ភ្នំពេញ៖ បញ្ជីចាត់ចំណាត់ថ្នាក់តំបន់ទេសចរណ៍( Lonely Planet’s Ultimate Travelist 2015) បានចេញផ្សាយកាលពីពេលថ្មីៗនេះថា បរិវេណប្រាសាទអង្គរវត្ត ដែលស្ថិតក្នុងខេត្ត សៀម រាប គឺជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញបំផុត គ្មានគូប្រៀប ក្នុងពិភពលោក។ ប្រាសាទអង្គរវត្តកម្ពុជា ទទួលបានសំឡេងឆ្នោត៣៤ភាគរយ ច្រើនជាងគូប្រកួតប្រជែង ដ៏ប្រកៀកប្រកិតបំផុតបំផុត គឺប្រាសាទ បាក់បែក Machu Picchu របស់ប៉េរូ។
Lonely Planet បានលើកឡើងថា ខ្លួននឹងបោះពុម្ពផ្សាយសៀវភៅបង្ហាញ ពីទីកន្លែងនានា ដែលគោលដៅទាំងនេះ ត្រូវបានចាត់ចំណាត់ថ្នាក់ ដោយអ្នកជំនាញទេសចរណ៍មួយ ក្រុម និងអ្នកសរសេរសៀវភៅល្បីៗ ហើយកន្លែងល្បីៗ កំពូលចំនួន៥០០កន្លែង នឹងមាននៅក្នុងបញ្ជី ដើម្បីឪ្យភ្ញៀវទេសចរគ្រប់រូប បានដឹងនិងបានទៅទស្សនា ក្នុងតំបន់ទាំងនោះ។
សេចក្តីប្រកាសព័ត៌មាននេះ បង្ហាញថា នៅក្នុងតំបន់ដែលសម្បូរដោយប្រាសាទដូចជា តំបន់អាស៊ីអាគ្នេយ៍ ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏អស្ចារ្យ ជាឋានសួគ៌លើផែនដី ប្រាសាទធ្វើអំពីថ្មភក់រាប់ពាន់ និងចម្លាក់ ឆ្លាក់ពីផ្ទៃរាប រហូតដល់ពិដាន ដែលដកស្រង់ចេញ ពីរឿងព្រេងរ៉ាមាយ៉ាណៈ មហាភារតៈនិងប៉ូរណៈ។
ដោយឡែកអាជ្ញាធរអប្សរា ដែលធ្លាប់បានថ្លែងថា ការផ្ទុះឡើងនូវជំងឺ Mers ក្នុងប្រទេសកូរ៉េខាងត្បូង និងការបាត់ដំណឹង យន្តហោះ Air Asia MH370 បានធ្វើឲ្យមានការធ្លាក់ចុះបន្តិចបន្តួចនូវ ចំនួនភ្ញៀវទេសចរ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្មាំមុន។ ការធ្លាក់ចុះប្រាក់ចំណូល និងភ្ញៀវទេសចរបន្តិចបន្តួចនេះក៏ពិតមែន តែនៅខែកក្កដា មានការកើនឡើងភ្ញៀវទេសចរ៥ភាគរយបើធៀបទៅនឹងខែដូចគ្នានេះ ដែលមានភ្ញៀវ ទេសចរប្រហែល១៦០.០០០នាក់មកទស្សនាតំបន់បុរាណអង្គរមួយនេះ ។
លោក ទិត្យ ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍បានមាន ប្រសាសន៍ថា ការឈរនៅលំដាប់ទី១នៅក្នុងបញ្ជី ផ្សេងទៀតនៃការទាក់ទាញភ្ញៀវទេសចរពិភពលោក គឺជា ព័ត៌មានល្អបំផុតសម្រាប់ប្រទេសកម្ពុជា។ ការចុះបញ្ជីកាន់តែច្រើន ធ្វើ ឲ្យប្រទេសកម្ពុជាកាន់តែល្បីឈ្មោះ និងនាំមក នូវភ្ញៀវទេសចរបន្ថែមទៀត។ ក្រសួងបានសហការជាមួយអាជ្ញាធរអប្សរា ដើម្បីធានាសុចរិត ភាពរបស់ប្រាសាទ។ បើទោះជាមានភ្ញៀវទេសចរ កាន់តែច្រើនក៏ដោយ ក៏គ្មានបញ្ហាដែរ។
សូមបញ្ជាក់ថា តំបន់គោលដៅទេសចរណ៍អាស៊ី ស្ថិតក្នុងលំដាប់កំពូលៗមាន៖ មហាកំផែងចិន និងប្រាសាទ Taj Mahal នៅឥណ្ឌាស្ថិតក្នុងលំដាប់ទី៤ និងទី៥ ព្រមទាំងថ្មប៉ប៉្រះទឹក Great Barrier Reef នៅប្រទេសអូស្ត្រាលី និង Machu Picchu នៅប្រទេសប៉េរូ ស្ថិតក្នុងលំដាប់កំពូលទាំង៥៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល