CamNews

ព័ត៌មានជាតិ 

ជនសង្ស័យម្នាក់ ផ្លោះចូលរបង ចង់លួច ទ្រព្យសម្បត្ដិ លោតចេញមិនទាន់ ត្រូវម្ចាស់ ផ្ទះបាញ់រងរបួសធ្ងន់

-រថយន្ដ ពេទ្យឯកជន នៅតែគ្មានការ ទប់ស្កាត់ដឹកជនរងគ្រោះ ក្រោយជួបគ្រោះ ថ្នាក់

ភ្នំពេញ ៖ យុវជនម្នាក់ ដែលសមត្ថកិច្ច អះអាងថា ជាចោរលួចទ្រព្យ សម្បត្ដិនៅតាម ផ្ទះ ត្រូវម្ចាស់ផ្ទះបាញ់បណ្ដាលឱ្យរងរបួសចំ ដៃពេលដែលជនសង្ស័យរូបនេះ ផ្លោះចូល របងផ្ទះគ្មានកន្លែងស្ថិតនៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង៣និង០៥នាទីព្រឹកទាបភ្លឺថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៤ ហើយពេលផ្លោះរបងចេញ មកវិញ មិនទាន់ ធ្វើឱ្យម្ចាស់ផ្ទះដឹងខ្លួនក៏ដក កាំភ្លើងបាញ់តែម្ដង ។

ក្រោយមានករណីនេះកើីតឡើងបង្កឱ្យមានការភ្ញាក់ផ្អើល ហើយស្រាប់តែមាន រថយន្ដពេទ្យឯកជនមួយគ្រឿងទៅដឹកជន សង្ស័យរូបនេះ ដែលរងរបួសដៃបញ្ជូនទៅ កាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជា មុនសិន រួចហើយសុំចាត់ការតាមក្រោយ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះសេង ពិសី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដនិង រស់នៅក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះ បានផ្លោះរបងចូលទៅផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅខាងក្រោយ ក្លឹបកំសាន្ដញូស្ដារ  ប៉ងលួចទ្រព្យសម្បត្ដិ លុះ ពេលធ្វើសកម្មភាពរួចហើយ ជនសង្ស័យបាន ផ្លោះរបងចេញមកវិញតែត្រូវម្ចាស់ផ្ទះទាន់ ក៏ដកកាំភ្លើងបាញ់មួយគ្រាប់ បណ្ដាលឱ្យរង របួសចំដៃ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះទៅកាន់កន្លែងកើតហេតុនោះ ដើម្បីសួរ នាំ ខណៈដែលជនសង្ស័យដែលរងរបួសត្រូវ បានដឹកដោយរថយន្ដរបស់មន្ទីរពេទ្យឯកជនមួយ មិនស្គាល់ឈ្មោះឆ្ពោះ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។

បើតាមសមត្ថកិច្ចក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូសង់កូរ៉េ មួយគ្រឿង របស់ជនសង្ស័យ ដែលជិះធ្វើ សកម្មភាព ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ ថា ចំពោះករណីនេះលោកបានឱ្យអធិការនគរ បាលខណ្ឌសែនសុខ និងកម្លាំងនគរបាលការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះទៅស្រាវ ជ្រាវបន្ដទៀត ដើម្បីរកមូលហេតុពិត ហើយ ជាពិសេសនោះ គឺពិនិត្យមើលសមាសភាព ម្ចាស់ផ្ទះ ពីព្រោះមានកាំភ្លើង ។

ចំពោះករណីនេះដែរ មជ្ឈដ្ឋានមួយចំនួន បានរិះគន់ចំពោះចំណាត់ការគ្មានប្រសិទ្ធិភាព របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលនៃការទប់ ស្កាត់សកម្មភាពរថយន្ដពេទ្យឯកជននៅតែ បន្ដសកម្មភាពអាណាធិបតេយ្យទៅដឹកជន រងគ្រោះនៅតាមកន្លែងកើតហេតុនានា ដូចជា គ្រោះថ្នាក់ចរាចរណ៍ជាដើម ។ ក្នុង នោះរថយន្ដមន្ទីរពេទ្យឯកជន ដែលទទួល រងការរិះគន់ខ្លាំងជាងគេ ដូចជាគ្លីនិកឯកជន ឃឹមរ៉ានី នៅខណ្ឌទួលគោក និងគ្លីនិកឯកជន គឹមសុង ដែលតែងតែបញ្ជូនរថយន្ដសង្គ្រោះ បន្ទាន់ទៅដឹកជនរងគ្រោះនៅពេល ដែល ទទួលបានព័ត៌មាននៃគ្រោះថ្នាក់ចរាចរ ។ ប៉ុន្ដែពេលខ្លះ ឃើញជនរងគ្រោះដែលមាន ស្ថានភាពក្រីក្រ និងពុំមានបងប្អូន រថយន្ដមន្ទីរ ពេទ្យឯកជនទាំងនេះ គេចវេសមិនដឹកនោះ ឡើយ ។

ក្រសួងសុខាភិបាល ធ្លាប់បានចេញសេចក្ដី ព្រមានរួចមកហើយ ចំពោះសកម្មភាពរថយន្ដ សង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ហាមមិន ឱ្យចេញទៅដឹកជនរងគ្រោះនោះឡើយ ទុក ឱ្យរថយន្ដរបស់មន្ទីរពេទ្យរដ្ឋចេញ ប្រតិបត្ដិ ការប៉ុន្ដែចំណាត់ការនេះ បានត្រឹមតែនៅ លើក្រដាសប៉ុណ្ណោះ ធាតុពិតការអនុវត្ដជាក់ ស្ដែងនោះ បរាជ័យទាំងស្រុង ។

ជាមួយគ្នានេះក៏មានការរិះគន់ថា សមត្ថ កិច្ចមូលដ្ឋានខ្លះ ត្រូវបានមន្ទីរពេទ្យឯកជន ទាំងនោះ ផ្ដល់លុយជូនក្នុងតម្លៃណាមួយ ដើម្បីឱ្យរាយការណ៍ភ្លាមៗជូនពួកគេនៅពេល ដែលមានគ្រោះថ្នាក់ចរាចរកើតឡើង ជា ពិសេសនោះជនរងគ្រោះមានស្ថានភាពធ្ងន់ ធ្ងរ ។

មជ្ឈដ្ឋានទាំងនេះ សូមអំពាវនាវសារជា ថ្មីដល់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវមាន វិធានការឱ្យបានតឹងរឹង និងប្រសិទ្ធភាពក្នុង ការទប់ស្កាត់កុំឱ្យរថយន្ដសង្គ្រោះបន្ទាន់របស់ មន្ទីរពេទ្យឯកជនចេញប្រតិបត្ដិការយ៉ាងអនាធិបតេយ្យទៅដឹកជនរងគ្រោះនៅតាមទីសាធារណៈធ្វើឱ្យសកម្មភាពរថយន្ដរបស់រដ្ឋ លែងមានតម្លៃតទៅ ។ ពីព្រោះរថយន្ដមន្ទីរ ពេទ្យឯកជនខ្លះមិនមានបិទស្លាកយីហោនោះ ឡើយ ដែលធ្វើឱ្យសាច់ញាតិជនរងគ្រោះ មិនដឹងថា តើទៅរកសាច់ញាតិរបស់ខ្លួននៅ មន្ទីរពេទ្យណា នៅពេលដែលជួបគ្រោះថ្នាក់ ចរាចរនោះ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news