ ចំណែកលោកស្រីវេជ្ជបណ្ឌិត លឹម សាមាន ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ដែលកំពុងជាប់បេសកកម្ម នៅភ្នំពេញបានមានប្រសាសន៍ ទំនងជាការពារកូនចៅថា រឿងនេះ គ្រូពេទ្យ ជំនាញ បានធ្វើកំណត់ហេតុរួចរាល់អស់ហើយ ។ ដោយឡែកឪពុកក្មេង រងគ្រោះបាននិយាយប្រាប់ថា បញ្ហានេះ គ្រូពេទ្យបានដោះស្រាយ ជាមួយក្រុមគ្រួសារ រួចរាល់អស់ហើយ ណាមួយគាត់ កំពុងមាន ទុក្ខមិនចង់ប្តឹងផ្តល់វែងឆ្ងាយ ។ ទាក់ទិនទៅនឹងការចាក់ថ្នាំ បណ្តាលឲ្យស្លាប់ក្មេងខាងលើនេះ គប្បីក្រសួងសុខាភិបាល បើកការស៊ើបអង្កេត ដើម្បីស្វែងរកយុត្តិធម៌ ជូនគ្រួសារក្មេងរងគ្រោះ ។ ជៀសវាង ការចោទ ពីប្រជាពលរដ្ឋថា គ្រូពេទ្យគ្មានជំនាញ ចាក់ថ្នាំស្លាប់សងលុយបញ្ចប់បញ្ហា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news