CamNews

ព័ត៌មានជាតិ 

កីឡាករ​ជម្រើសជាតិ មិន​មក​ប្រឡង​បាក់​ឌុប ដោយ​មិន​ជូន​ដំណឹង​មុន ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ

ភ្នំពេញ៖ អ្នកនំាពាក្យក្រសួងអប់រំ យុវជននិងកីឡា លោក រស់ សាលីន បានឲ្យដឹងថា «កីឡាករជម្រើសជាតិ U-19 ដែលជាប់បំពេញបេសកកម្ម ចូលរួមប្រកួតនៅក្រៅប្រទេស តែជាប់កាតព្វកិច្ចត្រូវប្រឡងបាក់ឌុប ហើយមិនមកប្រឡង ដោយមិនបានជូនដំណឹង មកក្រសួងអប់រំជាមុននោះទេ ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ»។

ការលើកឡើងរបស់អ្នកនំាពាក្យក្រសួងអប់រំ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) ចំនួន៥នាក់ ដែលកំពុងជាប់បេសកកម្ម ប្រកួតក្នុងពានរង្វាន់ AFF U19 Championship នៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវនោះ អត់បានប្រឡងបាក់ឌុប ។

កីឡាករ U19 ទំាង៥នាក់ ដែលគេអះអាងថា ត្រូវប្រឡងបាក់ឌុប កាលពីថ្ងៃទី២៤-២៥ ខែសីហានាកន្លងទៅថ្មីៗនេះ ហើយកំពុងជាប់លេង ឲ្យក្រុមជម្រើសជាតិនៅប្រទេសឡាវ ពីថ្ងៃទី២២ ខែសីហា ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ នោះរួមមាន៖ កីឡាករ ម៉ែន មុន្នីរ៉ា, គីម ហាប់, ទូច រ៉ូម៉ា, ជាម រតនា និងកីឡាករ ចិន វណ្ណៈ ។

យ៉ាងណាក៍ដោយបើតាមលោក រស់ សាលីន មកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួងអប់រំមិនទាន់ បានទទួលឈ្មោះកីឡាករខាងលើដែលថា ត្រូវប្រឡងបាក់ឌុបនោះ នៅឡើយទេ ហើយថាគោលការណ៍ ការប្រឡងថ្នាក់ជាតិមួយឆ្នាំម្តង បេក្ខជនត្រូវគោរពតាមពេលវេលា។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិត្យ ហង់ ជួនណារ៉ុន មិនអាចទាក់ទងដើម្បីសុំ ការបញ្ជាក់បន្ថែមបានទេ នៅវេលាថ្ងៃត្រង់នេះ។ ចំណែក លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ឋកីឡាបាល់ទាត់ជាតិកម្ពុជា ក៏មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានដែរ។

គួរបញ្ជាក់ដែរថា ក្រុមយុវជន U-19 កម្ពុជាទាំងនេះ បានបំពេញការប្រកួត បានយ៉ាងល្អនៅទឹកដីឡាវ ដោយបានឆ្លងកាត់ ២ប្រកួតឈ្នះ U-19 ប្រ៊ុយណេ ៥-១ និងលេងស្មើទល់នឹងម្ចាស់ផ្ទះ U-19 ឡាវ ០-០ និងកំពុងឈរនៅលេខ២ បណ្តោះអាសន្នប្រពូល A គ្រាដែលថៃឈរនៅលេខ១ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP