CamNews

ព័ត៌មានជាតិ 

ខឿន​ប្រាសាទ​អកយំ​ត្រូវបាន​រក​ឃើញ​ក្នុង​ទំនប់​បារាយណ៍

សៀមរាប៖ ក្រុម​អ្នកបុរាណ​វិទ្យានៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​រក​ឃើញ​ខឿន​ប្រាសាទអកយំ​​ដែលកប់ក្នុង​ទំនប់​បារាយណ៍​​​ខាង​លិច ក្នុងតំបន់​រមណីយ​ដ្ឋាន​អង្គរ​ ខេត្ត​​សៀម​រាប។

អ្នក​នាំពាក្យអាជ្ញាធរជាតិ​អប្សរា​ លោក​ឡុង កុសល ​បាន​ឲ្យ​ដឹងនៅ​ថ្ងៃពុធនេះ​​ថា ក្រុម​អ្នក​បុរាណ​វិទ្យា នៃ​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា​ ​បាន​ចាប់ផ្តើមធ្វើកំណាយ​ស្រាវ​ជ្រាវប្រាសាទអកយំនៅ​ផ្នែកខាង​​ជើង​ កាលពី​ចុង​ខែមិនា ស្រប​ពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ កំពុង​រៀបចំជួស​ជុល​ខ្នង​ទំនប់​បារាយណ៍ខាង​លិច។​

លោក​បន្តថា ​ក្រុម​អ្នកបុរាណវិទ្យា បាន​បើក​​រណ្តៅ​កំណាយ​ស្រាវ​ជ្រាវចំនួន​ ៨ទីតាំង​ ដើម្បីស្វែង​រក​ខឿន​ទី​​១​នៅ​ផ្នែក​ខាង​ជើង​​របស់​ប្រាសាទ និង​ដើម្បីសិក្សា​ស្វែង​រក​ទំនាក់ទំនងរវាង​ប្រាសាទ និងការតាំងទី​លំនៅ​របស់​មនុស្ស​នៅ​ផ្នែក​ខាង​លិច​នៃប្រាសាទ។

លោក​ថា៖ «ជាលទ្ធផលបឋម ​ក្រុមអ្នកបុរាណ​វិទ្យា​បាន​រកឃើញ​រណ្តៅ​កំណាយ​បុរាណវិទ្យាចំនួន ​៣ ដែល​មាន​សំណល់​​ខឿន​ក្រោម​បង្អស់ ឬ​ខឿន​ទី​១​របស់​ប្រាសាទ​អកយំ ដែលបានលុប​បាត់​ក្នុង​​តួ​ទំនប់បារាយណ៍ កាលពី​គេលើក​បារាយណ៍ទាំងមូល​​កាលពី​អំឡុងសតវត្សទី១១ នៃគ.ស»។


លោកបញ្ជាក់ថា៖ «លទ្ធផលនេះនឹង​រួមចំណែក​យ៉ាង​ធំក្នុងការកំណត់ទីតាំង​ពិត​ប្រាកដ​ ក៏ដូចជាជម្រៅ​របស់​សំណល់​ខឿន​ទី១​របស់ប្រាសាទអកយំផង​ដែរ»។

ប្រធានគម្រោងស្រាវ​ជ្រាវ​​ និងជា​អ្នកដឹកនាំ​កិច្ច​ការ​ស្រាវ​ជ្រាវ​នៅប្រាសាទអក​​យំនៃអាជ្ញាធរជាតិអប្សរា​ លោក ជា សុជាតិ ​បាន​ឲ្យ​ដឹង​ដែរថា ក្រៅពីការរកឃើញខឿនប្រាសាទនោះ ក្រុមអ្នក​បុរាណ​វិទ្យា ក៏បានរកឃើញមានថ្មភ្នំធំៗ​ជា​ច្រើន ដែលតាមការវិភាគ ថ្មទាំង​នោះត្រូវបានអ្នកជំនាន់មុន​ យក​មក​តំរៀបដើម្បីទប់​ជើង​ទេរ​ប្រាសាទ​​ផ្នែក​ខាងជើង​នៃ​ទំនប់​ ដើម្បី​កុំ​ឲ្យ​ដីហូរ​ច្រោះ។

លោកថា៖ «ផ្នែកខាងជើង​នៃ​ប្រាសាទ​អក​​យំពុំធ្លាប់​បានធ្វើ​ការ​ស្រាវ​ជ្រាវ​​បុរាណ​វិទ្យា​ឲ្យ​​បានដិតដល់​ទេ បើទោះជាក្នុង​ចន្លោះ​ឆ្នាំ​១៩៣២ និង​ឆ្នាំ​១៩៣៥ ធ្លាប់មានអ្នកស្រាវ​ជ្រាវ​ជន​ជាតិ​បារាំង បាន​ធ្វើ​ការ​រុក​រក​ខឿន​ទី​១​​របស់​ប្រាសាទ​នេះ​ក៏ដោយ»។

លោក​បន្ថែមថា៖ «បច្ចុប្បន្ន ក្រុម​ការងារ​កំពុងជីករុករក​​បន្ថែម ដោយរំពឹងថានឹង​អាចទៅដល់់បាត​ក្រោមនៃ​ខឿន​ប្រា​សាទ​​​នេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និងកម្រិតទឹក​​ក្នុ​ងបារាយណ៍»។

បើតាមមន្ត្រីអាជ្ញាធរ​ជាតិ​អប្សរា ការ​សិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា​ប្រាសាទ​អកយំ​នេះ បាន​និង​កំពុ​ងធ្វើ​បន្ត ដែលរំពឹង​ថា​នឹង​អាច​បញ្ចប់​នៅពាក់​កណ្តាល​ខែ​ឧសភាខាង​មុខ។

កាល​ពី​ខែ​​មីនា ឆ្នាំ​២០១៦ ក្រុមអ្នកស្រាវ​ជ្រាវ​ជនជាតិ​បារាំង Mafkata ក៏​ធ្លាប់​បាន​ចុះ​ធ្វើ​កំណាយ​នៅ​ប្រាសាទ​អក​យំ​នេះ​ម្តងដែរ​ ដោយរក​ឃើញថា ប្រាសាទ​ដែល​មានទីតាំង​នៅខាង​ត្បូង​បារាយណ៍ខាង​លិច​នោះ មានវ័យ​ចំណាស់​ជាង​គេ ​ដែលមាន​អាយុ​កាល​ប្រមាណ ៦០០​ឆ្នាំ​មក​ហើយ​។

យោងតាមឯកសារ​ប្រវត្តិសាស្រ្ត​ បាន​បញ្ជាក់ថា ប្រាសាទ​អក​យំ កសាង​ឡើង​ក្នុង​សតវត្ស​ទី​៧ និងទី​៩ ក្នុង​រាជ​កាល​ព្រះ​បាទ​ភវវរ្ម័ន​ទី​១។ ប្រាសាទ​នេះ​ជា​ប្រាសាទ​ភ្នំ ធ្វើ​ពីឥដ្ឋ​​ រាងពីរ៉ាមីត​ដ៏ធំ មុនសម័យ​អង្គរ មានទំហំ​ ១០០ម៉ែត្រ ៤ជ្រុង ស្ថិត​ក្នុង​រច​នាបទ​ថ្មព្រៃ​ក្មេង ៕


ប្រភព ៖ khmertimes

Tags: Local news Social news