(ភ្នំពេញ)៖ ទោះបីជារដូវនេះ បានឈានចូលដល់រដូវវស្សា ដែលមានតារាសម្ដែងខ្លះ បានសំរាកពីការងារសិល្បៈ ដេកស្ងាបនៅផ្ទះ គ្មានចំណូលថវិកាចូលក្ដី ប៉ុន្តែសម្រាប់តារាសម្ដែងច្រើនតែដណ្ដើមបានជាតួម្ដាយ តួជំទាវ និងតួបងស្រី នាង ហេង ស្រីពេជ្រ ហាក់មិនបានថមថយ បាក់ស្រុតការងារសិល្បៈនោះឡើយ ពោលនាងនៅតែមមាញឹកទាំងយប់ទាំងថ្ងៃ ស្ទើរតែរកពេលសម្រាកគ្មាន រហូតភ្លេចគិតរឿងអនាគតស្នេហា គូស្រករអ្វីសោះ ព្រោះតែជាប់ដៃកើបប្រាក់ ពីការសម្ដែងរឿង។
តារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានមហាជនស្គាល់ជាទូទៅ តាមរយៈការបង្ហាញខ្លួន ក្នុងរឿងភាគ រឿងដុំ និងបទចម្រៀងខារ៉ាអូខេ ក្នុងផលិតកម្មធំៗ ដោយភាគច្រើន គឺអ្នកដឹកនាំសម្ដែង តែងតែប្រគល់តំណែង ជាតួម្ដាយបែបកាចឆ្នាស់ និងធ្វើជាតួជំទាវ ឬជាបងស្រីជាដើម។ ជាមួយគ្នានេះ ការងារសិល្បៈរបស់នាង ក៏មានជាប់រដឹក មិនថាតែរដូវប្រាំង ឬរដូវវស្សានោះទេ គេតែងឃើញ ស្រីពេជ្រ មានរឿងត្រូវសម្ដែងរហូត និងតែងបង្ហាញសកម្មភាពនេះ ក្នុងបណ្ដាញសង្គមរបស់ខ្លួន ដើម្បីឲ្យមហាជនបានដឹង។
ជាក់ស្ដែងបច្ចុប្បន្ននេះ តារាសម្ដែងតួម្ដាយ និងកំពុងវិវឌ្ឍទៅជាតួកំប្លែង ហេង ស្រីពេជ្រ កំពុងតែសកម្មក្នុងការសម្ដែងរឿងជាច្រើនរួមមាន រឿងស្នេហ៍ពនេចរ ,នំប៉ាំងសុបិនស្នេហ៍,ខ្សែករពេជ្រ, ផ្ការីកក្នុងចិត្ត, កូនក្រមុំលោកមេឃុំ ព្រមទាំងចូលរួម ថតបទចម្រៀងខារ៉ាអូខេ ក្នុងផលិតកម្ម សាន់ដេ,ហង្សមាស និងផលិតកម្មថោនផងដែរ។ ដោយសារតែភាពមមាញឹក នឹងការងារសម្ដែងនេះ ទើបតារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានគេដឹងថា លែងសូវគិតខ្វល់ខ្វាយ រឿងអនាគតនោះឡើយ ខណៈដែលថ្មីៗនេះ នាងកំពុងតែជួបស្នេហ៍ថ្មី ជាមួយនឹងបុរសម្នាក់ ប៉ុន្តែក្នុងលក្ខណៈស្វែងយល់ចិត្តគ្នា ហើយក្នុងនោះនាងពុំមានពេលវេលាគ្រប់គ្រាន់ សម្រាប់សាងភាពផ្អែមល្ហែម ដល់គូស្នេហ៍នោះទេ។
ហេង ស្រីពេជ្រ និយាយថា «ចា៎..បង ខ្ញុំមានការងារសិល្បៈសម្ដែងច្រើន ព្រោះមានផលិតកម្មនានា ចេះតែទាក់ទងមកឥត់ដាច់។ រវល់គួរសមដែរហ្នឹង! ហើយបើនិយាយពីរឿងស្នេហាវិញ ខ្ញុំកំពុងស្វែងយល់ចិត្តគ្នា ជាមួយនឹងមនុស្សម្នាក់ តែពេលវេលាហាក់ដូចជា ពុំមានច្រើនឲ្យគ្នានោះទេ ព្រោះរវល់រៀងៗខ្លួន ណាមួយដូចជាមិនទាន់ចង់គិត នៅពេលនេះផង»។
ទោះបីជាយ៉ាងណា តារាសម្ដែង ហេង ស្រីពេជ្រ បានបង្ហាញគោលជំហររបស់ខ្លួនថា នៅពេលវេលាណាមួយដែលសមរម្យ អាចឲ្យនាងងាកមកគិត រឿងស្នេហាបាន គឺនាងនឹងសម្រេចចិត្តចូលរោងការតែម្ដង ហើយបុរសដែលនាងកំពុងស្វែងយល់ចិត្តនោះ គឺសង្ឃឹមថា រូបគេជាមនុស្សល្អ មានចិត្តធម៌ មានការសណ្ដោសប្រណី ដល់រូបនាងជាមិនខាន។ ម្យ៉ាងទៀត ស្រីពេជ្រ ក៏មិនចង់ទុកយូរ នាំឲ្យមានពាក្យចចាមអារ៉ាម បោកបក់លើរឿងរ៉ាវឯកជន អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ក្នុងមជ្ឈដ្ឋានសិល្បៈឡើយ៕
















ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង